រាជធានីភ្នំពេញ ៖ ក្រសួងយុត្តិធម៌បានជូនដំណឹងដល់តុលាការាជធានីខេត្ត អំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ។
យោងតាមសេចក្តីណែនាំរួមស្តីពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ របស់ក្រសួងត្តិធម៌បានលើកឡើងថា យោងតាមសេចក្តីសម្រេចចិត្តមហាសន្និបាត បូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្តចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ និងដើម្បីធានាបាននូវសង្គតិភាព នៅក្នុងការអនុវត្តនីតិវិធីនៃការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ស្របតាមខ្លឹមសារសេចក្តីសម្រេចចិត្តមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ក្រសួងយុត្តិធម៌ និងតុលាការកំពូល សូមធ្វើការណែនាំដល់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ដូចខាងក្រោម ៖
១-ក្នុងករណីដែលភាគីពាក់ព័ន្ធមិនព្រមទទួលសេចក្តីសម្រេច ឬគ្មានបុគ្គលណាម្នាក់មានវត្តមាន នៅក្នុងលំនៅឋានរបស់ភាគីពាក់ព័ន្ធ ឬគ្មានបុគ្គលណាម្នាក់ដែលមានវត្តមាននៅក្នុងលំនៅឋានរបស់ភាគីពាក់ព័ន្ធ យល់ព្រមទទួលសេចក្តីសម្រេច, នីតិវិធីនៃការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌ កំបាំងមុខ ត្រូវអនុវត្តស្របតាមមាត្រា៤៨៨ (ការប្រគល់លិខិតចម្លងនៃសេចក្តីសម្រេចដល់មេឃុំ ឬចៅសង្កាត់)នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
២-ក្នុងករណីដែលភាគីពាក់ព័ន្ធពុំមានលំនៅឋាន ឬទីសំណាក់ ឬប្រសិនបើភាគីពាក់ព័ន្ធរស់នៅ ក្រៅដែនដីជាតិ, នីតិវិធីនៃការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខត្រូវអនុវត្តស្រប តាមមាត្រា៤៩០ (ភាគីដែលពុំមានទីលំនៅឋាន ឬទីសំណាក់ដែលគេស្គាល់) នៃក្រមនីតិវិធីព្រហ្មទណ្ឌ ប្រសិនបើមានភស្តុតាងច្បាស់លាស់បញ្ជាក់ពីហេតុទាំងនេះ ។
៣-បន្ថែមលើនីតិវិធីនៃការជូនដំណឹងតាមមាត្រា៤៨៨ និងមាត្រា៤៩០ នៃក្រមនីតិវិធីព្រហ្មទណ្ឌខាងលើ ការជូនដំណឹងពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខត្រូវបិទផ្សាយនៅបញ្ជរបិទផ្សាយព័ត៌មានរបស់សាលាជម្រះក្តីមានសមត្ថកិច្ច និងត្រូវផ្សព្វផ្សាយតាមរយៈសារព័ត៌មានសរសេរ ឬគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ ឬបណ្តាញសង្គមផ្លូវការរបស់សាលាជម្រះក្តី ។
ប៉ុន្តែការគិតកាលបរិច្ឆេទនៃការជូនដំណឹងនៅតែត្រូវអនុវត្តតាមមាត្រា៤៨៨ និងមាត្រា ៤៩០នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ ទម្រង់នៃដីកាជូនដំណឹងត្រូវអនុវត្តតាមមាត្រា៤៨៣ (និទ្ទេសដែលត្រូវចុះលើដីកាឱ្យដំណឹង) នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ ដើម្បីអនុវត្តយន្តការនៃការជូនដំណឹងនេះសាលាដំបូងរាជធានី ខេត្ត និងសាលាឧទ្ធរណ៍ត្រូវបង្កើតឱ្យមានបណ្តាញសង្គមផ្លូវការរបស់ខ្លួន រួមមានផេកហ្វេសបុក (Facebook Page) តេឡេក្រាម (Telegram) និងCoolApp ឱ្យបានឆាប់រហ័ស ហើយត្រូវជូនដំណឹងអំពីបណ្តាញសង្គមផ្លូវការមកក្រសួងយុត្តិធម៌ និងតុលាការកំពូល ព្រមទាំងផ្សព្វផ្សាយដល់សាធារណជនឱ្យបានជ្រាប ។
៤-ការតាក់តែងសាលក្រម ឬសាលដីកា ត្រូវអនុវត្តតាមមាត្រា៣៥៨ (និទ្ទេសដែលត្រូវចុះលើ សាលក្រម) និងមាត្រា៣៩៦ (ការពន្លាតដល់សាលាឧទ្ធរណ៍នូវវិធានដែលអនុវត្តចំពោះសាលាដំបូង) នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឱ្យការជូនដំណឹងពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខមានភាពឆាប់រហ័ស ។
៥-ជាមួយគ្នានេះ ក្រសួងយុត្តិធម៌បានរៀបចំឱ្យមានយន្តការផ្សព្វផ្សាយផ្លូវការតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងវិស័យយុត្តិធម៌ ដែលរួមមាន ផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងយុត្តិធម៌ (ក្រសួងយុត្តិធម៌ Ministry of Justice) តេឡេក្រាមផ្លូវការ (ក្រសួងយុត្តិធម៌-Ministry of Justice) យូលអេប (CoolApp) និងគេហទំព័រផ្លូវការ ដើម្បីធ្វើការផ្សព្វផ្សាយអំពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខរបស់សាលាជម្រះក្តីផងដែរ ។
អាស្រ័យហេតុនេះ សាលាដំបូងរាជធានី ខេត្ត ឬសាលាឧទ្ធរណ៍ ត្រូវផ្តល់សេចក្តីចម្លងសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ព្រមទាំងដីកាជូនដំណឹងអំពីសេចក្តីសម្រេចនោះ មកក្រសួងយុត្តិធម៌ឱ្យបានឆាប់រហ័ស ដើម្បីធ្វើការជូនដំណឹងតាមរយៈយន្តការ ផ្សព្វផ្សាយផ្លូវការតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងវិស័យយុត្តិធម៌ខាងលើនេះ ។
ទទួលបានសេចក្តីណែនាំរួមនេះសូមឯកឧត្តម លោកជំទាវ ដែលជាប្រធានសាលាឧទ្ធរណ៍ និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍តំបន់, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី ខេត្ត ត្រូវចាត់ចែងអនុវត្ត និងណែនាំអនុវត្តដល់ចៅក្រម ព្រះរាជអាជ្ញា និងតួអង្គដែលមានការពាក់ព័ន្ធ ឱ្យមានប្រសិទ្ធភាពស្របតាមគោលបំណង និងស្មារតីនៃច្បាប់សំដៅបង្កើនប្រសិទ្ធភាពនៃយុត្តិធម៌ព្រហ្មទណ្ឌ និងពង្រឹងនីតិរដ្ឋនៅកម្ពុជា ៕
ចែករំលែកព័តមាននេះ