ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២៤ មាន​អគ្គិភ័យ​កើតឡើង ​១,០៣៥​លើក បើ​ធៀប​នឹង​ឆ្នាំ​២០២៣ កើនឡើង​២៦៩​លើក ​ខណៈ​មន្ត្រី​៨​នាក់ ​រង​របួសធ្ងន់​​ស្រាល

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ឆ្នាំ​២០២៤ មាន​អគ្គិភ័យ​កើតឡើង ចំនួន​១,០៣៥​លើក បើ​ធៀប​នឹង​ឆ្នាំ​២០២៣ មាន​ចំនួន​៧៦៦​លើក កើនឡើង​២៦៩​លើក ​ខណៈ​មន្ត្រី​ពន្លត់​អគ្គិភ័យ ​៨​នាក់…

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ឆ្នាំ​២០២៤ មាន​អគ្គិភ័យ​កើតឡើង ចំនួន​១,០៣៥​លើក បើ​ធៀប​នឹង​ឆ្នាំ​២០២៣ មាន​ចំនួន​៧៦៦​លើក កើនឡើង​២៦៩​លើក ​ខណៈ​មន្ត្រី​ពន្លត់​អគ្គិភ័យ ​៨​នាក់ បាន​រង​របួសធ្ងន់​ និង​ស្រាល​ ក្នុង​ហេតុ​ការ​ជួយ​សង្គ្រោះ​ ។

មន្ត្រី​នគរបាល បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ ដែល​ជួប​គ្រោះថ្នាក់​បណ្ដាល​ឱ្យ​មាន​របួស​ក្នុង​ពេល​ចេញ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ឆ្នាំ​២០២៤ មាន​ចំនួន​៨​នាក់ ក្នុង​នោះ​របួសធ្ងន់​៣​នាក់ និង​ស្រាល​៥​នាក់​ នេះ​បើ​តាម​របាយការណ៍ លោក​ឧត្ដមសេនីយ៍ឯក នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ក្រសួងមហាផ្ទៃ​ ។

បើ​តាម​លោក​ឧត្តមសេនីយ៍ឯក ក្នុង​ពេល​កើត​មាន​គ្រោះ​អគ្គិភ័យ​ម្ដង​ៗ មន្ត្រី​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ចាត់​ទុក​បេសកកម្ម​ពន្លត់ និង​សង្គ្រោះ​អាយុជីវិត​ប្រជាជន​ជា​អាទិភាព​បំផុត រហូត​ពេល​ខ្លះ ពួក​គាត់​ត្រូវ​ប្រថុយ​គ្រោះថ្នាក់​ ដើម្បី​ប្ដូរ​មក​វិញ​នូវ​សុវត្ថិភាព​ជន​រង​គ្រោះ ​ដែល​កំពុង​ជាប់​ខ្លួន​ក្រោម​អំណាច​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ ។

នៅ​ពេល​ មាន​កម្លាំង​ណា​ម្នាក់​រង​របួស ទោះ​ធ្ងន់ ឬ​ស្រាល​ក៏​ដោយ លោក​ឧត្តមសេនីយ៍ឯក បានឱ្យ​ដឹង​ថា ថ្នាក់ដឹកនាំ និង​អង្គភាព បាន​គិតគូ​យ៉ាង​គ្រប់​ជ្រុងជ្រោយ ទាំង​ការ​សង្គ្រោះ ព្យាបាល និង​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្រុម​គ្រួសារ យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​ធានា​ផ្ដល់​កក់ក្ដៅ និង​ការ​លើកទឹកចិត្ត ខណៈ​មន្ត្រី​ ដែល​បាន​លះបង់​សុវត្ថិភាព​ផ្ទាល់ខ្លួន​ ដើម្បី​សេចក្ដីសុខ​ប្រជាជន និង​មន្ត្រី​ ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការងារ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ក៏​ទទួល​បានការ​លើកទឹកចិត្ត​ជា​បន្តបន្ទាប់​ដូច​គ្នា​ដែរ ​។

លោក​ឧត្តមសេនីយ៍ឯក នេ​ត វ​ន្ថា​ បាន​លើក​ឡើង​ថា​ ក្នុង​ឆ្នាំ​២០២៤ មាន​អគ្គិភ័យ​កើតឡើង ចំនួន​១.០៣៥​លើក បើ​ធៀប​នឹង​ឆ្នាំ​២០២៣ មាន​ចំនួន​៧៦៦​លើក កើនឡើង​២៦៩​លើក​។ ហេតុការណ៍​អកុសល​នេះ បាន​បណ្ដាល​ឱ្យ​ខូចខាត​ទ្រព្យសម្បតិ្ត​ជា​អាទិ៍ ឆេះ​ផ្ទះ​ចំនួន ៦១៥​ខ្នង តូប​លក់ដូរ​៦៥៨​តូប ឃ្លាំង ២៤​ខ្នង រោងចក្រ​១១​ខ្នង រថយន្ត​៤៦​គ្រឿង ព្រមទាំង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ​។

បើ​តាម​លោក​ឧត្តមសេនីយ៍ឯក នេ​ត វ​ន្ថា មូលហេតុ​បង្ក​ឱ្យ​មាន​អគ្គិភ័យ រួម​មាន ឆ្លង​ចរន្តអគ្គិសនី មាន​៤៤៥​លើក ស្មើនឹង​៤៥,៥៩% ប្រើប្រាស់​ភ្លើង មាន​៣១៧​លើក ស្មើ​៣២,៤៧% និង​ផ្ទុះ​ឃ្លាំង​គ្រាប់ ១​លើក ស្មើនឹង​០,១០%​ ។

គួរ​កត់​សម្គាល់ថា ក្នុង​ពេល​ចេញ​ប្រតិបត្តិការ​ម្ដង ក្រុមការងារ​ស្ម័គ្រចិត្ត និង​កងកម្លាំង​នគរបាល ពន្លត់​អគ្គិភ័យ​នៅ​ទូ​ទាំង​ប្រទេស​តែងតែ​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា សំណង់​មិន​រៀបរយ ផ្លូវ​ចង្អៀត អ្នក​បើករ​យានយន្ត​គ្រប់​មធ្យោបាយ​មិន​ផ្តល់​សិទ្ធិ​អាទិភាព​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ និង​បង្ក​ឱ្យ​មានការ​ស្ទះចរាចរណ៍ ទឹក​មិន​គ្រប់គ្រាន់ ហើយ​មាន​ចម្ងាយ​ឆ្ងាយ​ពី​កន្លែង​អគ្គិភ័យ ខណៈ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ចំពោះ​វិធានការ​ពន្លត់​អគ្គិភ័យ​បឋម​នៅ​មាន​កម្រិត​នៅឡើយ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ឧត្តមសេនីយ៍ឯក​ដដែល​។

លោក​ឧត្ដមសេនីយ៍ឯក ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ត្រូវ​ត្រៀម​ឧបករណ៍ សម្ភារៈ​ពន្លត់​អគ្គិភ័យ​បឋម មាន​ដូច​ជា បំពង់​ពន្លត់​អគ្គិភ័យ ធុង​ទឹក ដីខ្សាច់ ភួយ បាវ ប៉ែល ត្រសេះ ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ត្រូវ​ទុកដាក់​សារធាតុ​ងាយ​ឆេះ ឬ​ងាយ​ផ្ទុះ​គ្រប់​ប្រភេទ​រួម​មាន ប្រេង​ឥន្ទ​នៈ ហ្គា​ស ឬ​ឧស្ម័ន​ឱ្យ​បាន​ត្រឹមត្រូវ ឬ​ដាក់​ឱ្យ​ឆ្ងាយ​ពី​ប្រភព​ភ្លើង ឬ​ប្រភព​កម្ដៅ ហើយ​មុន​ពេល​ចេញពីផ្ទះ​ត្រូវ​តែ​បិទ​ប្រព័ន្ធ​អគ្គិសនី និង​ពន្លត់ភ្លើង​ចង្ក្រាន ចង្ក្រានហ្គាស​ឬ​ឧស្ម័ន ទៀន ធូប ឱ្យ​បាន​ត្រឹមត្រូវ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ