ដំឡើងរបាំងថ្មពុះចែកទ្រូងផ្លូវលេខ២២ ចាប់ពីរង្វង់មូលអូរចំបក់ ដល់ផ្លូវរថភ្លើង ក្នុងក្រុងដូនកែវ ខេត្តតាកែវ
- តាកែវ
ខេត្តតាកែវ ៖ ក្រុមការងារបច្ចេកទេសនៃមន្ទីរជំនាញ ដឹកនាំដោយលោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានដឹកនាំផ្ទាល់ ក្នុងការរៀបចំដំឡើងរបាំងថ្មពុះចែកទ្រូងផ្លូវ ចាប់ពីចំណុចផ្លូវរថភ្លើង រហូតដល់រង្វង់មូលព្រះវិស្ណុ ឬព្រះនារាយណ៍ (អូរចំបក់) ប្រវែងទ្រូងផ្លូវ ៥៥០ម៉ែត្រ នៅលើតួផ្លូវ ៧៧០ ម៉ែត្រ ស្ថិតក្នុងក្រុងដូនកែវ តាមបណ្ដោយផ្លូវជាតិលេខ២២ តាកែវ- អង្គតាសោម ។
លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា ការសម្រេចដំឡើងរបាំងថ្មពុះចែកទ្រូងផ្លូវនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ ឱ្យមានរបៀបរៀបរយ ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បញ្ចៀសការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផ្សេងៗ ហើយការដំឡើងរបាំងថ្មពុះចែកទ្រូងផ្លូវនេះ ក៏ជាការរួមចំណែកមួយ ក្នុងលើកកម្ពស់សោភ័ណភាពដងផ្លូវឱ្យកាន់តែស្អាត និងមានរបៀបរៀបរយថែមទៀតផង ។
លោកប្រធានមន្ទីរក៏បានអំពាវនាវ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរទាំងអស់ មេត្តាបើកបរដោយបង្កើនការប្រុងប្រយ័ត្ន បន្ថយល្បឿន និងចូលរួមគោរពចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពទាំងអស់គ្នា ក្នុងអំឡុងពេល និងក្រោយពេលក្រុមការងារកំពុងដំណើរការរៀបចំនេះ ។
លោកប្រធានមន្ទីរសាធារណ:ការនឹងដឹកជញ្ជូនខេត្តបានបញ្ជាក់ថា ក្រៅពីការដំឡើងរបាំងថ្មពុះចែកទ្រូងផ្លូវ ក្រុមការងារបច្ចេកទេស ក៏កំពុងបន្តរៀបចំគូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវ និងកំណត់គម្លាតចន្លោះផ្លូវសម្រាប់ឆ្លងកាត់ឡើងវិញឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ដើម្បីធានាសុវត្ថិភាពខ្ពស់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងតាមបណ្តោយផ្លូវលេខ២២នេះផងដែរ៕



ចែករំលែកព័តមាននេះ