ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សប្រជាជនគាំទ្រវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសន្តិសុខសំដៅធានាដល់ដំណើរការអភិវឌ្ឍកម្ពុជា

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គសន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម សំដៅ​ធានា​ដល់​ដំណើរការ​អភិវឌ្ឍ និង​ការពារ​កិត្តិយស​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ អង្គសន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម សំដៅ​ធានា​ដល់​ដំណើរការ​អភិវឌ្ឍ និង​ការពារ​កិត្តិយស​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ។

យោង​តាម​សេចក្ដីជូនដំណឹង​ស្ដី​ពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា​បានឱ្យ​អង្គសន្និបាត​បាន​ពិនិត្យ និង​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​អំពី​បញ្ហា​ប្រឈម​នានា​ទាំង​កត្តា​ខាងក្នុង ទាំង​កត្តា​ខាងក្រៅ ក្នុង​ដំណើរការ​កសាង និង​ការពារ​មាតុភូមិ ជា​ពិសេស​អង្គសន្និបាត​បាន​ពិនិត្យ​ឃើញ​ថា សភាពការណ៍​ជាតិ​នៅ​តែ​បន្ត​ជួប​ការ​លំបាក​ជា​ច្រើន​ដែល​បណ្តាល​មក​ពី​ទំនាក់ទំនង​រវាង​តម្រូវការ​នៃ​ការ​លើកកម្ពស់​ជីវភាព​ប្រជាជន និង​លទ្ធភាព​នៃ​ការ​ផ្គត់ផ្គង់​របស់​សេដ្ឋកិច្ចជាតិ នៅ​មាន​កម្រិត​, ការ​លំបាក​ដែល​បណ្តាល​មក​ពី​សកម្មភាព​ប្រទូសរ៉ាយ​ឥត​ឈប់​ឈរ​របស់​ពួក​ប្រឆាំង​ជ្រុលនិយម​ដែល​មាន​មជ្ឈដ្ឋាន​អគតិ​ខាងក្រៅ​មួយ​ចំនួន នៅ​ពីក្រោយ​ប៉ុនប៉ង​ផ្តួលរំលំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​ដោយ​ស្របច្បាប់ ហើយ​ព្រម​ជាមួយ​នេះ​សភាពការណ៍​អន្តរជាតិ​ក៏​កាន់តែ​ស្មុគស្មាញ​ឡើង​ៗ ។

កត្តា​ទាំងនេះ បាន និង​កំពុង​ជះ​ឥទ្ធិពល​មក​លើ​ដំណើរការ​អនុវត្ត​គោលនយោបាយ​របស់​គណបក្ស​លើ​គ្រប់​ទិដ្ឋភាព​ដូច​ជា បញ្ហា​សន្តិភាព និង​ស្ថិរភាព​នយោបាយ​, បញ្ហា​អធិបតេយ្យ​ជាតិ​, បញ្ហា​ព្រំដែន និង​បូរណភាព​ទឹកដី​, បញ្ហា​ដោះស្រាយ​ជីវភាព​ប្រជាជន​ជាដើម ។

លើ​មូលដ្ឋាន​នេះ ដើម្បី​ការពារ​រាល់​សមិទ្ធផល សង្គម​ជាតិ និង​សម្រេច​នូវ​សមិទ្ធផល​ធំ​ៗ​ថ្មី​ៗ​ទៀត​សន្និបាត​បាន​ដាក់​ចេញ​ទិស​ដៅ​សំខាន់​ៗ​នៅ​ក្នុង​ឆ្នាំ​២០២៥ គឺ ៖ ទី​១-​ពង្រឹង​ធ្លុង​មហា​សាមគ្គី​ជាតិ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​បាវចនា​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​យ៉ាង​រឹង​មាំ​នូវ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ។ ទី​២-​ការពារ​ដាច់ខាត​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ជាតិ មិន​ឱ្យ​កម្លាំង​អមិត្ត​ណា ឬ​ក្រុម​ជ្រុលនិយម​ណា​មក​បង្ក​កលិយុគ​បំផ្លាញ​ការ​អភិវឌ្ឍ និង​សេចក្តីសុខ​របស់​ប្រជាជន​កម្ពុជា​បាន​ឡើយ ។

ទី​៣- គាំទ្រ​ពេញទំហឹង​ដល់​ការ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ដើម្បី​ធានា​ការ​អនុវត្ត​ដោយ​ជោគជ័យ​នូវ​កម្មវិធី នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​ទី​១ ដើម្បី​កំណើន​ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដែល​មានការ​កែទម្រង់ និង​ការ​ពង្រឹង​អភិបាលកិច្ច​ជា​ស្នូល និង​មាន​អាទិភាព​គន្លឹះ ៥ គឺ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​» សំដៅ​ជំរុញ​សន្ទុះ​កំណើនសេដ្ឋកិច្ច ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ប្រែ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​កសាង​មូលដ្ឋាន​ឈាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ ២០៥០ ប្រែ​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ។

ព្រម​ជាមួយ​នោះ សន្និបាត​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម សំដៅ​ធានា​ដំណើរការ​អភិវឌ្ឍ និង​ការពារ​កិត្តិយស​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ។ ទី​៤-​បន្ត​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​តាម​គន្លង​នីតិរដ្ឋ បង្កើន​ការ អប់រំ និង​ការ​អនុវត្ត​ច្បាប់ ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ី​វិល និង​មជ្ឈដ្ឋាន​ចម្រើន​ជឿនលឿន​ទាំងអស់ ដើម្បី​ការពារ​សន្តិភាព ជំរុញ​ការ​អភិវឌ្ឍ​ជាតិ និង​ពង្រឹង​សុខដុម​នី​យ​កម្ម​សង្គម ។

ទី​៥-​រក្សា​ស្ថិរភាព​ក្នុង​ការ​រស់នៅ និង​សុខុមាលភាព​របស់​ប្រជាជន​គ្រប់​រូប​តាម​រយៈ​ការ​ថែទាំ​សុខភាព ការ​បង្កើន ការងារ​ធ្វើ ការ​ពង្រីក​មុខរបរ​ចិញ្ចឹមជីវិត ការ​បណ្តុះបណ្តាល​មុខ​ជំនាញ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ដោះស្រាយ​ថ្លៃ​កសិផល ការ​ពង្រឹង​សុវត្ថិភាព​ភូមិ ឃុំ សង្កាត់ និង​ជា​ពិសេស​ការ​ពង្រឹង​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​ឱ្យ​កាន់តែ​មាន​វិសាលភាព ប្រសិទ្ធភាព និង​ធានា​ចីរភាព​ខាង​ហិរញ្ញវត្ថុ ដោយ​ត្រូវ​យកចិត្តទុកដាក់​ជំរុញ​ការ អនុវត្ត​កម្មវិធី​គោលនយោបាយ​ជា​អាទិភាព​ទាំង​៦ និង​វិធានការ​គន្លឹះ​ទាំង​៥ ព្រមទាំង​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨ របស់​រាជរដ្ឋាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ