ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​មិន​អនុញ្ញាត​ឱ្យ​បើក​អាជីវកម្ម​កាស៊ីណូ​នៅ​សៀមរាប​ឡើយ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ថ្លែង​ជា​សាធារណៈ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយ​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ថា រាល់​ការ​ស្នើ​សុំ​អាជ្ញា​បណ្ណ​ពី​អ្នក​វិនិយោគ​ទាំង​ជាតិ ​និង​អន្តរជាតិ ដើម្បី​បើក​កាស៊ីណូ​នៅ​ខេត្តសៀមរាប​ គឺ​មិន​អនុញ្ញាត​ឱ្យ​ជា​ដាច់ខាត ​។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ«​មន្ទីរពេទ្យ ហ្លួង ម៉ែ​» សម្ដេច​បវរ​ធិ​បតី​មាន​ប្រសាសន៍​ថា ខេត្តសៀមរាប​ជា​ខេត្ត​ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ហើយ​សំបូរ​​ទៅ​ដោយ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នោះ គឺ​មិន​​អនុញ្ញាត​ឱ្យ​បើក​អាជីវកម្ម​កាស៊ីណូ​ទេ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បន្ត​ថា ការ​​ដែល​សម្តេច​អះអាង​បែប​នេះ ដោយសារ​នៅ​តែ​មាន​ក្រុម​អ្នក​វិនិយោគ​ស្នើ​សុំ​អាជ្ញា​បណ្ណ​បើក​កាស​ស៊ី​ណូ​នៅ​សៀមរាប​ជា​បន្តបន្ទាប់ ​។

សម្តេច​ធិ​បតី​បញ្ជាក់​ថា «​មាន​អ្នកខ្លះ​ចង់​សុំ License (​អាជ្ញា​បណ្ណ​) កាស៊ីណូ​នៅ​សៀមរាប ដាច់ខាត​តាំងពី​សម្តេច​តេ​ជោ​មក រដ្ឋាភិបាល​ថ្មី​ដែល​ខ្ញុំ​ដឹកនាំ ដាច់ខាត​មិន​ឱ្យ​មាន​អាជ្ញា​បណ្ណ​កាស៊ីណូ​ណា​នៅ​សៀមរាប​ទេ ។ អត់​មាន​ទេ ។ ចឹ​ង ​កុំមក​សុំ​អាជ្ញា​បណ្ណ​កាស៊ីណូ​នៅ​ខេត្តសៀមរាប» ។

ទោះបីជា​យ៉ាង​ណា សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា ចំពោះ​ខេត្ត​សៀម​រាប​នេះ ក៏​មិន​ហាមឃាត់​រាល់​ការ​បើក​អាជីវ​វ​កម្ម​ផ្សេង​ៗ​នោះ​ទេ ។ តួយ៉ាង បើ​មានការ​ស្នើ​សុំ​អាជ្ញា​បណ្ណ​សាងសង់​សណ្ឋាគារ សម្រាប់​បម្រើភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ គឺ​អនុញ្ញាត​ឱ្យ​ភ្លាម​ៗ​តែ​ម្តង តែ​ចំពោះ​កាស៊ីណូ​ គឺ​មិន​អនុញ្ញាត​ជា​ដាច់ខាត ព្រោះ​ខេត្តសៀមរាប​ជា​ខេត្ត​បេតិកភណ្ឌ​របស់​កម្ពុជា ។ ដូច្នេះ​ ត្រូវ​ថែរក្សា​ទំនៀមទំលាប់​ប្រពៃណី​ដែល​មាន​តាំងពី​បុរាណកាល​មក ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា «រាល់​ការ​ស្នើ​សុំ​បើក​អាជីវកម្ម​កាស៊ីណូ​នេះ នៅ​តែ​បន្ត​មាន​អ្នក​មក​ស្នើ​សុំ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ទោះបីជា​មានការ​បដិសេធ​តាំងពី​ជំនាន់​​សម្តេច​តេ​ជោ ហ៊ុន សែន ជា​អតីត​នាយក​រដ្ឋមន្ត្រី» ​។

សម្តេច​នាយក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ទៀត​ថា ល្បែងស៊ីសង់​ភ្នាល់​ចាក់​លុយ​ក្រោម​រូប​ភាព​ផ្សេង ​គឺ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ផ្អាក​ហើយ ៕