រាជធានីភ្នំពេញ ៖ វគ្គសាមគ្គីអូឡាំពិកស្ដីពីគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិត១ ដែលបានដំណើរការចាប់តាំងពីថ្ងៃទី២ ធ្នូ រហូតមកនោះបានបិទបញ្ចប់ជាស្ថាពរហើយកាលពីថ្ងៃល្ងាចទី៩ ធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ដោយបានការចូលរួមពីលោកប៊ុយ សុភ័ណ្ឌ តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក TREVOR JAMES គ្រូឧទ្ទេសអន្តរជាតិរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ ITTF បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់របស់អ្នកទាំងអស់គ្នាអំឡុងមួយសប្ដាហ៍នេះ ។ លោកសូមថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ជាពិសេសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិITTF ដែលបានបង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាលនេះឡើង។
លោក TREVOR JAMES បន្តថា មួយសប្ដាហ៍សម្រាប់គ្រូបង្វឹកទាំងអស់ ធ្វើឱ្យពួកគាត់ទទួលបាននូវបទពិសោធន៍ក្នុងការរៀនអ្វីៗដែលថ្មីៗ ហើយថែមទាំងបានជម្រះចិត្តស្មារតីនិងពង្រឹងលើជំនាញដែលបានចេះរួចពីមុនមក។ការបង្វឹកជាញឹកញយ តម្រូវឱ្យមានសិល្បៈនៃការផ្ទេរចំណេះដឹង ដែលមានក្នុងនាមជាអត្តពលិកម្នាក់ចូលទៅក្នុងការងាររបស់គ្រូបង្រៀន។ អារម្មណ៍គឺខុសគ្នាខ្លាំងចំពោះតួនាទីទាំងពីរនេះ។
លើសពីនេះ មានទំនួលខុសត្រូវជាច្រើនទៀតដូចជា អ្នករៀបចំផែនការ អ្នករៀបចំ អ្នកលើកទឹកចិត្តជាមិត្តភ័ក្ដិ អ្នកគ្រប់គ្រង អ្នកវិទ្យាសាស្ត្រនិងជាទីប្រឹក្សាជាដើម ដែលផ្នែកទាំងអស់មានទំនួលខុសត្រូវច្រើន ដែលមាននៅក្នុងវគ្គសិក្សានេះ ។ អ្វីដែលយើងបានរៀននៅក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេលមួយសប្ដាហ៍មកនេះ គឺការបង្វឹកកម្រិតដំបូង និងតាមសាលារៀន មគ្គុទ្ទេសក៍ ជំនួយពីការសង្គ្រោះបឋមកម្រិតស្រាល សកម្មភាពសប្បាយៗសម្រាប់សកម្មភាពកីឡាវាយកូនឃ្លីលើតុ បច្ចេកទេសចេញសេវា និងមូលដ្ឋានគ្រឹះនៃការបំលាស់ទីជាដើម។
លោក ប៊ុយ សោភ័ណ្ឌ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់សិក្ខាកាមទាំងអស់ក្នុងការស្រូបយកចំណេះដឹងថ្មីៗពីគ្រូឧទ្ទេសកម្រិតអន្តរជាតិ ពាក់ព័ន្ធ
នឹងគោលការណ៍គ្រឹះនៃការបង្វឹកកីឡាវាយកូនឃ្លីលើតុ ។
វគ្គបណ្ដុះបណ្ដាលនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡាវាយកូនឃ្លីលើតុនៅកម្ពុជា ហើយលោកក៏សង្ឃឹមថា សិក្ខាកាមទាំងអស់យកចំណេះដឹងនិងបច្ចេកទេសថ្មីៗ ទៅប្រើប្រាស់អភិវឌ្ឍធនធានអត្តពលិក ឈានឆ្ពោះទៅការប្រកួតប្រកបដោយជោគជ័យទាំងកម្រិតជាតិនិងកម្រិតអន្តរជាតិ ជាពិសេសរួមចំណែកជាមួយសហព័ន្ធ ដើម្បីអភិវឌ្ឍធនធានអត្តពលិកយុវជន ថ្នាលត្រៀមការប្រកួតកីឡាយុវជនអាស៊ីហ្គេមឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ