រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពីរូបគាត់ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាស្គូបពី Honda Scoopy បុកគ្នាពេញទំហឹងជាមួយរថយន្តម៉ាកកូរ៉ូឡា ក្រូស COROLA CROSS ដែលបើកបរដោយបុរសជនជាតិបរទេសម្នាក់ ក្នុងខណៈពេលកំពុងបើកបរបញ្ច្រាសទិសគ្នា ហើយអ្នកបើកបររថយន្ត ក៏ត្រូវបាននគរបាល ហៅទៅធ្វើការសាកសួរផងដែរ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងនៅម៉ោង០៤និង៣០នាទីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋ បាននិយាយថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាស្គូបពី ពណ៍ពាក់ស្លាកលេខ ភ្នំពេញ 1JE-7783 ធ្វើដំណើរលឿនក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ពុំដឹងថា យ៉ាងម៉េចទេ ក៏ជ្រុលទៅបុកគ្នាពេញទំហឹង ចំពីមុខចំហៀងខាងឆ្វេងរថយន្តម៉ាកកូរ៉ូឡា ក្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2CD-0268 ដែលបើកបរដោយបុរសជនជាតិបរទេសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ។
ប្រជាពលរដ្ឋ បាននិយាយបន្តទៀតថា ខណៈនោះបានបណ្តាលបុរស ដែលជាអ្នកជិះម៉ូតូខាងលើរងរបួសធ្ងន់ធ្ងរ ដួលដេកនៅក្បែររថយន្ត ហើយម៉ូតូរងករខូចខាតខ្ទេច ១កំណាត់មុខ ចំណែករថយន្តរងការខូចខាតមុខចំហៀងខាងឆ្វេង។ ក្រោយពេលកើតហេតុ បុរសរងគ្រោះ ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ដឹកយកទៅសង្គ្រោះបន្ទាន់ រីឯ អ្នកបើករថយន្ត ត្រូវបាននគរបាលប៉ុស្តិ៍ជើងឯក និងនគរបាលណ្ឌដង្កោហៅទៅធ្វើការសាកសួរ។ បន្ទាប់មក នគរបាលធ្វើការវាស់វែង រួចនាំយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំដោះស្រាយនាពេលក្រោយ ៕



ចែករំលែកព័តមាននេះ