ទីក្រុងម៉ូស្គូ៖ រុស្ស៊ីថ្ងៃនេះបាននិយាយរិះគន់យ៉ាងចាស់ដៃចំពោះសំណើនៃបទឈប់បាញ់រយៈពេល៣០ថ្ងៃ។ ដូចជម្រាបជូនពីមុននេះអីចឹងថាគឺថានៅពេលកំពុងមានប្រៀបនៅលើសមរភូមិយោធា រុស្ស៊ីមានចរិតក្រអឺតក្រទមបន្តិចហើយ ហើយក៏ប្រើសម្ដីរាងថ្លោសបន្តិចដែរ។ ការច្រានចោលសំណើនេះធ្វើឡើងបន្ទាប់ពីលោកពូទីនទើបតែចុះពិនិត្យមើលសភាពការណ៍នៅតំបន់ខឺសដែលអ៊ុយក្រែនវាយឆ្មក់កាលពីខែសីហា ឆ្នាំ២០២៤ និងដែលកងទ័ពរុស្ស៊ីវាយយកមកវិញជិតបានទាំងស្រុង។

ជំនួយការកំពូលរបស់លោកពូទីនទទួលបន្ទុកខាងកិច្ចការបរទេសថ្លែងថាលោកបានប្រាប់ទីក្រុងវ៉ាស៊ីនតោនរួចហើយថាបទឈប់បាញ់រយៈពេល៣០ថ្ងៃដែលស្នើឡើងដោយអាមេរិកនោះនឹងក្លាយជាឱកាសល្អសម្រាប់អ៊ុយក្រែនពង្រឹងកម្លាំងយោធារបស់ខ្លួនតែប៉ុណ្ណោះ។ នៅពេលរុស្ស៊ីសមុ្រកវាយប្រហារឥតឈប់ឈរទៅលើអ៊ុយក្រែន និងនៅពេលលោកត្រាំពន្លឿនការចរចាគ្នា វាជាសញ្ញាបង្ហាញថាអ៊ុយក្រែនហាក់ដូចជាទន់ដៃទន់ជើងមែនទែន។ គេបារម្ភថាអ៊ុយក្រែនអាចនឹងចាញ់សង្គ្រាម។

ចំណែកខាងភាគីរុស្ស៊ីវិញហាក់ដូចជាមិនសូវជាប្រញាប់ប្រញាល់ក្នុងការចរចាពេកទេបើសិនគេមិនធ្វើតាមលក្ខខណ្ឌរបស់ខ្លួន។ នៅល្ងាចថ្ងៃព្រហស្បតិ៍ លោកស្ទីវវីតខូសដែលជាទីប្រឹក្សារបស់លោកត្រាំបានធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូដើម្បីជួបគ្នាផ្ទាល់ជាមួយលោកពូទីន។ មន្ត្រីរដ្ឋាភិបាលរុស្ស៊ីថ្លែងថាទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកម៉ាយវ៉ាល់ (Mike Waltz) ទើបតែបញ្ជូនសេចក្ដីលម្អិតពាក់ព័ន្ធនឹងស្មារតីនៃបទឈប់បាញ់រយៈពេល៣០ថ្ងៃ។ រុស្ស៊ីក៏កំពុងពិនិត្យមើលសំណើនេះផងដែរ។
លោកត្រាំថ្លែងនៅសេតវិមាន និងសង្ឃឹមថារុស្ស៊ីនឹងឯកភាពទៅលើសំណើនៃបទឈប់បាញ់។ អ៊ុយក្រែនប្រកាសត្រៀមខ្លួនរួចហើយថានឹងទទួលយកទាំងស្រុង។ សំខាន់ឱ្យតែទីក្រុងម៉ូស្គូទទួលយកដែរ។ ទន្ទឹមនឹងការប្រើធម៌ត្រជាក់អំពាវនាវឱ្យរុស្ស៊ីទទួលយកបទឈប់បាញ់ លោកត្រាំក៏ឆ្លៀតព្រមានប្រើធម៌ក្ដៅ និងត្រៀមដាក់ទណ្ឌកម្មរុស្ស៊ីផងដែរបើពួកគេឆ្លើយថាទេ។

លោកយូរី អ៊ូសាកោស (Yuri Ushakov) ជាអតីតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន និងជាអ្នកនិយាយផ្ទាល់ជាមួយលោកពូទីនពាក់ព័ន្ធនឹងនយោបាយការបរទេស។ លោកបាននិយាយជាមួយលោកម៉ាយវ៉ាល់រួចហើយដើម្បីបង្ហាញជំហររបស់រុស្ស៊ីចំពោះបទឈប់បាញ់។ លោកប្រាប់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកថាបទឈប់បាញ់នេះគ្មានប្រយោជន៍ទេក្រៅពីការផ្ដល់ផលចំណេញសម្រាប់កងទ័ពអ៊ុយក្រែន។

លោកថាគោលដៅរបស់យើងគឺការបង្កើតកិច្ចព្រមព្រៀងសន្តិភាពរយៈពេលយូរអង្វែង។ កិច្ចព្រមព្រៀងនេះត្រូវតែគិតទៅដល់ផលប្រយោជន៍ជាតិ និងអ្វីដែលជាក្ដីកង្វល់របស់យើង។ ចំពោះសំណួរថាតើរុស្ស៊ីសម្រេចចិត្តមិនទទួលយកសំណើនេះឬយ៉ាងណា? លោកអ៊ូសាកោសថ្លែងថាលោកទុកលទ្ធភាពនេះជូនលោកពូទីនជាអ្នកបកស្រាយប្រាប់អ្នកសារព័ត៌មាននៅយប់នេះទៅចុះ។

ការដែលទីក្រុងម៉ូស្គូព្រងើយកន្តើយចំពោះសំណើនៃបទឈប់បាញ់ជាសារនយោបាយប្រាប់ថាដរាបណារុស្ស៊ីកំពុងមានប្រៀបខ្លាំងនៅលើសមរភូមិយោធាដូចសព្វថ្ងៃនេះ ពួកគេមិនអាចបន្ទន់ឥរិយាបថ ឬបន្ធូរដៃជាដាច់ខាតនៅលើសមរភូមិការទូត និងនយោបាយ។ ការកាន់កាប់ទឹកដីអ៊ុយក្រែនជាង២០% និងការវាយបណ្ដេញកងទ័ពអ៊ុយក្រែនឱ្យអស់ពីតំបន់ខឺសគឺជាការមានប្រៀបយ៉ាងខ្លាំង និងជាសន្លឹកបៀរអាត់ដែលរុស្ស៊ីកំពុងកាន់នៅក្នុងដៃ។

សូម្បីតែលោកត្រាំក៏ទទួលស្គាល់ថារុស្ស៊ីមានសន្លឹកបៀរល្អៗនៅក្នុងដៃ។ ចំណែកអ៊ុយក្រែនត្រូវលោកត្រាំនិយាយនៅនឹងមុខលោកហ្សេឡិនស្គីនៅសេតវិមានតែម្ដងថា «ប្រទេសរបស់លោកគ្មានសន្លឹកបៀរល្អសម្រាប់លេងជាមួយភាគីម្ខាងទៀតទេ»។ ថ្មីៗនេះរដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងថាលោកកំពុងរង់ចាំស្ដាប់ចម្លើយរបស់រុស្ស៊ី។ បើពួកគេទទួលយក មានន័យថាយើងអាចចាប់ផ្ដើមចរចាគ្នាដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិភាព។ បើពួកគេឆ្លើយថាទេ វានឹងក្លាយជារឿងដ៏គួរឱ្យសោកស្ដាយ។

ឥឡូវនេះ បន្ទាប់ពីមានសញ្ញាថារុស្ស៊ីអាចនឹងច្រានចោលបទឈប់បាញ់ គេមិនទាន់ដឹងថាតើអាមេរិកនឹងមានប្រតិកម្ម ឬវិធានការបែបណាទៀតទេ។ ជាពិសេស គេចង់ដឹងប្រតិកម្មរបស់លោកត្រាំ។ នៅក្នុងកិច្ចជំនួបជាមួយនាយករដ្ឋមន្ត្រីអៀកឡង់កាលពីយប់មិញ លោកត្រាំព្រមានថាបើរុស្ស៊ីច្រានចោលសំណើនេះ លោកនឹងដាក់ទណ្ឌកម្មទៅលើវិស័យហិរញ្ញវត្ថុរុស្ស៊ី។ លោកថាទណ្ឌកម្មនេះនឹងធ្វើឱ្យរុស្ស៊ីរងគ្រោះយ៉ាងដំណំ។ ប៉ុន្តែលោកមិនចង់ឃើញសេណារីយោនេះទេ។ លោកចង់ឃើញសន្តិភាព។ ខាងលើនេះជាផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ