ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​មុខងារសាធារណៈ មិន​មាន​គម្រោង​ជ្រើសរើស​មន្ត្រី​ថ្មី ដើម្បី​បម្រើ​ការងារក្នុង​ក្រប​ខណ្ឌ​របស់​ខ្លួន​នោះ​ទេ

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ប្រកាស​ថា មិន​មាន​គម្រោង​ជ្រើសរើស​មន្ត្រី​ថ្មី ដើម្បី​ចូល​បម្រើ​ការងារ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ប្រកាស​ថា មិន​មាន​គម្រោង​ជ្រើសរើស​មន្ត្រី​ថ្មី ដើម្បី​ចូល​បម្រើ​ការងារ ក្នុង​ក្រប​ខណ្ឌ​របស់​ខ្លួន​នោះ​ទេ ដោយឡែក ប្រសិនជា​ក្នុង​ករណី​ចាំបាច់ ក្រសួងនឹង​ជ្រើសរើស​មន្ត្រី​ផ្អែក​លើ​មូលដ្ឋាន​ចំនួន​៣ ​។

យោង​តាម​បណ្តា​សង្គម​របស់​ក្រសួង​មុខងារសាធារណៈ​ នៅ​ថ្ងៃ​ទី​៧ ​ខែវិច្ឆិកា​ បាន​ឲ្យ​ដឹង​ថា ​មូលដ្ឋាន​ចំនួន​៣នោះ​ រួម​មាន ​៖
១-​ចំនួន​ដែល​ត្រូវ​ជ្រើសរើស​ផ្អែក​លើ​ចំនួន​មន្ត្រី​ ដែល​បាន​ចូល​និវត្តន៍ ចំនួន​២៧​កន្លែង
២-​ជ្រើសរើស​តែ​មន្ត្រី ​ដែល​មាន​ជំនាញ​បច្ចេកទេស ឬ​ស្ថិត​ក្នុង​មូលដ្ឋាន​ នៃ​បច្ចេកវិទ្យា ឬ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល
និង​៣-​ជា​ការ​ជ្រើសរើស​មន្ត្រី ​ផ្អែក​លើ​កិច្ចព្រមព្រៀង​ការងារ ​។

ប្រមុខ​ដឹកនាំ​ក្រសួង​មុខងារសាធារណៈ បានឱ្យ​ដឹង​ទៀត​ថា ទន្ទឹម​នេះ ក្រសួង​មុខងារសាធារណៈ បាន​និង​កំពុង​អនុវត្ត​ការ​កែទម្រង់​ផ្ទៃក្នុង​របស់​ខ្លួន​ជា​បន្តបន្ទាប់ តាម​រយៈ​ការ​ពិនិត្យ​ឡើង​វិញ ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​របស់​ក្រសួង​ផ្ទាល់ ការ​ពង្រឹង​វត្តមាន​មន្ត្រី ការ​រៀបចំ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​កន្លែង​ការងារ​ជូន​មន្ត្រី ការ​បែងចែក​តួនាទី និង​ភារកិច្ច​ស្រប​តាម​គុណវុឌ្ឍិ​របស់​មន្ត្រី ការ​ពង្រាយ​មន្ត្រី ការ​បណ្តុះបណ្តាល អភិវឌ្ឍ​សមត្ថភាព​មន្ត្រី ការ​ដាក់​អនុវត្ត​ប្រព័ន្ធ​លើកទឹកចិត្ត​គាំទ្រ​សមិទ្ធកម្ម​មន្ត្រី រួម​ទាំង​ការងារ​ផ្សេង​ទៀត​ក្នុង​គោលដៅ​ចូលរួម​ធ្វើ​ទំនើប​កម្ម និង​រៀបចំ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ ​ដែល​មាន​សមត្ថភាព​ខ្ពស់ ខ្លាំង វៃឆ្លាត និង​ស្អាតស្អំ​ ។

ក្រសួង បន្ដ​ថា ទាំងនេះ​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​ក្រសួង ស្ថាប័ន​ផ្សេង​ៗ​ទៀត ដើម្បី​សម្រេច​ឱ្យ​បាន​ នូវ​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ ស្រប​តាម​ទស្សនវិស័យ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។

សូម​ជម្រាប​ថា ​ខ្លឹមសារ​របស់​ឯកឧត្តម ​ហ៊ុន ម៉ា​នី ​ខាង​លើនេះ ​ជា​ផ្នែក​មួយ ​ដែល​ឯក​ឧត្ត​ម ​បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា និង​កិច្ចប្រជុំ ស្តី​ពី​ការ​ពិនិត្យ​ឡើង​វិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង ស្ថាប័ន​នា​ពេល​កន្លង​មក ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ