ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់​ចុះ​បន្តិច​នៅ​ថ្ងៃនេះ ក្រោយ​កើនឡើង​២​ថ្ងៃ​ជាប់​គ្នា

1 ម៉ោង មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​បន្តិច នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ បន្ទាប់​ពី​មានការ​កើនឡើង​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​។ ការ​ធ្លាក់​ចុះ​នេះ កើតឡើង​ក្រោយ​ពេល​ស្តុក​ប្រេង​ឆៅ​របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង​លើស​ពី​ការ​រំពឹង​ទុក ខណៈ​ដែល​បញ្ហា​រអាក់រអួល​នៃ​ការ​ផ្គត់ផ្គង់​នៅ​មជ្ឈិមបូព៌ា​នៅ​តែ​បន្ត​កើត​មាន​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី Reuters ។

តម្លៃ​ប្រេង​ឆៅ​ប្រភេទ Brent បាន​ធ្លាក់​ចុះ ១,២២ ដុល្លារ​អា​មេ​រិ​ក ឬ ០,៦៧% មក​ត្រឹម ១០៧,៥៣ ដុល្លារ​ក្នុង​១​បារ៉ែល គិត​ត្រឹម​ម៉ោង ១:៥៥ រសៀល (​ម៉ោង​នៅ​កម្ពុជា​) ខណៈ​ដែល​តម្លៃ​ប្រេង​ឆៅ WTI របស់​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ ១,៦៤ ដុល្លារ ឬ ១,៥៥% មក​ត្រឹម ១០៤,១៩ ដុល្លារ​ក្នុង​១​បារ៉ែល​។ តម្លៃ​ប្រេង​ទាំង​ពីរ​បាន​បិទ​ការ​ជួញដូរ​កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ដោយ​កើនឡើង​ជាង ៣ ដុល្លារ និង​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ចាប់តាំងពី​ថ្ងៃ​ទី​១៩ ខែឧសភា​។

ការ​កើនឡើង​នេះ កើតឡើង​ដោយសារ​ការ​ផ្អាក​ការ​ផ្ទុក​ប្រេង​នៅ​កំពង់​ផែ Yanbu របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​លើ​ការ​ផ្គត់ផ្គង់ គួប​ផ្សំ​នឹង​ការ​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ទៅ​កាន់​តំបន់​អឺរ៉ុប​ផង​ដែរ​។

ទោះ​យ៉ាងណា​ក៏​ដោយ ការ​ធ្លាក់​ចុះ​បន្តិច​នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ជំរុញ​មួយ​ផ្នែក​ដោយសារ​ការ​ឡើង​ស្តុក​ប្រេង​ឆៅ​របស់​សហរដ្ឋអាមេរិក​។ ផ្អែក​លើ​ទិន្នន័យ​ពី​វិទ្យាស្ថាន​ប្រេង​របស់​អា​មេ​រិ​ក (API) បាន​បង្ហាញ​ថា ស្តុក​ប្រេង​ឆៅ ប្រេងសាំង និង​ផលិតផល​ចម្រាញ់​របស់​សហរដ្ឋអាមេរិក បាន​កើនឡើង​ទាំងអស់ កាលពី​ស​ប្តា​ហ៍​មុន ហើយ​ស្តុក​ប្រេង​ឆៅ​បាន​កើនឡើង ៧,១ លាន​បារ៉ែល​ក្នុង​ស​ប្តា​ហ៍​ដែល​បិទ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​១១ ខែកញ្ញា​។ ការ​កើនឡើង​នេះ គឺ​ផ្ទុយ​ស្រឡះ​ពី​ការ​រំពឹង​ទុក​របស់​បណ្តា​អ្នកវិភាគ ដែល​គិត​ថា​នឹង​ធ្លាក់​ចុះ​ប្រហែល ១,៦ លាន​បារ៉ែល​៕