ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកប្អូនចាញ់ល្បែងជិត១ម៉ឺនដុល្លារ…ទើប​បងដែលមាន​អំណាច​ចេញបង្ក្រាប

1 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ មានភាពភ្ញាក់ផ្អើលមួយនៅឯរដ្ឋបាលស្រុកបាទី ខេត្តតាកែវ ដោយលោកអភិបាលស្រុកបានដឹកនាំកម្លាំង​ចេញប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ី​សងអនឡាញ១កន្លែង បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ ។ ប្រជាពលរដ្ឋគាំទ្រ និងសាទរចំណាត់ការដឹកនាំ​ដ៏គគ្រឹកគគ្រេងរបស់លោកអភិបាលស្រុក ប៉ុន្តែថា តើទីតាំងដទៃទៀត​ច្រើនគគោកនៅក្នុងមូលដ្ឋាន ត្រូវបង្ក្រាបដែរឬទេ ?

លោក សាយ វណ្ណៈ អភិបាលស្រុកបាទីមានប្រសាសន៍ថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា ប្អូនប្រុសរបស់គាត់បានចាញ់ល្បែងស៊ីសងអនឡាញអស់ប្រហែលជាង៣០លានរៀល ឬប្រហាក់ប្រហែល​១ម៉ឺនដុល្លារ ទើបលោកដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងនោះដោយផ្ទាល់តែម្ដង ។ លោកអភិបាលស្រុកប្តេជ្ញាចិត្តយ៉ាងហំហាន​ថា នឹងបន្តបង្ក្រាបទីតាំងល្បែងស៊ីសងតាមអ៊ីនធើរណេត​ឱ្យ​អស់នៅក្នុងមូលដ្ឋានស្រុកបាទី ។

លោកចៅហ្វាយស្រុកបាទី មិនដឹងអំពីមូលហេតុដែលសមត្ថកិច្ចនគរបាលតាមបណ្ដាប៉ុស្តិ៍ មិនបង្ក្រាបល្បែង​ស៊ីសងអនឡាញនោះទេ ។ លោកថា មានការបង្ក្រាបដោយលោកផ្ទាល់តាមឃុំពីរបីកន្លែងរួចហើយ ។ លោកអភិបាលស្រុកសំណូមពរឲ្យបណ្ដាប៉ុស្តិ៍ពង្រឹង​ការបង្ក្រាបចំពោះទីតាំងល្បែងស៊ីសង។

អ្នកព្រោកប្រាជ្ញតាមតុកាហ្វេ គាំទ្រចំណាត់ការរបស់លោកអភិបាលស្រុក ប៉ុន្តែបានចោទជាសំណួរថា តើកម្លាំងសមត្ថកិច្ច ដូចជានគរបាល និងកងរាជអាវុធហត្ថនៅក្នុងស្រុក ហេតុអ្វីក៏អាជ្ញាធររដ្ឋបាលស្រុកមិនប្រើ ឬមិនបញ្ជា ក្នុងនាមលោកអភិបាលស្រុក ជាប្រធានគណៈបញ្ជាការឯកភាពស្រុក? ចំណាត់ការរបស់លោក សាយ វណ្ណៈ ធ្វើឲ្យមានមន្ទិលសង្ស័យនៅក្នុងការដឹកនាំ ជាពិសេស ពាក់ព័ន្ធនឹងការបង្ក្រាបខាងលើនេះ ។

ប្រជាពលរដ្ឋវ័យចំណាស់ នៅតាមតៀមកាហ្វេនិយាយថា មន្ត្រីនគរបាលមិនមានសមត្ថភាព ឬយ៉ាងដូចម្ដេច? ឬមួយក៏ចំណាត់ការចេញមុខរបស់លោក សាយ វណ្ណៈ ដើម្បីបំបែកឆ្នាំងបាយរបស់ក្រុមសមត្ថកិច្ចនគរបាល? លោកសាយ វណ្ណៈ អាចមាន​មន្ទិលសង្ស័យចំពោះក្រុមមន្ត្រីនគរបាលតាមបណ្ដាប៉ុស្តិ៍ ក៏ដូចជានៅអធិការដ្ឋាន ដែលមិនបង្ក្រាបទីតាំងល្បែង​ស៊ីសង​អន​ឡាញ ទំនងជាពាក់ព័ន្ធនឹងផលប្រយោជន៍? និយាយឱ្យខ្លី លោកសាយវណ្ណៈយល់ថា មន្ត្រីនគរបាល ឬកងរាជអាវុធហត្ថ មិនបង្ក្រាបល្បែងស៊ីសងព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន?

ប៉ុន្តែក៏មានចំណោទចោទសួរឡើងដែរថា តិចលោហ៍វិធានការចេញមុខបង្ក្រាបល្បែង កាលពីប៉ុន្មានថ្ងៃមុនរបស់លោកសាយ​វណ្ណៈ ក្នុងចេតនាវ៉ៃស្មៅបង្អើលពស់ដែរឬទេដឹង?

យ៉ាង​ណាក៏ដោយប្រជាពលរដ្ឋតាមបណ្ដាភូមិនានា ក្នុងស្រុកបាទីគាំទ្រចំណាត់ការ​របស់លោកអភិបាលស្រុកហើយរំពឹងថា លោកនឹងដើរមើលតាមភូមិ-ឃុំនានាគ្រប់ច្រកល្ហក ដើម្បីបង្ក្រាបល្បែងស៊ីសងទាំងនេះ ជាបន្តទៀតដូចការតាំងចិត្តរបស់
លោក?

ផ្ទុយទៅវិញ ប្រសិន​បើលោកចៅហ្វាយស្រុក បង្ក្រាបតែ១ករណីខាងលើហើយស្ងៀមឈឹងសូន្យទៅវិញនោះ ប្រជា​ពលរដ្ឋមុខជាវាយតម្លៃរឿងផ្សេងវិញហើយ ៕ ​