រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានរំម្លឹកពីការអប់រំកូនៗយ៉ាងតឹងតែង ដែលគោលបំណង គឺចង់ឱ្យកូនៗបានល្អ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយអមជាមួយរូបថតជាច្រើនសន្លឹក ជាមួយកូនៗរបស់សម្ដេច បានសរសេរយ៉ាងដូច្នេះថា ៖ «ពេជ្រកំពុងច្នៃ និងពេជ្រកែច្នៃរួច និងកំពុងរក្សាទុក ឬនិយាយមួយបែប គឺ
ដាវកំពុងផលិត ដាវកំពុងប្រើ និងកំពុងសំលៀងបន្ត ។ រូបថតប៉ុន្មានសន្លឹកនេះ បង្ហាញពីជោគជ័យ នៃការអប់រំបណ្តុះបណ្តាលកូនៗ ដែលពុកម៉ែប្រើពេលជាង៤០ឆ្នាំ ទើបទទួលផល ដូចថ្ងៃនេះ» ។
សម្តេចតេជោបានលើកឡើងថា ទោះពួកកូន ជាកូននាយករដ្ឋមន្ត្រី តែពួកកូនមិនមានម៉ូតូ ឬឡានជិះទេ ពួកកូន ត្រូវដើរទៅរៀនព្រោះសាលាមិនឆ្ងាយពីផ្ទះទេ (សាលាចតុមុខ) សំណាងជាងគេ ម៉ាណែត បានកង់ជិះ ព្រោះត្រូវរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលឆ្ងាយជាងគេបន្តិច។ពុកមានលទ្ធភាពគ្រប់គ្រាន់ទិញឡាន ឬម៉ូតូឲ្យកូនជិះ តែពុកចង់ឲ្យពួកកូនស្គាល់ នូវជីវភាពប្រជាជនធម្មតាដូចកាលពុកនៅពីក្មេង។ ពេលកូនណាមួយមានកំហុស ពួកកូនត្រូវជាប់វិន័យទាំងអស់គ្នា ដោយអង្គុយអានសៀវភៅទាំងអស់គ្នា ព្រោះពុកចង់ឲ្យពួកកូន ចេះជួយដាស់តឿនគ្នាសាមគ្គីគ្នា ដើម្បីជៀសវាងជាប់វិន័យទាំងអស់គ្នា ។
ជាមួយគ្នានោះដែរ សម្តេចបានលើកឡើងថា ពេលពួកកូនចេញទៅរៀននៅក្រៅប្រទេស ពុកទៅសរសេរវិន័យបិទ ក្នុងបន្ទប់គេង បន្ទប់ទឹកដែលពុកចាំជាងគេ នៅបារាំងសម្រាប់ម៉ានិត ម៉ានី ម៉ាលី គឺ(ចេញពីផ្ទះ៥០០ម៉ែត្រ ត្រូវប្រាប់បងណាហ្គ្រា និងសុខហ៊ា និងចាយលុយលើស100France ត្រូវសុំការអនុញ្ញាតពីសុខហ៊ា) ។
សម្តេច បានបន្ថែមថា ពេលពួកកូនចេញទៅរៀនជុំគ្នា នៅអាមេរិក ដែលមាន ម៉ាណា ម៉ានិត ម៉ានី ម៉ាលី លើកលែងតែម៉ាណែត ពុកសរសេរវិន័យ (ដើរឃ្លាតពីផ្ទះ៥០០ម៉ែត្រត្រូវសុំអ៊ំ ចាយលុយលើស៥០ដុល្លារ ត្រូវសុំពីអ៊ំ) ទាំងនៅបារាំង ទាំងនៅអាមេរិក សុទ្ធមានការកំណត់ម៉ោងត្រូវចូលគេង និងត្រូវបិទភ្លើង បិទម៉ាស៊ីនកំដៅ ម៉ាស៊ីនត្រជាក់ ដើម្បីសន្សំសំចៃភ្លើង ។
ពុកម៉ែ សូមអរគុណកូនៗ ដែលជាង២០ឆ្នាំមុន បាននិយាយជាមួយគ្នា ដែលពុកបានលួចស្តាប់ឮ ម៉ានិតនិយាយថា ប្រាប់ទាំងអស់គ្នាថា (ពុកម៉ែ តឹងតែងចំពោះពួកយើង គឺចង់ឲ្យយើងល្អ) ។
សម្តេច បានបញ្ជាក់ថា ៖ “ពិតមែន តែពេលនេះ ពួកកូនមានប្រពន្ធមានប្តី និងមានកូនព្រមទាំងចេញដឹកនាំប្រទេស ឬចូលរួមក្នុងការងារបម្រើជាតិ ក្នុងឋានៈខ្ពង់ខ្ពស់ តែពុកនៅរង់ចាំធ្វើជាថ្មសំលៀងសម្រាប់ពួកកូនតទៅទៀត ។ ពុកម៉ែចង់ឲ្យកូនៗ ខិតខំបណ្តុះបណ្តាលអប់រំកូនៗដែលជាចៅរបស់ពុកម៉ែតាមរបៀបពុកម៉ែ តទៅទៀត ពិសេសផ្តោតលើគុណធម៍ ចរិយាធម៍ សិលធម៍ចេះជួយអ្នកក្រីក្រ ទន់ខ្សោយ គោរពចាស់ទុំ សុភាពរាបសារ មិនឆ្មើងឆ្មៃ។ល។ ចៅរបស់ពុកម៉ែ ជាចៅល្អ ហើយតែត្រូវតែតាមតម្រង់ទិសពួកគេតទៅទៀត” ៕


















ចែករំលែកព័តមាននេះ