ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជម្លៀស​ខ្លួន​ដោយ​សុវត្ថិ​ភាព​ក្រោយ​ឆេះ​យន្ត​ហោះ​កូរ៉េ​ខាង​ត្បូង

1 ថ្ងៃ មុន

ទី​ក្រុង​សេអ៊ូល៖​ កូរ៉េ​ខាង​ត្បូង​ទើប​តែ​រង​គ្រោះ​ពី​សោក​នាដ​កម្ម​ឆេះ​យន្ត​ហោះ​ស្លាប់​មនុស្ស​ជិត​២០០​នាក់​មិន​បាន​ប៉ុន្មាន​ផង​​ថ្មី​ៗ​នេះ​ប៊ិះ​តែ​នឹង​បង់​សង្ខារ​​មនុស្ស​ជា​ច្រើន​រយ​នាក់​ទៀត​​ដោយ​សារ​ហេតុ​ការណ៍​ពាក់​ព័ន្ធ​នឹង​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​។ យន្ត​ហោះ​ម៉ាក​អ៊ែ​បឺស (Airbus) របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ែរ​ពូសាន (Air Busan) ​​នៅ​​​សុខ​ៗ​ស្រាប់​តែ​ឆេះ​នៅ​ក្នុង​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​មួយ​រំពេច​​​​នៅ​ពេល​​កំពុង​រត់​នៅ​លើ​ដង​ផ្លូវ​​នៃ​​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ហ្គីម​ហេ ​​(Gimhae) ដើម្បី​ត្រៀម​ចេញ​ដំណើរ​ទៅ​ទី​ក្រុង​ហុង​កុង​​។…

ទី​ក្រុង​សេអ៊ូល៖​ កូរ៉េ​ខាង​ត្បូង​ទើប​តែ​រង​គ្រោះ​ពី​សោក​នាដ​កម្ម​ឆេះ​យន្ត​ហោះ​ស្លាប់​មនុស្ស​ជិត​២០០​នាក់​មិន​បាន​ប៉ុន្មាន​ផង​​ថ្មី​ៗ​នេះ​ប៊ិះ​តែ​នឹង​បង់​សង្ខារ​​មនុស្ស​ជា​ច្រើន​រយ​នាក់​ទៀត​​ដោយ​សារ​ហេតុ​ការណ៍​ពាក់​ព័ន្ធ​នឹង​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​។ យន្ត​ហោះ​ម៉ាក​អ៊ែ​បឺស (Airbus) របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ែរ​ពូសាន (Air Busan) ​​នៅ​​​សុខ​ៗ​ស្រាប់​តែ​ឆេះ​នៅ​ក្នុង​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​មួយ​រំពេច​​​​នៅ​ពេល​​កំពុង​រត់​នៅ​លើ​ដង​ផ្លូវ​​នៃ​​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ហ្គីម​ហេ ​​(Gimhae) ដើម្បី​ត្រៀម​ចេញ​ដំណើរ​ទៅ​ទី​ក្រុង​ហុង​កុង​​។

សាក្សី​និយាយ​ថា​​យន្ត​ហោះ​​​រៀប​ចាក​ចេញ​ដំណើរ​ពី​ព្រលាន​យន្ត​ហោះ​សំដៅ​ទៅ​ទី​ក្រុង​ហុង​កុង​។ ទោះ​ជា​យ៉ាង​ណា​ក្ដី នៅ​ពេល​កើត​មាន​ហេតុ​ការណ៍​ឆេះ​នោះ​ភ្លាម អ្នក​ដំណើរ​ និង​បុគ្គលិក​របស់​ក្រុម​ហ៊ុន​សរុប​១៦៩​នាក់​អាច​ជម្លៀស​ខ្លួន​ចុះ​ពី​លើ​យន្ត​ហោះ​ព្រឹប​ៗ​ទាន់​ពេល​វេលា​​។ នៅ​ក្នុង​ចំណោម​នោះ​គ្មាន​បញ្ហា​អ្វី​ធ្ងន់​ធ្ងរ​ទេ មាន​តែ​បី​នាក់​ប៉ុណ្ណោះ​ដែល​រង​របួស​ស្រាល​​​។

​នៅ​ពេល​កើត​មាន​ព្រឹត្តិ​ការណ៍នេះ​ធ្វើ​ឱ្យ​គេ​នឹក​ឃើញ​ទៅ​ដល់​ករណី​ឆេះ​យន្ត​ហោះ​របស់​ជប៉ុន​កាល​ពី​ដើម​ឆ្នាំ​២០២៤​​។ កាល​នោះ ទោះ​បី​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ហ៊ុម​ព័ទ្ធ​ជុំជិត​​​យន្ត​ហោះ​យ៉ាង​ណា​ក្ដី រាល់​អ្នក​ដំណើរ និង​បុគ្គ​លិក​ក្រុម​ហ៊ុន​អាច​ចុះ​ពី​លើ​យន្ត​ហោះ​ដោយ​សុវត្ថិ​ភាព​គ្រប់​ៗ​គ្នា​។​ ហេតុ​នេះ​គេ​អាច​និយាយ​បាន​ថា​សុខ​ចិត្ត​ឆេះ​យន្ត​ហោះ​ កុំ​ឱ្យ​តែ​ផ្ទុះ​យន្ត​ហោះ​ទើប​ជា​ករណី​គ្រោះ​​ថ្នាក់​ដល់​អាយុ​ជីវិត​។

​នៅ​ក្នុង​ករណី​ឆេះ​យន្ត​ហោះ​កូរ៉េ​ខាង​ត្បូង​នេះ​ ទី​ភ្នាក់​ងារ​ព័ត៌​មាន​យុន​ហាប់​ចុះ​ផ្សាយ​ថា​ភ្លើង​ចាប់​ផ្ដើម​ឆេះ​ដំបូង​ចេញ​ពី​ក្នុង​​កន្ទុយ​យន្ត​ហោះ​។ ​តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​​​បង្ហោះ​​​នៅ​​លើ​បណ្ដាញ​សង្គម គេ​ឃើញ​ថា​មនុស្ស​នៅ​ក្នុង​យន្ត​ហោះ​ចាប់​ផ្ដើម​ចុះ​តាម​បន្ទះ​ក្ដារ​ដែល​គេ​ដាក់​តម្រៀប​នៅ​ចំហៀង​​យន្ត​ហោះ​។ ចំណែក​ក្រុម​ការ​ងារ​សង្គ្រោះ​បន្ទាន់​ក៏​ចុះ​ធ្វើ​អន្តរាគមន៍​ និង​បាញ់​ទឹក​ពន្លត់​ភ្លើង​យ៉ាង​ដុត​ដៃ​ដុត​ជើង​។

​ហេតុ​ការណ៍​នេះ​កើត​ឡើង​១​ខែ​​បន្ទាប់​ពី​​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជេ​ជូអ៊ែ (Jeju Air) ដែល​ចាក​ចេញ​ដំណើរ​ពី​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ សំដៅ​ទៅ​អាកាស​យាន​ដ្ឋាន​មូ​អាន​ (Muan) ប្រទេស​កូរ៉េ​ខាង​ត្បូង ​នៅ​ពេល​ចុះ​ដល់​ដី​ហើយ​ ប៉ុន្តែ​មិន​បាន​ទម្លាក់​កង់​ទេ ហើយ​នៅ​តែ​បន្ត​រត់​យ៉ាង​ពេញ​ទំហឹង​​នៅ​លើ​ផ្លូវ​រហូត​ដល់​បុក​ជញ្ជាំង​ព្រលាន​យន្ត​ហោះ​ផ្ទុះ​ឆេះ​នៅ​ក្នុង​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​។ នៅ​ក្នុង​ចំណោម​អ្នក​ដំណើរ​ និង​បុគ្គលិក​របស់​ក្រុម​ហ៊ុន​សរុប​១៨១​នាក់​នៅ​រស់​តែ​២​​នាក់​ប៉ុណ្ណោះ​។​

ក្រោយ​ហេតុ​ការណ៍​នៅ​ពូសាន​នោះ ក្រុម​ហ៊ុន​អ៊ែបឺស​ប្រកាស​ថា​ខ្លួន​បាន​ទទួល​ដំណឹង​នេះ​រួច​ហើយ​ ហើយ​​កំពុង​ទាក់​ទង​ទៅ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ែ​ពូសាន​។ ចំណែក​​ក្រុម​ហ៊ុន​អ៊ែពូសាន​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​អ្នក​សារ​ព័ត៌​មាន​ដែល​ផ្ញើ​សារ​ដើម្បី​ស្នើ​សុំ​ការ​ធ្វើ​អត្ថា​ធិប្បាយ​ទេ​​។ យន្ត​ហោះ​ដែល​កើត​មាន​ហេតុ​ការណ៍​ឆេះ​នោះ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​រយៈ​ពេល​១៧​ឆ្នាំ​ហើយ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ