ទីក្រុងម៉ូស្គូ៖ ថ្មីៗនេះ រុស្ស៊ីបានបង្ហាញទៅគណៈប្រតិភូអាមេរិកនូវលក្ខខណ្ឌមួយចំនួនដែលខ្លួនយល់ថាជារឿងចាំបាច់បំផុតមុននឹងឈានដល់និយាយអំពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន។ ការទាមទារនេះធ្វើឡើងបន្ទាប់ពីអ៊ុយក្រែន និងអាមេរិកទើបតែបិទបញ្ចប់ការជួបគ្នាទ្វេភាគីនៅអារ៉ាប៊ីសាអូឌីត ហើយបានដាក់សំណើនៃបទឈប់បាញ់រយៈពេល៣០ថ្ងៃទៅឱ្យរុស្ស៊ីពិចារណា។ អាមេរិក អ៊ុយក្រែន និងអង់គ្លេសយល់ថាគ្រាប់បាល់កំពុងស្ថិតនៅក្នុងដៃរបស់រុស្ស៊ី។
ដូច្នេះ រុស្ស៊ីជាអ្នកសម្រេចថាត្រូវទទួលយកសំណើនោះឬយ៉ាងណា។ រដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងថាបើពួកគេ (រុស្ស៊ី) ឆ្លើយថាព្រមទទួលយកសំណើនេះ មានន័យថាភាគីទាំង២អាចចាប់ផ្ដើមចរចាគ្នាដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព។ ផ្ទុយទៅវិញ បើពួកគេមិនទទួលយកទេ វានឹងក្លាយជារឿងដ៏គួរឱ្យសោកស្ដាយ ហើយពិភពលោកអាចមើលឃើញទាំងអស់គ្នាថានរណាចង់បានសន្តិភាព និងនរណាចង់បន្តសង្គ្រាម។ ខាងលើនេះជាការនិយាយបន្ថែមរបស់លោកហ្សេឡិនស្គី។
ឥឡូវនេះ មានផ្លូវច្រើនណាស់សម្រាប់ដើរ។ បើរុស្ស៊ីមិនទាន់ចង់ទទួលយកបទឈប់បាញ់ភ្លាមៗទេ អ៊ុយក្រែនអាចបន្តធ្វើសង្គ្រាមបានព្រោះលោកត្រាំសម្រេចចិត្តផ្ដល់ជំនួយ និងព័ត៌មានសម្ងាត់ឡើងវិញ។ ប៉ុន្តែនេះមិនមែនជាអ្វីដែលត្រាំចង់បានទេ។ ត្រាំចង់បញ្ចប់សង្គ្រាមឱ្យបានឆាប់ដើម្បីងាកទៅគិតគូរអំពីបញ្ហាអ្វីផ្សេង។ ត្រាំព្រមានថាបើរុស្ស៊ីមិនទទួលយកបទឈប់បាញ់ទេ លោកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ីឱ្យបានខ្លាំងក្លា។ ប៉ុន្តែលោកមិនចង់បានសេណារីយោនេះទាល់តែសោះ។

ប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះបង្ហើបឱ្យដឹងថាលក្ខខណ្ឌដែលរុស្ស៊ីទាមទារនោះថ្វីដ្បិតគេមិនបានដឹងលម្អិតថាមានអ្វីខ្លះទេ ប៉ុន្តែជាលក្ខខណ្ឌដែលភ្ជាប់បញ្ហាអ៊ុយក្រែន ហើយនិងបញ្ហាទំនាក់ទំនងរវាងម៉ូស្គូ និងវ៉ាស៊ីនតោន។ ការបង្ហាញលក្ខខណ្ឌនេះធ្វើឡើងតែបន្តិចប៉ុណ្ណោះមុនពេលក្រសួងការពារជាតិរុស្ស៊ីប្រកាសពីការវាយយកបានទីក្រុងស៊ូតហ្សា (Sudzha) ពីការគ្រប់គ្រងរបស់អ៊ុយក្រែននៅតំបន់ខឺស។ ទីក្រុងនេះត្រូវអ៊ុយក្រែនគ្រប់គ្រងចាប់តាំងពីខែសីហា ឆ្នាំ២០២៤។
លោកពូទីនក៏ទើបតែចុះទៅពិនិត្យមើលសភាពការណ៍នៅខឺសផងដែរនៅពេលមានសញ្ញាថាមិនយូរទេអ៊ុយក្រែនត្រូវតែបង្ខំចិត្តដកកងទ័ពទាំងអស់ចេញពីទីនោះព្រោះរុស្ស៊ីកំពុងតែវាយសម្រុកខ្លាំង និងហ៊ុមព័ទ្ធពួកគេស្ទើរតែទាំងស្រុង។ មេបញ្ជាការកងទ័ពអ៊ុយក្រែនថ្លែងថាលោកត្រូវតែដកថយដើម្បីជៀសវាងការបាត់បង់សម្ភារៈសឹក និងពលីជីវិតយុទ្ធជនកាន់តែច្រើន។

ងាកមកមើលលក្ខខណ្ឌដែលរុស្ស៊ីដាក់ទៅឱ្យអាមេរិកពិនិត្យមើលវិញម្ដង។ ប្រភពខ្លះថាប្រហាក់ប្រហែលទៅនឹងអ្វីដែលលោកពូទីនធ្លាប់បានទាមទារតាំងពីយូរមកហើយ។ ឧទាហរណ៍ ការទាមទារឱ្យអ៊ុយក្រែន និងបស្ចិមប្រទេសទទួលស្គាល់ជាផ្លូវការ និងលាយលក្ខណ៍អក្សរនូវទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់ដូចជាគ្រីម៉េ និងតំបន់៤ទៀត, អ៊ុយក្រែនមិនត្រូវចូលជាសមាជិកអង្គការណាតូ និងមិនត្រូវមានទ័ពបរទេសឈរជើងនៅអ៊ុយក្រែនដាច់ខាត ទោះបីជាកងរក្សាសន្តិភាពក៏ដោយ។

រុស្ស៊ី និងអាមេរិកបានពិភាក្សាគ្នាជាសម្ងាត់នូវលក្ខខណ្ឌរបស់រុស្ស៊ីអស់ជាច្រើនសប្ដាហ៍មកហើយ ជាលក្ខណៈពិភាក្សាគ្នាដោយផ្ទាល់ផង និងតាមប្រព័ន្ធវីឌីអូពីចម្ងាយផង។ គិតត្រឹមល្ងាចនេះ លោកត្រាំនៅតែមិនទាន់ទទួលបានការឆ្លើយតបពីវិមានក្រឹមឡាំងថាទទួលយកបទឈប់បាញ់៣០ថ្ងៃដែរឬទេ។ ចំណែកវិមានក្រឹមឡាំងថ្លែងថាខ្លួនកំពុងរង់ចាំការពន្យល់លម្អិតអំពីសំណើនៃបទឈប់បាញ់នោះជាមុនសិន មុននឹងឈានដល់ការធ្វើអត្ថាធិប្បាយ ឬចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការ។
រដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងថាលោកនឹងយកសំណើនេះទៅជូនដល់ដៃរបស់រុស្ស៊ីដោយផ្ទាល់តែម្ដង។ យើងចង់ប្រាប់រុស្ស៊ីថាអ៊ុយក្រែនបានយល់ព្រមទទួលយកសំណើនេះហើយ ហើយកំពុងរង់ចាំចម្លើយពីរុស្ស៊ី។ ដោយសារមានប្រៀបនៅលើសមរភូមិយោធា រុស្ស៊ីហាក់ដូចជាប្រកាន់ជំហររឹង។ កាលពីពេលកន្លងមក រុស្ស៊ីប្រកាន់ជំហរដាច់ខាតថាបើចង់បញ្ចប់សង្គ្រាមត្រូវតែបញ្ចប់ជាស្ថាពរតែម្ដង មិនត្រូវការបទឈប់បាញ់ទេ។ ម៉្យាងទៀត រុស្ស៊ីថាខ្លួននឹងមិនធ្វើសម្បទានអ្វីទាំងអស់នៅក្នុងការចរចាគ្នា។ គេរំពឹងថាប្រេសិតពិសេសរបស់លោកត្រាំគឺលោកស្ទីវវីតខូសនឹងធ្វើដំណើរទៅម៉ូស្គូនៅសប្ដាហ៍នេះ៕
ចែករំលែកព័តមាននេះ