ខេត្តសៀមរាប ៖ ករណីបាញ់ប្រហារលើកអ្នកសារព័ត៌មានអនឡាញម្នាក់នៅខេត្តសៀមរាបកន្លងមកនេះ ជនសង្ស័យត្រូវបានចាប់ខ្លួនសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។ សូមរំលឹកថា៖ អ្នកសារព័ត៌មានវ័យចំណាស់១រូប ត្រូវខ្មាន់កាំភ្លើ.ងលួ.ចបា.ញ់ប្រហារ ខណៈកំពុងយកព័ត៌មាន
យោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានលើកឡើង ថា សារព័ត៌មានមួយចំនួនបានចុះផ្សាយអំពីករណីប៉ុនប៉ងមនុស្សឃាតពីជនមិនស្គាល់អត្តសញ្ញាណ បានលបលួចបាញ់មួយគ្រាប់ដោយប្រើប្រាស់អាវុធកែច្នៃទៅលើឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរជាអ្នកយកព័ត៌មាន កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៨ និង០០នាទីយប់ នៅក្នុងភូមិសាស្ត្រ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា ពាក់ព័ន្ធនឹងករណីខាងលើនេះ អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាកងកម្លាំង នគរបាលនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងបានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរព័ត៌មានបន្ថែមអំពីករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា និងទទួលបានចម្លើយសារភាពពីជនសង្ស័យ គឺដោយសារទំនាស់បុគ្គល ។
ប្រភពបានបន្តថា ក្រោយពីការផ្តល់ចម្លើយរួចមក ជនសង្ស័យត្រូវបានស្នងការដ្ឋាននគរបាលខេត្តរៀបចំអនុវត្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់អ្នកសារព័ត៌មានក៏ដូចជាសាធារណជនឱ្យបានជ្រាបថា បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ។
បច្ចុប្បន្ននេះ អ្នកជំងឺកំពុងទទួលការព្យាបាល និងការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ ៕
ចែករំលែកព័តមាននេះ