ទីក្រុងវ៉ាស៊ីនតោន៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាមេរិកាំងអ៊ែឡាញ (American Airlines) ដែលមានមនុស្សជិះនៅក្នុងនោះសរុប៦៤នាក់បានបុកគ្នាយ៉ាងពេញទំហឹងជាមួយឧទ្ធម្ភាគចក្រយោធាម៉ាកប្លេកហក (Black Hawk) នៅក្បែរអា កាសយានដ្ឋានជាតិរេហ្គឹនអ៊ែផត (Reagan National Airport) ក្បែរទីក្រុងវ៉ាស៊ីនតោន។
ចំនួនអ្នកស្លាប់ ឬរបួសប៉ុន្មាននាក់មិនទាន់ដឹងច្បាស់នៅឡើយទេដោយសារហេតុការណ៍នេះកើតឡើងនៅពេលយប់។ ប៉ុន្តែគេដឹងថាយន្តហោះនោះធ្លាក់ចូលទៅក្នុងទឹកទន្លេ។ សាក្សីនិយាយថាយន្តហោះដឹកអ្នកដំណើរនោះបានចាកចេញពីរដ្ឋខេនសាសន៍ (Kansas) ហើយរៀបនឹងចុះចតនៅគោលដៅចុងក្រោយ។ ចំណែកឧទ្ធម្ភាគចក្រយោធាដឹកទាហានបីនាក់ និងកំពុងចូលរួមនៅក្នុងលំហាត់សមយុទ្ធមួយ។
ប្រភពខ្លះទៀតអះអាងថាគេបានស្រង់យកមនុស្សបួននាក់ចេញពីក្នុងទឹកទន្លេ។ យន្តហោះនោះដឹកអ្នកដំណើរ៦០នាក់ និងបុគ្គលិករបស់ក្រុមហ៊ុន៤នាក់។ សមត្ថកិច្ចអះអាងថាអាជ្ញាធរមកពីស្ថាប័នចម្រុះកំពុងសហការគ្នាជួយសង្គ្រោះ និងស្វែងរកអ្នកបាត់ខ្លួនយ៉ាងសកម្មនៅទន្លេផូថូម៉ាក (Potomac)។ មនុស្សបួននាក់ដែលគេស្រង់បានពីក្នុងទឹកនោះត្រូវគេដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបាត់ទៅហើយ។
ក្រុមហ៊ុនអាកាសចរណ៍អាមេរិកាំងអ៊ែឡាញបញ្ជាក់ថាយន្តហោះរបស់ខ្លួនពិតជាបានជួបប្រទះនឹងឧបទ្ទវហេតុនេះពិតប្រាកដមែន។ យើងបានទទួលដំណឹងនេះរួចហើយ ហើយយើងនឹងខិតខំប្រមូលព័ត៌មានដើម្បីជម្រាបជូនដំណឹងទៅសាធារណជនឱ្យបានជ្រាបអំពីសភាពការណ៍ថ្មីៗបន្ថែមទៀត។ អភិបាលរដ្ឋម៉ារីលែន (Maryland) លោកវេសមូរ៉េ (Wes Moore) ថ្លែងនៅលើបណ្ដាញអ៊ិចថាគណៈអភិបាលរដ្ឋនេះរួមជាមួយអាជ្ញាធរមូលដ្ឋានកំពុងចូលរួមនៅក្នុងការជួយសង្គ្រោះ។
អភិបាលរដ្ឋខេនសាសន៍ លោកស្រីឡូរ៉ា ខេលី (Laura Kelly) សរសេរនៅលើបណ្ដាញអ៊ិចថាលោកស្រីបានទទួលដំណឹងនេះហើយ ហើយកំពុងទាក់ទងទៅអាជ្ញាធរពាក់ព័ន្ធ។ លោកស្រីកំពុងខ្វាយខ្វល់ចំពោះអ្នកដែលស្ថិតនៅក្នុងយន្តហោះ និងអ្នកពាក់ព័ន្ធដទៃទៀត។
ដំណឹងនេះបានលេចឮទៅដល់លោកត្រាំ។ លោកចេញសេចក្ដីប្រកាសជាបន្ទាន់សម្ដែងការសោកស្ដាយចំពោះឧទ្ទវហេតុនេះ។ លោកក៏សូមអរគុណចំពោះអាជ្ញាធរដែលខិតខំបំពេញការងារជួយសង្គ្រោះលើកនេះ។ លោកនឹងបន្តតាមដានសភាពការណ៍វិវត្តចុងក្រោយ ហើយនឹងបន្តផ្ដល់ព័ត៌មានលម្អិតនៅពេលក្រោយទៀត។ ចំណែកអនុប្រធានាធិបតីអាមេរិក លោកជេឌីវេន (JD Vance) សូមជូនពរឱ្យអ្នកដំណើរទាំងអស់មានសំណាងល្អ ហើយសង្ឃឹមថាពួកគេមិនជួបនឹងហេតុការណ៍អាក្រក់អ្វីទេ។ ព័ត៌មានចុងក្រោយបង្ហាញថាគេស្រង់បានសាកសពជនរងគ្រោះយ៉ាងតិច១៨នាក់ពីក្នុងទឹកទន្លេ។ លោកត្រាំប្រកាសថានេះជាឧបទ្ទវហេតុដែលគួរណាស់ទប់ស្កាត់ឱ្យបានទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ