ខេត្តកណ្តាល ៖ កម្លាំងនគរបាលក្រុងតាខ្មៅ ចាប់បានជនសង្ស័យម្នាក់ជាស្ត្រី ដែលឆ្លៀតឱកាសម្ចាស់ម៉ូតូភ្លេចដកសោ ស្ត្រីសង្ស័យបានធ្វើសកម្មភាពឡើងជិះម៉ូតូ បានសម្រេច ទាំងកណ្តាលថ្ងៃត្រង់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ២១០ ភូមិព្រែកសំរោង ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ មកចតទុកនៅខាងមុខហាងលក់កាំមេរ៉ាសុវត្ថិភាព តាមបណ្តោយផ្លូវលេខ២១០ ដោយស្របពេលនោះ រូបគាត់បានភ្លេចដកកូនសោចេញពីម៉ូតូ។ បន្ទាប់មក ស្រាប់តែមានជនសង្ស័យ០៣នាក់ ក្នុងនោះប្រុស០២នាក់ និងស្រី០១នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានមកឈប់នៅខាងមុខហាង។
ជនរងគ្រោះ បន្តថា ពេលនោះដោយឃើញឱកាសល្អ ជនសង្ស័យជាស្ត្រី បានចុះទៅលួចម៉ូតូជនរងគ្រោះជិះចេញទៅ ស្របពេលនោះ ជនរងគ្រោះបានចេញមកទាន់ ហើយស្រែកថាចោរៗ ក៏ផ្អើលដល់ប្រជាពលរដ្ឋ ព្រមទាំងសមត្ថកិច្ចក្រុងតាខ្មៅ កំពុងល្បាត ក៏បានជិះប្រដេញតាមរហូតដល់ស្តុបផ្លូវលេខ១១០ ទើបចាប់ឃាត់ខ្លួនបានស្រី្តជនសង្ស័យម្នាក់ ចំណែកបក្ខពួកជំនួន០២នាក់ទៀត បានជិះរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ន ស្ត្រីជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ