រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ដែលបក្សកាន់អំណាចបានបង្ហាញក្តីរំពឹងថា សម្រាប់ឆ្នាំ២០២៥ នេះ កំណើនសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងប្រមាណជា៦,៣% ។ ការរំពឹងរបស់គណបក្សកាន់អំណាចនេះ ដោយសារសំអាងទៅលើមូលដ្ឋាននៃការរីកចម្រើនលើវិស័យនានារបស់កម្ពុជាកាលពីឆ្នាំ២០២៤។
យោងតាមលទ្ធផលនៃអង្គមហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃ២៦ មករា បានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅក្នុងឆ្នាំ២០២៤ ដែលធានាដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាជននៅក្រោមម្លប់នៃសន្តិភាព ។
ជាមួយគ្នានេះ អង្គសន្និបាតបានសង្កេតឃើញថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍន៍ឥតឈប់ឈរ ដែលបានធានាដល់ការពង្រឹងសន្តិភាពសណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការគោរពនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ។
អង្គសន្និបាតបានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលបានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ និងកត្តាអវិជ្ជមានជាច្រើនទៀត ។
ជាក់ស្តែង ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន៦,០% , អតិផរណាមានអត្រាទាប០,៨% , អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់៤០៧១រៀល ឯទុនបម្រុងអន្តរជាតិបានកើនឡើងដល់២២ ៥១១លានដុល្លារដែលអាចធានាការនាំចូលបានប្រមាណ៧ខែ ក្នុងឆ្នាំ២០២៤ ។ ជាមួយនេះ ស្ថានភាពការងារក៏មានស្ថិរភាព។
អង្គសន្និបាតបានគូសបញ្ជាក់ថា «លើមូលដ្ឋាននេះ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានកើនឡើង២ ៥២០ ដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ប្រមាណ២៧១៣ដុល្លារ ក្នុងឆ្នាំ២០២៤។ លើមូលដ្ឋានការរីកចម្រើនឆ្នាំ២០២៤ ជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវបានរំពឹងថា នឹងបន្តងើបក្នុងអត្រាកំណើន ៦,៣%។ ឆ្លងតាមការ
វិវឌ្ឍនេះ ឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចជាតិកំពុងត្រឡប់មករកស្ថានភាពកំណើនដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩វិញ»។
លទ្ធផលសន្និបាតបានលើកឡើងទៀតថា ជាមួយនឹងការរីកចម្រើនខាងសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានបន្តអនុវត្តយ៉ាងសកម្មនូវ «ក្របខណ្ឌគោល នយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥» រួមទាំងកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ ដែលបានផ្តល់ផលវិជ្ជមានដល់ការរក្សាស្ថិរភាពជីវភាព និងការពង្រឹងសុខុមាលភាពប្រជាជន ការបណ្តុះបណ្តាលមុខជំនាញ និងដោះស្រាយការងារធ្វើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេស ការបង្កើនកិច្ចគាំពារសង្គមដល់ប្រជាជនក្រីក្រ និងងាយរងហានិភ័យ។ បច្ចុប្បន្ន វិសាលភាពនៃការគ្របដណ្តប់របស់ប្រព័ន្ធគាំពារសង្គមបានរីកធំជាងមុន២ដង បើធៀបនឹងឆ្នាំ ២០១៧ ដោយបានគ្របដណ្តប់ពលរដ្ឋជាង៧លាននាក់ ។ ប្រាក់បៀវត្សរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ និវត្តជន និងអតីតយុទ្ធជនត្រូវបានដំឡើងមួយកម្រិតទៀត ។
ព្រមជាមួយនេះ ជីវភាពរបស់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក៏បាន
លើកកម្ពស់ជាលំដាប់តាមរយៈការពង្រឹងលក្ខខណ្ឌការងារ ការពង្រឹងរបប សន្តិសុខសង្គម និងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់២០៨ដុល្លារ ក្នុងមួយខែសម្រាប់ឆ្នាំ២០២៥នេះ បើបូកសរុបទាំងអត្ថប្រយោជន៍ផ្សេងៗទៀត កម្មករនិយោជិតអាចទទួលបានប្រាក់ឈ្នួលចន្លោះពី២២៥ ដល់២៣៦ដុល្លារយ៉ាងតិចក្នុង១ខែ៕
ចែករំលែកព័តមាននេះ