កំពុងផ្ទុះការខឹងសម្បារជំនួសលោកមេបា និងកូនកំលោះកូនក្រមុំទៅលើមនុស្សស្និទស្នាលមួយក្រុម រហូតមហាជនលើកឡើងថា ថ្ងៃមង្គលការ ជាថ្ងៃសិរីសួស្ដី ប៉ុន្តែជានាំគ្នាលេងសើចមិនសមរម្យដែលពុំគប្បីទាល់តែសោះ ។
ពិធីសំពះផ្ទឹមចងដៃ គឺជាពិធីកិច្ចមួយដ៏មានសារសំខាន់ដែលមិនរំលងបានក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ តាមបែបប្រពៃណីខ្មែរ មិនតែប៉ុណ្ណោះអត្ថន័យដ៏សំខាន់នៃការប្រាព្ធពិធីមួយនេះ ត្រូវបានគេចាត់ទុកថា ជាពិធីរួមខ្នើយតែមួយ ដើម្បីបង្ហាញថា កូនកំលោះ និងកូនក្រមុំ គឺបានក្លាយទៅជាប្តីប្រពន្ធពេញសិទ្ធ ដោយមានលោកអ្នកមានគុណបងប្អូនសាច់ញាតិនិងមិត្តស្និទស្នាល ទាំងសងខាង ចូលមកចងដៃ មិនថាជាលុយ ឡាន វីឡា គ្រឿងអល្លង្កាទៅតាមលទ្ធភាព ដើម្បីជាពរជាជ័យសេរីសួស្តីសុភមង្គលដល់គូស្វាមីភរិយាថ្មោងថ្មី ។
ប៉ុន្តែចង្រៃអី ពិធីសំពះផ្ទឹមចងដៃក្នុងថ្ងៃមង្គលការមួយ ដែលមិនត្រូវបានបញ្ជាក់អោយដឹងពីទីតាំងភូមិស្រុកខេត្តក្រុងណានោះទេ គ្រាន់តែដឹងថា បានរៀបចំធ្វើកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ដែលត្រូវបានមហាជនលើបណ្តាញសង្គមផ្ទុះការរិះគន់ យ៉ាងចាស់ដៃទៅលើអ្នក ចូលរួមទាំងក្មេងទាំងចាស់មានប្រុសស្រីថា ជាការលេងសើចជ្រុលបែបតាណើបៗ ជោរៗ ហួសព្រំដែន ខុសប្រពៃណីដ៏ផូផង់របស់ខ្មែរ ព្រោះតែពួកគេបានយកទាំងអំបោះ ទាំងស្នូកកើបសំរាម រួមទាំងរបស់របរមិនគួរគប្បីដែលត្រូវគេចាត់ទុកថា ជាវត្ថុមិនមែនសេរី យកមកចងដៃដល់កូនប្រុសកូនស្រីនៅក្នុងពិធីសំពះផ្ទឹមចងដៃទៅវិញ ។
សន្ទុះនៃការរិះគន់របស់មហាជន ក្រោយពីពួកគាត់បានឃើញវីដេអូខ្លី២ឃ្លីប ដែលបង្ហោះដោយគណនីហ្វេសបុក Chay Chet កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានដាក់ចំណងជើងថា «ភាពប្រែប្រួលនៃតម្លៃវប្បធម៌ប្រពៃណី»។ ខាងក្រោមនេះ កម្មវិធី 60 Buzz នៃសារព័ត៌មានកោះសន្តិភាព សូមដកស្រង់មតិយោបល់របស់មហាជនមួយចំនួនមកជម្រាបជូនលោកអ្នក៖
-គណនី BouNy Seyla បានលើកឡើងថា «ពិធីចងដៃ ជាពេលវេលាទទួលពរជ័យពីមេបាតូចធំ ព្រឹទ្ធាចារ្យ បងប្អូន ញាតិផៅ ល ។ កុំលេងសើច ដូចប្រទេសជិតខាង ចាស់បុរាណលោកពោលទុក «វប្បធម៌ ពណ្ណរាយ ជាតិថ្កើនថ្កាន » មិនខ្វះអ្វីគួរលេងទេ !» ។
-គណនី Bun Neang រិះគន់ថា «យូរៗទៅក៍កាន់តែបាត់បន្តិចម្តងៗ ដោយសារមនុស្សខ្វះការពិចារណាលេងសើចភ្លេចគិតពីរវប្បធម៍ទំនៀមទំលាប់របស់ខ្មែរ មុននឹងយើងលេងយើងបានគិតថា វាគួរលេងរឺមិនគួរលេង នេះជាវប្បធម៍របស់ខ្មែរមិនមែនចេះប៉ាតណាប៉ាតណីបានទេ រឿងយល់ផង ថាក្មេងទៅមិនដឹងអី ចាស់ៗអស់ក៍យ៉ាប់ទៅទៀត»។
-Somaly TK ចោទជាសំណួរបែបហួសចិត្តថា «ឯណាទៅពាក្យថាប្រពៃណីខ្មែរដែលដូនតាបន្សល់ទុកបើកូនខ្មែរមិនថែរក្សាផងតើអោយអ្នកណាមកថែរក្សាអោយយើងទៅឱខ្មែរអើយ
-គណនី BoBo Lay និងគណនី Jee Vy ថ្លែងដោយអាណិតកូនកំលោះកូនក្រមុំនិងលោមេបាថា « ប្រពៃណីសែនចងដៃដ៏ធូរធង់ បែជាមនុស្សអគតិមួយក្រុមបំផ្លាញអស់ អាណិតតែកូនកំលោះក្រមុំទេ សើចលែងសមបាត់» «លេងបែបអត់ខួរគិត ធ្ងន់ជាងគេអំបោសនឹងតែម្តងអពមង្គលណាស់ ពួកនេះបានចូលសាលាអត់បានភ្លើរចឹង ខឹងជំនួសចាស់ៗម៉ង» ។
-គណនី ស្រី ណាម អោយជាយោបល់ថា «បើចង់លេងរបៀបនឹង គួរតែចាំដល់ពេលកូនកំលោះកូនក្រមុំប្ដូរសំលៀកបំពាក់ប្រពៃណីចេញសិនទៅ វាល្អសើច និងមិនធ្វើឲ្យពិបាកមើលផង!» ។
បន្ថែមពីលើមតិរិះគន់របស់មហាជនទាំងនេះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ដែលជាអ្នកប្រកបរបរម្ចាស់សំអាងការ បានប្រតិកម្មខ្លាំងៗ ទៅលើ អំបោស និងប្រដាប់ចូកសំរាម ដែលមិនគួរយកទៅដាក់លើខ្នើយផ្ទឹមដែលជាសិរីមង្គលទេ។ ក្នុងចំណោមនោះដែរ ម្ចាស់សំអាងការមួយរូបបានអះអាងថា « ខ្ញុំអ្នកសំអាងបង ខុសត្រង់អំបោសតែម្តង ដោយសារអំបោសគឺមិនអាចដាក់យកលើផ្ទឹមបានទេ ខ្នើយផ្ទឹមនេះសូម្បីតែដើរកន្លងក៏គេមិនឲ្យដើរផង តែនេះអំបោស យកមកដាក់លើខ្នើយផ្ទឹម គឺហាមដាច់ខាត» «បើចង់លេងសើច លេងអោយឆ្ងាយពីខ្នើយផ្ទឹម ថងរោង គ្រឿងទាំងនេះគ្រឿងសេរីមង្គល ដល់ធ្វើចឹងអពមង្គលអស់ហើយ»។
មានបងប្អូនណាដឹងថា តើពិធីមង្គលការមួយនេះធ្វើរនៅភូមិស្រុកណា? ពិតជាចង់ដឹងណាស់ តើកូនកំលោះកូនក្រមុំ និងឳពុកម្តាយ ពួកគាត់មានអារម្មណ៍បែបណា?
ចុះបើលោកអ្នកជាកូនកំលោះកូនក្រមុំ ឬជាសាច់ញាតិ ពេលជួបរឿងបែបនេះតើលោកអ្នកនឹងធ្វើយ៉ាងណា?
ចែករំលែកព័តមាននេះ