រាជធានីភ្នំពេញ ៖ អង្គសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា (CPP) រយៈពេល២ថ្ងៃបានប្ដេជ្ញាការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិមិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ ។
យោងតាមរយៈសេចក្ដីជូនដំណឹងស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា៖ «អង្គសន្និបាតបានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមនានាទាំងកត្តាខាងក្នុង ទាំងកត្តាខាងក្រៅ ក្នុងដំណើរការកសាង និងការពារមាតុភូមិ ជាពិសេសអង្គសន្និបាតបានពិនិត្យឃើញថា សភាពការណ៍ជាតិនៅតែបន្តជួបការលំបាកជាច្រើនដែលបណ្តាលមកពីទំនាក់ទំនងរវាងតម្រូវការនៃការលើកកម្ពស់ជីវភាពប្រជាជន និងលទ្ធភាពនៃការផ្គត់ផ្គង់របស់សេដ្ឋកិច្ចជាតិនៅមានកម្រិត, ការលំបាកដែលបណ្តាលមកពីសកម្មភាពប្រទូសរ៉ាយឥត ឈប់ឈររបស់ពួកប្រឆាំងជ្រុលនិយម ដែលមានមជ្ឈដ្ឋានអគតិខាងក្រៅមួយចំនួន នៅពីក្រោយប៉ុនប៉ងផ្តួលរំលំគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលដោយស្របច្បាប់ ហើយព្រមជាមួយនេះសភាពការណ៍អន្តរជាតិក៏កាន់តែស្មុគស្មាញឡើងៗ»។
ប្រភពបន្តថា កត្តាទាំងនេះបាន និងកំពុងជះឥទ្ធិពលមកលើដំណើរការអនុវត្តគោលនយោបាយរបស់គណបក្សលើគ្រប់ទិដ្ឋភាពដូចជា បញ្ហាសន្តិភាព និងស្ថិរភាពនយោបាយ, បញ្ហាអធិបតេយ្យជាតិ, បញ្ហាព្រំដែន និងបូរណភាពទឹកដី, បញ្ហាដោះស្រាយជីវភាពប្រជាជនជាដើម ។
អង្គសន្និបាតបានលើកឡើងទៀតថា ផ្អែកលើមូលដ្ឋាននេះ ដើម្បីការពាររាល់សមិទ្ធផល សង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀតសន្និបាតបានដាក់ចេញទិសដៅសំខាន់ៗ នៅក្នុងឆ្នាំ២០២៥ ដូចជា ៖ ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ។
អង្គសន្និបាត បញ្ជាក់បន្ថែមថា «ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិមិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ» ។
ប្រភពបានបន្ថែមថា ក្នុងស្មារតីនេះបន្តលើកកម្ពស់ការអនុវត្តពាក្យស្លោក «អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!» ។
បំផុសស្មារតីប្រជាជនទាំងមូលឱ្យយល់ច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយចូលរួមថែរក្សា និងការពារឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុ ជា ៕
ចែករំលែកព័តមាននេះ