ខេត្តកំពង់ស្ពឺ៖ លោក រីម ប៊ុនធឿន ដែលគេស្គាល់ច្បាស់ថា ជាមេភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ ត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារ កើតទុក្ខមិនសុខចិត្តនាំគ្នាផ្តិតមេដៃដាក់ពាក្យបណ្តឹងស្នើសុំអន្តរាគមន៍ទៅលោកមេឃុំរស្មីសាមគ្គី លោកអភិបាលស្រុកឱរ៉ាល់ និងឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ដើម្បីស្នើសុំដកលោក រីម ប៊ុនធឿន ចេញពីមេភូមិព្រៃធំ ដាក់អ្នកផ្សេង ក៏ព្រោះតែលោកមេភូមិព្រៃរូបនោះ បានប្រព្រឹត្តអំពើពុករលួយ មិនគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសនោះរាល់ពេលដែលប្រជាពលរដ្ឋ សុំចុះហត្ថលេខា លក់ដូរដីធ្លី គឺលោកមេភូមិព្រៃធំ ឈ្មោះ រីម ប៊ុនធឿន តម្រូវឱ្យបង់លុយចាប់ពី៤០០ដុល្លារ ទៅដល់១២០០ដុល្លារ ក៏មានដែរ។
ជួបជាមួយអ្នកយកព័ត៌មានយើងប្រជាពលរដ្ឋឈ្មោះ ឡុន លី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ កសិករ រស់នៅក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថា គាត់នៅក្នុងចំណោមប្រជាពលរដ្ឋចំនួន២០គ្រួសារ ដែលថ្នាក់លើបានចែកដីឱ្យរស់នៅ ប៉ុន្តែលោក រីម ប៊ុនធឿន មេភូមិព្រៃធំ មិនអនុវត្តន៍តាមថ្នាក់លើនោះទេគឺ ចែកឱ្យតែដីលំនៅឋានតែប៉ុណ្ណោះ។ ចំពោះដីកសិកម្មលោកមេភូមិមិនចែកឱ្យពួកគាត់នោះទេ។
លោក អ៊ូ ឈន ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិព្រៃធំ ឃុំររស្មីសាមគ្គី ស្រុកឱរ៉ាល់ បានឱ្យដឹងដែរថា គាត់បានលក់ដីលំនៅឋានមួយកន្លែងដែរ ហើយពេលទៅសុំស៊ីញ៉េពីលោក រីម ប៊ុនធឿនជាមេភូមិ លោកកំណត់យកលុយ៤៥០ដុល្លារ(450$)បើមិនបានលោកមេភូមិមិនស៊ីញ៉េឱ្យទេ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋឈ្មោះ រឿង នី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរ កសិករដើរស៊ីឈ្នួលដាំដំឡូងឱ្យគេ រស់នៅក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ បានរៀបរាប់ថា គាត់ក៏ធ្លាប់លោក រីម ប៊ុនធឿនមេភូមិព្រៃធំតម្រូវឱ្យបងលុយចំនួន៨០០ដុល្លារ(800$)ដែរ ជាថ្នូរនិងការចុះហត្ថលេខាលក់ដូរដីធ្លី បើមិនបង់លុយឱ្យគ្រប់ទេ លោកមិនចុះហត្ថលេខាឱ្យនោះទេ។
ដោយឡែកលោកឡុច នឿន ភេទប្រុស អាយុ៥៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថាលោក រីម ប៊ុនធឿន មេភូមិព្រៃធំនេះតែងតែធ្វើអ្វីស្រេចតែចិត្តត្រូវដកដីពីប្រជាពលរដ្ឋណា យកទៅឱ្យអ្នកណាស្រេចតែលោក ជាអ្នកកំណត់មិនអាចតវ៉ាបានឡើយ។ ជាក់ស្តែងដីលំនៅឋាននិងដីកសិកម្មដែលមានក្បាលដីលេខ៤០៤ (404) និងក្បាលដីលេខ០៣១ [031] ត្រូវបានសាច់ញាតិ បង ប្អូនរបស់លោកមេភូមិរំលោភយកទាំងបំពាន រហូតមកដល់សព្វថ្ងៃនេះ។ ដោយខ្លាចអំណាចលោករីម ប៊ុនធឿន ជាមេភូមិព្រៃធំ និងកូនចៅប្រជាការពារភូមិ ព្រមទាំងសាច់ញាតិ ទើបប្រជាពលរដ្ឋមិនហ៊ានធ្វើការតវ៉ានោះទេ។ ហើយអ្វីដែលគេចាប់អារម្មណ៍បំផុតនោះ លោក រីម ប៊ុនធឿន ដំបូងឡើយបានសុំកាន់កាប់អាស្រ័យផលនៅលើដីរបស់រដ្ឋទេ ហើយបច្ចុប្បន្ននេះ លោក រីម ប៊ុនធឿន បានធ្វើការសាងសង់លំនៅឋានស្កឹមស្កៃ មានដីធ្លីជាច្រើនហិកតាថែមទៀតផង។
ចំណែកលោក ព្រំ សារី អាយុ៧៤ឆ្នាំ និងលោក ស៊ុន ពឿន អាយុ៥៩ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននិយាយស្រដៀងគ្នាថា ពួកគាត់រស់នៅរាល់ថ្ងៃមានការលំបាកខ្លាំងណាស់ រាប់ឆ្នាំមកហើយ។ ក្តីកង្វល់របស់ពួកគាត់នោះព្រោះតែប្រជាពលរដ្ឋ ពួកគាត់មានជំងឺប្រចាំកាយ លោកមេភូមិព្រៃធំមិនដែលទៅអើតឈ្ងោក ឬទៅសួរសុខទុក្ខម្តងណាឡើយ។ ហើយចំពោះប្រជាពលរដ្ឋក្រីក្រ ខ្វះខាត គ្មានទីពឹង ក៏លោកមេភូមិមិនយកចិត្តទុកដាក់ធ្វើប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រឱ្យដែរ។ ប្រសិនបើប្រជាពលរដ្ឋ លក់ដូរដីធ្លីវិញគឺ លោក រីម ប៊ុនធឿន មេភូមិព្រៃធំតម្រូវឱ្យបង់លុយ ដីលំនៅឋានតម្រូវឱ្យបង់លុយ៤០០ដុល្លារ ហើយបើ ដីកសិកម្មវិញចំនួន៨០០ដុល្លារ ដល់១២០០ដុល្លារក៏មានដែរ ទើបលោកមេភូមិព្រៃធំ ចុះហត្ថលេខាលក់ដូរដីធ្លីនោះ។
ប្រជាពលរដ្ឋដដែលបន្តទៀតថា កាលពីអំឡុងឆ្នាំ២០២២គាត់បានលក់ដីធ្លីរបស់គាត់ ដើម្បីយកលុយទៅព្យាបាលប្រពន្ធរបស់គាត់ដើម្បីបានរស់ ប៉ុន្តែលោក រីម ប៊ុនធឿន តម្រូវឱ្យគាត់បង់លុយចំនួន១២០០ដុល្លារអាមេរិកទើបគាត់ចុះហត្ថលេខាឱ្យលក់ដូរបាន។ ទង្វើរបែបនេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋ អស់ជំនឿលើលោក រីម ប៊ុនធឿន ដែលជាមេភូមិ ដែលប្រព្រឹត្តអំពើពុករលួយបែបនេះ។ គ្មានឆន្ទៈបំរើប្រជាពលរដ្ឋ និង សង្គមនោះឡើយ។
ដោយសារទង្វើរបស់លោក រីម ប៊ុនធឿន មេភូមិព្រៃធំធ្វើបែបនេះ ប្រជាពលរដ្ឋសម្រេចចិត្តផ្តិតមេដៃដាក់ពាក្យបណ្តឹងស្នើសុំអន្តរាគមន៍ទៅលោក មេឃុំ លោកអភិបាលស្រុកឱរ៉ាល់ និង ឯកឧត្តមអភិបាលខេត្ត ដើម្បីដកលោក រីម ប៊ុនធឿន ចេញពីមេភូមិ ហើយដាក់អ្នកថ្មី ដែលមានឆន្ទៈបំរើប្រជាពលរដ្ឋ ប្រយោជន៍រួម និងការអភិវឌ្ឍន៍ជាដើម។
នេះបើយោងតាមគម្រោងដាក់ពាក្យស្នើសុំ របស់ប្រជាពលរដ្ឋ ជាច្រើនមានខ្លឹមសារដូចតទៅ៖ ខ្ញុំបាទ/នាងខ្ញុំជាប្រជាពលរដ្ឋ រស់ រស់នៅក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺជាច្រើនគ្រួសារ។
កម្មវត្ថុ÷ ស្នើសុំឱ្យលោកមេឃុំ លោក អភិបាលស្រុក និងឯកឧត្តមឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ដក លោក រីម ប៊ុនធឿន ជាមេភូមិព្រៃធំបច្ចុប្បន្នចេញពីតំណែង ដោយសារតែលោកមេភូមិរូបនេះប្រព្រឹត្តអំពើពុករលួយ ដូចជា រាល់ពេលដែលប្រជាពលរដ្ឋលក់ដីធ្លី លោកមេភូមិតម្រូវឱ្យប្រជាពលរដ្ឋបង់លុយចាប់ពី៤០០ ដុល្លារ រហូតដល់៨០០ដុល្លារទើប លោករីម ប៊ុនធឿត ចុះហត្ថលេខាឱ្យ បើមិនបានលុយទេ ច្បាស់ជាលោកមេភូមិទុកឯកសារចោលហើយ។
យោងតាមៈ កន្លងមកនៅក្នុងភូមិព្រៃធំមានប្រជាពលរដ្ឋជាង៤០០គ្រួសាររស់នៅ ហើយអង្គការអិល (GIZ) បានប្រគល់គ្រឿងចក្រ(អាត្រាក់ទ័រ)ចំនួន ០២គ្រឿង ទុកសម្រាប់ឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ ប៉ុន្តែបែរជាលោក រឹម ប៊ុនធឿន មេភូមិព្រៃធំដែលកាន់កាប់នោះ ពេលដែលប្រជាពលរដ្ឋទៅយក (អាត្រាក់ទ័រ) ភ្ជួររាស់ដី លោកមេភូមិតម្រូវឱ្យបង់លុយចំនួន៨ម៉ឺនរៀលទៅវិញដែលទង្វើររបស់លោកមេភូមិធ្វើកំពុងប្រព្រឹត្តអំពើពុករលួយពេញបន្ទុកហើយ។មិនតែប៉ុណ្ណោះដីសម្បទានសង្គមកិច្ចដែលក្រសួងរៀបចំដែនដីនគរូនីយកម្មនិងសំណង់បានចែកជូនប្រជាពលរដ្ឋខ្វះខាត ដីលំនៅឋានមានក្បាល៣០ម៉ែត្រ បណ្តោយ៤០ម៉ែត្រ ដីកសិកម្មក្បាល១០០ម៉ែត្រ បណ្តោយ១៥០ម៉ែត្រនោះ ម្ចាស់មិននៅលោក រីម ប៊ុនធឿន មេភូមិព្រៃធំបានដកហូតដីនោះបែងចែកទៅឱ្យសាច់ញាតិរបស់លោកមេភូមិទៅវិញ។ បន្ថែមលើសពីនេះលោក រីម ប៊ុនធឿន មេភូមិព្រៃធំ បានរស់នៅលើដីរបស់រដ្ឋហើយថែមទាំងបែងចែកដីរបស់រដ្ឋទៅឱ្យបក្ខពួកនិងសាច់ញាតិបងប្អូនថែមទៀតផង។
តបតាមកម្មវត្ថុនិងយោងខាងលើ សូមលោកមេឃុំ លោកអភិបាលស្រុក និងឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ធ្វើការដោះដូរលោក រីម ប៊ុនធឿន ចេញពីមេភូមិ ហើយជ្រើសរើសមេភូមិថ្មីដែលចេះគិតគូរពីសុខនិងទុក្ខលំបាកនិងមានឆន្ទៈក្នុងការបំរើផលប្រយោជន៍របស់ប្រជាពលរដ្ឋផងទាន៕
ចែករំលែកព័តមាននេះ