ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំអាជ្ញាធរក្រុងសែនមនោរម្យ ចុះពិនិត្យការស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែ មានបណ្ដាយ៧៥០ម៉ែត្រ ទទឹង៨ម៉ែត្រ និងកម្រាស់១៥សង្ទីម៉ែត្រ ក្នុងភូមិដើមស្រស់ សង្កាត់មនោរម្យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីសម្រួលការចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកស្ទួយហេដ្ឋារចនាសម្ព័ន្ធទីក្រុងឲ្យមានសោភ័ណភាព ជាពិសេស គឺកិច្ចការងារអភិវឌ្ឍន៍សង្គម ។
មានប្រសាសន៍អំឡុងចុះពិនិត្យសកម្មភាពការស្ថាបនាផ្លូវបេតុងមួយខ្សែនេះ ឯកឧត្តមអភិបាលខេត្តបានជម្រុញដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវបេតុងថ្មី សូមចូលរួមកែលម្អដងផ្លូវឲ្យបានល្អស្អាត ត្រូវចូលរួមថែទាំផ្លូវថ្មីប្រើប្រាស់ឲ្យបានយូរអង្វែង និងសូមឲ្យមានការដាក់បង្គោលបំភ្លឺផ្លូវ ប្រភេទសូឡាតាមមុខផ្ទះរៀងៗខ្លួន ដើម្បីបំភ្លឺនៅពេលយប់ ។
ឯកឧត្តម ថង សាវុន មានប្រសាសន៍បន្តថា ខេត្តមណ្ឌលគិរីសម្បូរភ្នំ និងមានភ្លៀងធ្លាក់ច្រើន ដូច្នេះ
ការស្ថាបនាផ្លូវប្រភេទក្រួសក្រហមប្រើប្រាស់មិនបានយូរអង្វែងទេ មានតែប្រភេទផ្លូវកៅស៊ូ និងផ្លូវបេតុងទើបអាចទប់ទល់ជាមួយស្ថានភាពជាក់ស្តែងបាន តែការចំណាយខ្ពស់ ដែលតម្រូវឲ្យមានការគិតគូរយ៉ាងម៉ត់ចត់ពីសំណាក់អាជ្ញាធរ ក្នុងការលើកយកផ្លូវមានអាទិភាពខ្ពស់កសាងមុន និងជាជំហានបន្តបន្ទាប់។
អីុចឹងហើយសម្រាប់ផ្លូវធ្វើដំណើរខ្លះមិនទាន់មានការស្ថាបនាថ្មី សូមបងប្អូនប្រជាពលរដ្ឋយោគយល់ ដល់អាជ្ញាធរ ចំណែកបងប្អូនដែលទទួលបានផ្លូវធ្វើដំណើរល្អស្អាតមុនសូមជួយថែរក្សា។
ជាពិសេស ឯកឧត្តមអភិបាលខេត្តបានផ្តាំដល់អ្នកម៉ៅការត្រូវយកចិត្តទុកដាក់កសាងផ្លូវបេតុងថ្មីឲ្យបានរឹងមាំ ស្របតាមបទដ្ឋានបច្ចេកទេស ចៀសវាងការខូចខាតមុនកំណត់ ដែលនាំឲ្យខាតបង់ថវិការបស់ជាតិ។
លោក អ៊ែម លាងសេង ប្រជាពលរដ្ឋរស់នៅភូមិដើមស្រស់ដែលមានលំនៅឋាន ជាប់បណ្តោយផ្លូវបេតុងថ្មីបានឲ្យដឹងថា តាំងពីគាត់រស់នៅទីនេះជាច្រើនឆ្នាំ រាល់ពេលរដូវភ្លៀងធ្លាក់គឺផ្លូវពិបាកធ្វើដំណើរខ្លាំងណាស់ ព្រោះតែមានសភាពរអិល និងមានអូរជង្ហុកកាត់ទ្រូងផ្លូវជ្រៅៗច្រើនរាប់មិនអស់ ។ ចំណែកនៅរដូវប្រាំងវិញផ្លូវមានស្ថានភាពក្រឡុកច្រើន ហុយខ្លាំងស្ទើរមើលគ្នាមិនឃើញ។
តែនៅពេលនេះលោក និងក្រុមគ្រួសារ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ជួយសម្របសម្រួល ស្ថាបនាផ្លូវបេតុងថ្មីដ៏រលោងស្រិលនិងមានប្រព័ន្ឋប្រឡាយរំដោះទឹកសងខាងផ្លូវយ៉ាងរឹងមាំ សម្រាប់អ្នកភូមិប្រើប្រាស់ ៕
ចែករំលែកព័តមាននេះ