រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាលមិនការពារបូរណភាពទឹកដី និងលើកតម្កើងកិត្យានុភាពជាតិនោះទេ។
ការលើកឡើងរបស់សម្តេចបវរធិបតី បន្ទាប់ពីក្រុមប្រឆាំងតែងតែរិះគន់ និងចាក់ឲ្យរាជរដ្ឋាភិបាលឆ្លើយតបជាមួយខ្លួនដោយលើយកបញ្ហាព្រំដែនមកនិយាយនៅលើបណ្តាញសង្គមជាបន្តបន្ទាប់។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យ ធនធានមនុស្ស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការស្រលាញ់ជាតិ អ្នកណាក៏ស្រលាញ់ ហើយកូនខ្មែរត្រូវតែព្រួយបារម្ភ ប៉ុន្តែសកម្មភាព និងការស្រលាញ់មិនត្រូវឱ្យឲ្យមានការ បែកបាក់ជាតិដែលជាកត្តាធ្វើឲ្យបាត់បង់ ។
សម្តេចបវរធិបតីបន្ដថា បញ្ហាព្រំដែនត្រូវដោះស្រាយតាមរយៈសន្តិវិធី ដោយការចរចា ហើយការការពារជាតិមិនមែនជាការស្រែកហ្វេសបុកនោះទេ ។ សម្ដេចថា រាជរដ្ឋាភិបាលមិនឆ្លើយឆ្លងលើហ្វេសប៊ុក មិនមែនរដ្ឋាភិបាលមិនគិតគូរលើរឿងជាតិ និងបូរណភាពទឹកដីនោះទេ ប៉ុន្ដែរដ្ឋាភិបាលកំពុងធ្វើរាល់ថ្ងៃ លើកិច្ចការងារកសាងជាតិ និងបូរណភាពទឹកដីនេះ។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «រដ្ឋាភិបាលមិនឆ្លើយឆ្លងតាម
ហ្វេសប៊ុក មិនមែនបានន័យថា រដ្ឋាភិបាលមិនធ្វើការ ដើម្បីការពារកសាងពង្រឹងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍន៍ប្រទេសរបស់យើង លើកកម្ពស់ជាតិយើងឆាកអន្ដរជាតិនោះទេ យើងធ្វើរាល់ថ្ងៃ»។
សម្តេចបវរធិបតីបានលើកឡើងថា អ្វីដែលរាជរដ្ឋាភិបាលបានកំពុងធ្វើគឺ៖ ទី១.ការចរចាបោះបង្គោលព្រំដែនឲ្យបានច្បាស់លាស់ ។ ទី២.ការជំរុញឲ្យប្រជាពលរដ្ឋទៅរស់នៅលើដី ដែលបានដោះគ្រាប់មីនរួចហើយ , ការអភិវឌ្ឍការធ្វើផ្លូវ។ ទី៣.ធ្វើអ្វីតាមផ្លូវច្បាប់ និងរក្សា អ្វីដែលកំពុងមានដោយមិនឲ្យបាត់បង់។
សម្តេចបវរធិបតីបានអះអាងថា ទោះបីជារដ្ឋាភិបាលមិនបានឆ្លងឆ្លើយតាមហ្វេសប៊ុក មិនមានន័យថា រាជរដ្ឋាភិបាលមិនធ្វើការដើម្បីការពារកសាង ពង្រឹងបូរណភាពទឹកដី និងជំរុញ ការអភិវឌ្ឍប្រទេសលើកកម្ពស់ជាតិនៅលើឆាកអន្តរជាតិនោះទេ។
«ថ្ងៃនេះក៏យើងធ្វើដែរ គឺយើងពង្រឹងធនធានមនុស្ស ពង្រឹងភាពជាម្ចាស់ការរបស់ប្រទេស ពង្រឹងភាពជាម្ចាស់ការអធិបតេយ្យភាព កំណត់ជោគវាសនាខ្លួនឯង ។ នេះហើយយើងធ្វើ រាល់ថ្ងៃ ស្រឡាញ់ជាតិ គឺយើងធ្វើបែបនេះ»។នេះបើតាមការបញ្ជាក់របស់ សម្តេចបវរធិបតីហ៊ុន ម៉ាណែត។
សម្តេចបវរធិបតីបានលើកឡើងថា៖យើងមិនចាំតែមួយថ្ងៃៗលើកគ្រវីទង់ជ័យស្រែកជេរគ្នា ប្រឆាំងនេះប្រឆាំងនោះ គឺមិនចាំបាច់ទេ ដោយមករួមគ្នាធ្វើការវិញល្អជាង៕
ចែករំលែកព័តមាននេះ