ទីក្រុងយេរូសាឡឹម៖ ជនស៊ីវិលប៉ាឡេស្ទីនរាប់ពាន់នាក់ចាប់ផ្ដើមធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញហើយស្របតាមកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ អ៊ីស្រាអែលបានបើកច្រកផ្លូវសំខាន់ៗដើម្បីងាយស្រួលធ្វើដំណើរបន្ទាប់ពីក្រុមហាម៉ាស់យល់ព្រមដោះលែងចំណាប់ខ្មាំងឈ្មោះអាបែល យេហ៊ូត (Arbel Yehud) និងចំណាប់ខ្មាំង២នាក់ទៀត។
នៅលើកញ្ចក់ទូរទស្សន៍ គេឃើញថាហ្វូងមនុស្សសម្រុកធ្វើដំណើរដោយមិនខ្លាចនឿយហត់ទេដោយសេចក្ដីសង្ឃឹមថាពីពេលនេះតទៅសន្តិភាពនឹងកើតមានសម្រាប់ជីវិតរបស់ពួកគេឡើងវិញហើយ។ សាក្សីនិយាយថាជនស៊ីវិលប៉ាឡេស្ទីនជុំទីមួយបានធ្វើដំណើរទៅដល់ទីក្រុងហ្កាហ្សាស៊ីធី (Gaza City) តាំងពីព្រឹកថ្ងៃចន្ទបន្ទាប់ពីអ៊ីស្រាអែលបើកច្រកផ្លូវនៅម៉ោង៧ព្រឹក។
គេរំពឹងថាច្រកផ្សេងទៀតនឹងចាប់ផ្ដើមបើកទ្វារនៅម៉ោង៩ព្រឹក។ អ្នកខ្លះមិនទាន់បានរៀបចំខ្លួនស្រួលបួលដើម្បីវិលត្រឡប់ទៅវិញទេ ហើយត្រូវបន្តស្នាក់នៅក្នុងទីជម្រកបណ្ដោះអាសន្ន។ គ្រាន់តែឮដំណឹងនេះភ្លាម ពួកគេមានចិត្តសប្បាយរីករាយ និងស្រែកហ៊ោរកញ្ជ្រៀវយ៉ាងកងរំពង។ អ្នកខ្លះប្រាប់ថានៅពេលសប្បាយរីករាយខ្លាំងពេក ពួកគេដេកមិនលក់ទាល់តែសោះពេញមួយយប់។ ពួកគេរៀបចំឥវ៉ាន់រួចរាល់អស់ហើយ ហើយត្រៀមចាកចេញដំណើរនៅក្នុងពេលឆាប់ៗនេះ។
បើតាមលក្ខខណ្ឌនៃបទឈប់បាញ់ ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាខាងជើងត្រូវវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញតាំងពីចុងសប្ដាហ៍មុនមកម៉្លេះ។ ប៉ុន្តែអ៊ីស្រាអែលថ្លែងថាខ្លួនមិនទាន់បើកច្រកចេញចូលនេះទេដោយសារក្រុមហាម៉ាស់ធ្វើខុសលក្ខខណ្ឌ។ ពួកគេមិនទាន់យល់ព្រមដោះលែងចំណាប់ខ្មាំងឈ្មោះយេហ៊ូត (Yehud)។ ក្រោយមក ប្រទេសកាតាចេញមុខសម្រុះសម្រួលគ្នាទាំងយប់ថ្ងៃអាទិត្យដើម្បីឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំងបីនាក់នោះមុនថ្ងៃសុក្រសប្ដាហ៍នេះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកណឺតាន់យ៉ាហ៊ូ បញ្ជាក់ថាចំណាប់ខ្មាំងឈ្មោះយេហ៊ូត និង២នាក់ទៀតនឹងត្រូវដោះលែង។ ខុទ្ទកាល័យរបស់លោកបញ្ជាក់បន្ថែមថាលោកមិនអាចអនុគ្រោះជាដាច់ខាតបើសិនភាគីម្ខាងទៀតហ៊ានធ្វើខុសពីលក្ខខណ្ឌនៃបទឈប់បាញ់។ យើងត្រូវតែធ្វើយ៉ាងណានាំយកចំណាប់ខ្មាំងទាំងអស់ត្រឡប់មកវិញទោះបីពួកគេស្លាប់ ឬរស់ក៏ដោយ។
យោងតាមកិច្ចព្រមព្រៀងដែលសម្រុះសម្រួលដោយប្រទេសកាតា និងអេហ្ស៊ីប ជនស៊ីវិលប៉ាឡេស្ទីនជាង៦៥ម៉ឺននាក់នៅតំបន់ជ្រោយហ្កាហ្សាភាគកណ្ដាល និងភាគខាងត្បូងអាចមានឱកាសវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ អ្នកទាំងនោះភាគច្រើនបានភៀសខ្លួនពីសង្គ្រាម និងរស់នៅរសាត់អណ្ដែតរយៈពេល១៥ខែមកហើយ។ ទម្រាំអាចរកឃើញពន្លឺសន្តិភាព ក្រុមប៉ាឡេស្ទីនត្រូវពលីជីវិតជាង៤៧០០០នាក់៕
ចែករំលែកព័តមាននេះ