ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​បវរ​ធិ​បតី​ ចាត់​ទុកការ​ចុះ «​ក្រមា​» ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​របស់​អង្គការ​យូ​ណេ​ស្កូ ជា​មោទនភាព​ថ្មី​មួយទៀត​ សម្រាប់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា

2 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា ការ​ចុះ «​ក្រមា​» ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី…

រាជធានី​ភ្នំពេញ ​៖ ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា ការ​ចុះ «​ក្រមា​» ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី ​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ តាម​រយៈសេចក្ដីសម្រេច 19.COM 7.b.27 គឺជា​មោទនភាព​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​អាណត្តិ​ទី​៧ ដែល​បាន​សម្រេច​ នូវ​សមិទ្ធផល​សម្រាប់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល​ ។

យោង​តាម​រយៈ​សារលិខិត​ផ្ញើ​ជូន​ជនរួមជាតិ​កម្ពុជា នៅ​ព្រលប់​ថ្ងៃ​ទី​៤ ធ្នូ ឆ្នាំ​២០២៤​ សម្ដេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បានឱ្យ​ដឹង​ថា ការ​ចុះបញ្ជី​នេះ​ បាន​ផ្តល់​នូវ​តម្លៃ​ដូច​គ្នា​ចំពោះ​កម្ពុជា និង​សហគមន៍​អន្តរជាតិ នូវ​កាតព្វកិច្ច ​នៃ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការ​ថែរក្សា ការពារ និង​លើកតម្កើងគុណ​តម្លៃ «​ក្រមា​» ទុកជា​កេរ​មរតក​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​តរៀង​ទៅ​ ។

ក្នុង​ឱកាស​ដ៏​មហាប្រសើរ​នេះ សម្ដេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី សូម​ព្រះ​បរម​រាជានុញ្ញាត​សម្តែង ​នូវ​អំណរ​ព្រះ​គុណ​ដ៏​ជ្រាលជ្រៅ​វិសេសវិសាល​ថ្វាយ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ និងព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ព្រះ​អង្គ​ទ្រង់​តែង​ប្រោស​ព្រះ​រាជទាន​ នូវ​ការ​គាំទ្រ​ជា​និច្ចកាល ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែងរបស់​រាជរដ្ឋាភិបាល ​ក្នុង​វិស័យ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ជា​ពិសេស​បេតិកភណ្ឌ​វប្បធម៌​អរូបី​ដែល​ងាយ​ប្រឈម​នឹង​ការ​បាត់បង់ ​។

សម្ដេច​បវរ​ធិ​បតី ​នាយក​រដ្ឋមន្ត្រី ក៏​សូម​ឆ្លៀត​ក្នុង​ឱកាស​នេះ សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​គាំទ្រ និង​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​នានា អ្នកជំនាញ​ជាតិ​-​អន្តរជាតិ សហគមន៍​តម្បាញ​ក្រមា សមាគម​ន៍​ក្រមា ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​នានា រហូត​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​ចុះ «​ក្រមា​» ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​នា​ពេល​នេះ​។ ជាមួយ​គ្នា​នេះ ​សម្ដេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ដែល​បាន​បន្ត​ថែរក្សា ផលិត និង​ប្រើប្រាស់​ក្រមា​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ដែល​ជា​អត្តសញ្ញាណ​របស់​ជាតិ​តាំងពី​ដើម​រៀង​មក ​។

ដើម្បី​អបអរសាទរ ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា សម្ដេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី សូម​អំពាវនាវ​ចំពោះ​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍ និង​បណ្ដាញ​ព័ត៌មាន​ទាំងអស់ មេត្តា​ចូលរួម​សហការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍ ​ដែល​ជា​មោទនភាព​ជាតិ​ដ៏​មាន​សារៈសំខាន់​នេះ​ឱ្យ​បាន​ទូលំទូលាយ​បំផុត ​។

សូម​រម្លឹក​ជូន​ថា នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ទីក្រុង​អា​សង់​ស្យុ​ង (Asunción) សាធារណរដ្ឋ​ប៉ា​រ៉ា​ហ្គា​យ (Republic of Paraguay) បាន​ក្លាយជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​របស់​ជាតិ​កម្ពុជា​ទាំងមូល ដោយ​គណៈកម្មការ​អន្តររដ្ឋាភិបាល​ដើម្បី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ​បាន​អនុម័ត យល់ព្រម​ចុះ «​ក្រមា​» ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​ន​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ តាម​រយៈ សេចក្ដីសម្រេច 19.COM 7.b.27 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ