ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ខណៈដែលក្រុមជនសង្ស័យធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូជនរងគ្រោះ បានសម្រេច ហើយរត់គេចខ្លួន ។ ការឃាត់ខ្លួនក្រុមជនសង្ស័យជាចោរប្លន់នេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំណុចដីឡូត៍ឡេងណាវ៉ាត់ត្រា ស្ថិតនៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ មានករណីស្ទាក់វាយជនរងគ្រោះយកម៉ូតូ១គ្រឿងម៉ាក ហុងដាC125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1W-5580 ជាកម្មសិទ្ធិរបស់ជនរងគ្រោះមានគ្នាចំនួន២នាក់៖ ទី១-ឈ្មោះ ក្រិត ធីម ភេទប្រុស អាយុ១៩ឆ្នាំ និងទី២-ឈ្មោះ ក្រិត ធី ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង២នាក់ រស់នៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
នគរបាលបានបន្តថា ក្រោយកើតហេតុ នៅវេលាម៉ោង០៣ និង១០នាទីរសៀលថ្ងៃទី២៩ ខែមករា នេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ជួបជនរងគ្រោះសាកសួរព័ត៌មានខាងលើ ក៏ស្រាវជ្រាវឃាត់មុខសញ្ញាម្នាក់ក្នុងចំណោម១០នាក់ ដែលយកម៉ូតូជនរងគ្រោះទៅប្លុងចោលនៅផ្លូវលំខាងត្បូងបុរីTLLស្ថិតនៅភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ក្រោយឃាត់ខ្លួន នគរបាលបានដកហូតម៉ូតូចំនួន០៦គ្រឿង ម៉ូតូជនរងគ្រោះ០១គ្រឿងនិងទូរស័ព្ទដៃចំនួន០៤គ្រឿង: ១.ម៉ូតូហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1W-5580 (ម៉ូតូជនរងគ្រោះ)។
នគរបាលបានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ក្រុមបក្ខពួកខាងលើបានឆ្លើយថា ពួកគេបានយកម៉ូតូរបស់ជនរងគ្រោះទៅប្លុងចោលនៅចំណុចខាងលើ ដោយធ្វើសកម្មភាពវាយកម្ទេចផ្លាកលេខ និងសម្ភារម៉ូតូ។ តាមការពិនិត្យនៅក្នុងបន្ទប់ផ្ទះបុរីឃើញមាន ៖ កាបាំងម៉ូតូ កញ្ចក់ម៉ូតូ កាងម៉ូតូ កូនសោ ញញួរ ដំបងឈើ និងសម្ភារសម្រាប់ធ្វើសកម្មភាពមួយចំនួនទៀត។
បច្ចុប្បន្ន ក្រុមជនសង្ស័យរួមជាមួយវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ