ទីក្រុងប៊ែឡាំង៖ បន្ទាប់ពីលោកហ្សេឡិនស្គីរិះគន់អធិការបតីអាល្លឺម៉ង់ លោកសូល ខ្លាំងៗដែលមិនព្រមប្រគល់គ្រាប់មីស៊ីលម៉ាកថូរ៉ូស (Taurus) ទៅឱ្យអ៊ុយក្រែនតាមសំណូមពរ អគ្គលេខាធិការអង្គការណាតូយល់ថាមិនគួររិះគន់គាត់ទេ។ លោកម៉ាករ៉ាត់ចាត់ទុកថាការដែលលោកហ្សេឡិនស្គីរិះគន់លោកសូលឡើងបោរមុខនោះហាក់ដូចជាមិនសមទំនងទាល់តែសោះ។
អាល្លឺម៉ង់ជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនពិតមែនហើយ។ ប៉ុន្តែលោកសូលមិនសូវហ៊ានប៉ះជាមួយរុស្ស៊ីទេព្រោះខ្លាចរុស្ស៊ីវាយបកវិញនាំឱ្យសាច់មិនបានស៊ីយកឆ្អឹងព្យួរកតែប៉ុណ្ណោះ។ ហេតុនេះ ទោះបីអ៊ុយក្រែនអង្វរងោចៗដើម្បីស្នើសុំគ្រាប់មីស៊ីលថូរ៉ូស (Taurus) របស់អាល្លឺម៉ង់វាយប្រហារចូលជ្រៅៗទៅក្នុងទឹកដីរុស្ស៊ីយ៉ាងណាក៏ដោយ ក៏លោកសូលមិនព្រមធ្វើតាមដែរ។
ថ្មីៗនេះទៀតលោកសូលអំពាវនាវយ៉ាងទទូចថាដាច់ខាតកុំឱ្យប៉ះទង្គិចគ្នារវាងរុស្ស៊ី និងអង្គការណាតូឱ្យសោះ។ បើមិនដូច្នេះទេ គ្រោះមហន្តរាយដ៏មហាវិនាសនឹងកើតមានជាក់ជាមិនខានឡើយ។ ការដែលលោកសូលនៅតែរួញរា និងអល់អែលក្នុងការផ្ដល់គ្រាប់មីស៊ីលថូរ៉ូសអាចជាមូលហេតុធំដែលធ្វើឱ្យលោកហ្សេឡិនស្គីទប់កំហឹងលែងជាប់ ហើយក៏ពន្លះមួយរយៗ។
អ៊ុយក្រែននៅខ្សោយខ្លាំងណាស់ផ្នែកវាយបកគ្នាទៅវិញទៅមកជាមួយរុស្ស៊ី។ អ៊ុយក្រែនភាគច្រើនត្រៀមទប់ទល់តែប៉ុណ្ណោះ។ ចំណែករុស្ស៊ីវិញបញ្ចេញយកមកប្រើអស់ហើយតាំងពីគ្រាប់មីស៊ីលលឿនជាងសំឡេង (ហាយពើសូនិច -hypersonic)។ ម៉ាកអូរេស្នីក។ រុស្ស៊ីបាញ់ផ្ដក់មីស៊ីលនេះដាក់ទីក្រុងឌីនីប្រូ(Dnipro)របស់អ៊ុយក្រែនលាន់កក្រើកមេឃាប្រៀបាននឹងរន្ទះបាញ់។ លោកពូទីនអះអាងថាខែលការពារដែនអាកាសរបស់លោកខាងលិចគ្មានសមត្ថភាពទប់ទល់នឹងមីស៊ីលនេះបានឡើយ។
តាមមើលទៅ អគ្គលេខាធិការអង្គការណាតូប្រហែលជាមិនអាចអត់ធ្មត់តទៅទៀតទេនូវភាសារិះគន់របស់លោកហ្សេឡិនស្គីចំពោះថ្នាក់ដឹកនាំអាល្លឺម៉ង់។ លោកថ្លែងថាលោកបានប្រាប់លោកហ្សេឡិនស្គីជាច្រើនដងរួចមកហើយថាគួរឈប់រិះគន់លោកសូលតទៅទៀត។ លោកយល់ថាទោះបីរិះគន់ទៅក៏គ្មានបានប្រយោជន៍អ្វីដែរ ហើយរិះគន់ទាំងខុសរឿងទៅទៀត។
ទោះបីលោកសូលមិនផ្ដល់មីស៊ីលថូរ៉ូសទៅអ៊ុយក្រែនជាការសម្រេចចិត្តរបស់គាត់ទៅចុះ។ ប៉ុន្តែលោករ៉ាត់ថ្លែងថាបើចំពោះលោកវិញលោកនឹងផ្ដល់មីស៊ីលនេះទៅឱ្យអ៊ុយក្រែនបាញ់មួយសេរីដោយមិនកំណត់បាញ់ជិត ឬឆ្ងាយ ឬបាញ់តិច ឬច្រើននោះទេ។ លោករ៉ាត់ទទួលស្គាល់ថាបើមានមីស៊ីលទាំងនេះនៅក្នុងដៃ អ៊ុយក្រែនក៏អាចមានកម្លាំងនៅក្នុងការតស៊ូផងដែរ។
គួរកត់សម្គាល់ថាលោកហ្សេឡិនស្គីចាប់ផ្ដើមបង្ហាញការមិនពេញចិត្តចំពោះទង្វើរបស់ថ្នាក់ដឹកនាំអាល្លឺម៉ង់បន្ទាប់ពីដឹងថាលោកសូល និងលោកពូទីនបានសន្ទនាគ្នាតាមទូរស័ព្ទកាលពីខែវិច្ឆិកាបន្ទាប់ពីលោកសូលដឹងថាលោកត្រាំឈ្នះឆ្នោតនៅអាណត្តិថ្មី។ លោកហ្សេឡិនស្គីយល់ថាការនិយាយទូរស័ព្ទស្ងាត់ៗបែបនេះធ្វើឱ្យមានការមិនទុកចិត្តគ្នានៅក្នុងចំណោមក្រុមសម្ព័ន្ធមិត្ត ហើយធ្វើឱ្យមានសំឡេងបែកខ្ញែកគ្នា។ បើទុកជាទៅថ្ងៃមុខមានកិច្ចព្រមព្រៀងសន្តិភាពក៏គ្មានយុត្តិធម៌ដែរ។
ទោះបីលោកហ្សេឡិនស្គីរិះគន់យ៉ាងណាក៏ជាការឥតប្រយោជន៍ដែរ។ គេត្រូវរង់ចាំមើលលទ្ធផលបោះឆ្នោតនៅអាល្លឺម៉ងជាមុនសិនដើម្បីចង់ដឹងថាតើលោកសូលនឹងបន្តដឹកនាំអាល្លឺម៉ង់ទៀតឬយ៉ាងណា។ លោកសូលច្រើនមានទម្លាប់ដើរនយោបាយចាក់ខ្សែតែបែបនេះឯង។ មូលហេតុដូចជម្រាបជូនពីខាងដើមស្រាប់ លោកបារម្ភអំពីផលប្រយោជន៍ជាតិរបស់ខ្លួនឯង។ បើមានរឿងធំជាមួយរុស្ស៊ីគ្មាននរណាជួយនរណាទេ។ គឺមានតែខ្លួនទីពឹងខ្លួនតែប៉ុណ្ណោះ។ កាលពីពេលលោកម៉ាក្រុងប្រកាសថាលោកអាចនឹងបញ្ជូនទ័ពទៅអ៊ុយក្រែន លោកសូលក៏ចេញមុខប្រកាសដែរថាលោកមិនធ្វើតាមលោកម៉ាក្រុងទេ៕
ចែករំលែកព័តមាននេះ