ទីក្រុងឡាអេ៖ អតីតប្រធានាធិបតីហ្វ៊ីលីពីនដែលកំពុងជាប់ឃុំបណ្ដោះអាសន្ននៅទីក្រុងឡាអេដើម្បីរង់ចាំការកាត់ទោសបានបញ្ជាក់ច្បាស់ៗនៅថ្ងៃនេះថាលោកសុខចិត្តទទួលខុសត្រូវគ្រប់យ៉ាងចំពោះអ្វីដែលបានកើតឡើងបើសិនតុលាការរកឃើញថាលោកពិតជាមានកំហុសដូចការចោទប្រកាន់មែន។ ប៉ុន្តែគាត់មិនឱ្យអ្នកដទៃទទួលទោសជំនួសគាត់ទេ។ គាត់ថារាល់វិធានការដែលសមត្ថកិច្ចបានអនុវត្តកាលពីពេលគាត់កាន់អំណាចនោះគឺធ្វើឡើងទៅតាមបញ្ជារបស់គាត់ទាំងអស់។

ការថ្លែងដូច្នេះបន្ទាប់ពីរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិយល់ថាខ្លួនមានហេតុផលគ្រប់គ្រាន់ដើម្បីចោទប្រកាន់លោកឌូតឺតេពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិព្រោះលោកជាអ្នកសមគំនិតដោយផ្ទាល់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។ ក្រុមសិទ្ធិមនុស្សខ្លះអះអាងថាការបាញ់សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការអាចមានដល់រាប់ម៉ឺននាក់ឯណោះ។
នៅក្នុងសារជាវីឌីអូឃ្លីបផ្ញើជូនជនរួមជាតិ និងអ្នកគាំទ្រនៅថ្ងៃនេះ លោកឌូតឺតេប្រកាសថាលោកជាអ្នកដឹកនាំកម្លាំងនគរបាល និងយោធាដើម្បីបង្ក្រាបគ្រឿងញៀន។ លោកនឹងទទួលខុសត្រូវគ្រប់យ៉ាងតែម្នាក់ឯង។ លោកប្រាប់ទៅនគរបាល និងកងទ័ពរួចហើយថាលោកនឹងចេញមុខការពារពួកគេ។ បើសិនតុលាការរកឃើញថាលោកមានទោសពៃរ៍ពីរឿងនេះ លោកសុខចិត្តទទួលតែម្នាក់ឯង។

អ្នកនាំពាក្យតុលាការព្រហ្មទណ្ឌអន្តរជាតិបញ្ជាក់ថាលោកឌូតឺតេពិតជាកំពុងជាប់ឃុំពិតមែនបន្ទាប់ពីគាត់ជិះយន្តហោះពីហ្វ៊ីលីពីនទៅដល់រ៉ូតទែដាំ និងបន្តដំណើរទៅឡាអេ។ រថយន្ត១គ្រឿងដែលដឹកលោកឌូតឺតេបានបើកចូលបន្ទប់ឃុំឃាំងរបស់ ICC។ អ្នកគាំទ្រគាត់រាប់សិបនាក់ក៏បានឈរអមដំណើរនោះផងដែរ។ អ្នកខ្លះទាមទារឱ្យដោះលែងគាត់ត្រឡប់មកវិញ។

លោកឌូត កួយប៊ីន (Dud Quibin) ជាអ្នកមើលការខុសត្រូវលើលោកឌូតឺតេ។ លោកថ្លែងថាការចាប់ខ្លួននេះហាក់ដូចជាធ្វើឡើងគ្មានច្បាប់គ្មានទម្លាប់ទាល់តែសោះប្រៀបបាននឹងការចាប់ជំរិតដូច្នោះដែរ។ ពួកគេចាប់លោកឌូតឺតេញាត់ចូលទៅក្នុងយន្តហោះ រួចបើកសំដៅទៅប្រទេសហូឡង់យ៉ាងតក់ក្រហល់។ បន្ទាមកដឹកគាត់បន្តទៅចូលមន្ទីរឃុំឃាំងតែម្ដង។

កន្លែងឃុំឃាំងរបស់ ICC សុទ្ធតែជាលំដាប់វីអាយភី ស្តង់ដារអន្តរជាតិ។ អ្នកជាប់ឃុំមិនមែនរស់នៅប្រជ្រៀតគ្នានោះទេ។ អ្នកជាប់ឃុំម្នាក់ៗស្នាក់នៅក្នុងបន្ទប់ស្អាតៗដាច់ដោយឡែកៗពីគ្នា និងបំពាក់ដោយម៉ាស៊ីនកុំព្យូទ័រម្នាក់មួយគ្រឿងៗសម្រាប់ធ្វើការដោះបន្ទុកនៅក្នុងសំណុំរឿងចោទប្រកាន់ទៅលើពួកគេ។ ក្រៅពីនេះ ពួកគេមានកន្លែងសម្រាប់ហាត់ប្រាណនៅខាងក្រៅបន្ទប់ឃុំឃាំងថែមទៀត។
លោកជីលបឺត អានដ្រេ (Gilbert Andres) ជាមេធាវីតំណាងឱ្យក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនបានប្រាប់អាអែហ្វប៉េ (AFP) នៅខាងក្រៅបរិវេណរបស់ ICC ថាកូនក្ដីរបស់ខ្លួនអរគុណព្រះជាម្ចាស់។ នៅទីបំផុតការបួងសួងរបស់ពួកគេសូមយុត្តិធម៌ពិតជាមិនឥតប្រយោជន៍ទេ។ លោកថាការចាប់ខ្លួនលោកឌូតឺតេជាពន្លឺយុត្តិធម៌សម្រាប់បទឧក្រិដ្ឋធំៗជាអន្តរជាតិដើម្បីបញ្ជាក់ថានៅក្នុងលោកនេះគ្មាននរណាម្នាក់អាចយកច្បាប់ទ្រាប់អង្គុយបានឡើយ៕
ចែករំលែកព័តមាននេះ