រាជធានីភ្នំពេញ ៖ ផ្ទះជួលមួយកន្លែង ស្ថិតនៅតាមផ្លូវលេខ ១៥៦Z ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះ បណ្ដាលឱ្យបន្ទប់ជួល១បន្ទប់ រងការខូចខាតរួមនឹងសម្ភារៈមួយចំនួនទៀត ខណៈពេលដែលម្ចាស់ដុតធូបសែនចូលឆ្នាំចិនទុកចោល ។
អគ្គិភ័យនេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ចំថ្ងៃសែនចូលឆ្នាំចិន ។ ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះឈ្មោះ ឃឹម សារិត ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរជាគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ៣០០ កន្លែងកើតហេតុខាងលើ ។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ដែលជាថ្ងៃសែនចូលឆ្នាំចិនម្ចាស់បន្ទប់បានដុតធូបសែន រួចក៏ចាកចេញទៅក្រៅផ្ទះស្រាប់តែភ្លើងបានឆាប់ឆេះផ្សែងហុយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ ។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះជាផ្ទះជួលធ្វើពីបេតុងមានទំហំ១២ម៉ែត្រ គុណ១២ម៉ែត្រ ។ នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញ នៅវេលាម៉ោង១១និង៣០ នាទីថ្ងៃដដែល ។
អគ្គិភ័យនេះ បណ្ដាលឱ្យខូចខាតសម្ភារៈក្នុងបន្ទប់ជួលទំហំ០៤ម៉ែត្រ គុណ០៤ម៉ែត្រ រងការខូចខាតអស់ទាំងស្រុង ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។ តាមនគរបាលឲ្យដឹងទៀតថា អគ្គិភ័យនេះបណ្ដាលមកពីដុតទៀនធូបសែនចូលឆ្នាំចិនទុកចោល ៕
ចែករំលែកព័តមាននេះ