ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​បិទ​នេសាទ​៥​ខែ ​បង្ក្រាប​បទល្មើស​ជលផល​ទូ​ទាំង​ប្រទេស ​សរុប១,៥០៦​ករណី បញ្ជូន​ជនល្មើស​ដាក់​ពន្ធនាគារ ១៥​នាក់

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​រយៈពេល​៥ ខែ​ក្នុង​ឆ្នាំ២០២៤ ​មន្ត្រី​ជលផល​ សហការ​ជាមួយ​សមត្ថកិច្ច​នៅ​ទូ​ទាំង​ប្រទេស…

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​រយៈពេល​៥ ខែ​ក្នុង​ឆ្នាំ២០២៤ ​មន្ត្រី​ជលផល​ សហការ​ជាមួយ​សមត្ថកិច្ច​នៅ​ទូ​ទាំង​ប្រទេស ​បាន​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល សម្រេច​បាន​លទ្ធផល​សរុប ១,៥០៦​ករណី ក្នុង​នោះ រឹបអូស និង​បំផ្លាញ​ចោល​វត្ថុ​តាង​បាន ១,៤១០​ករណី បញ្ជូន​ទៅ​តុលាការ ៥៦​ករណី ជនល្មើស​ជាប់​ពន្ធនាគារ ១៥​នាក់ និងពិន័យ​អន្តរការណ៍ ៤០​ករណី ស្មើ​ទឹកប្រាក់​ពិន័យ ១៦១,៦៩១,០០០រៀល​គត់ ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤ ​បាន​ឲ្យ​ដឹង​ថា ក្នុង​រដូវ​បិទ​នេសាទ ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ដល់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ រដ្ឋបាល​ជលផល​ និង​កម្លាំង​អន្តរាគមន៍​ថ្នាក់​ជាតិ ដោយ​មានការ​ចូលរួម​ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ ​បាន​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ជលផល ទូ​ទាំង​ប្រទេស​ ។

ក្រសួង​បញ្ជាក់​ថា​៖ “​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល សម្រេច​បាន​លទ្ធផល​សរុប ១ ៥០៦​ករណី ក្នុង​នោះ រឹបអូស និង​បំផ្លាញ​ចោល​វត្ថុ​តាង​បាន ១ ៤១០​ករណី បញ្ជូន​ទៅ​តុលាការ ៥៦​ករណី ជនល្មើស​ជាប់​ពន្ធនាគារ ១៥​នាក់ និង ពិន័យ​អន្តរការណ៍ ៤០​ករណី ស្មើ​ទឹកប្រាក់​ពិន័យ ១៦១ ៦៩១ ០០០ រៀល​គត់​។ វត្ថុ​តាង​បទល្មើស​សំខាន់​ៗ​ដែល​បាន រឹបអូស​និង​បំផ្លាញ​ចោល មាន​ជា​អាទិ៍​៖ របាំង​ស្បៃ​មុង​និង​សាច់​អួន​ប្រវែង ៧៩២ ៩៣៨​ម៉ែត្រ ឧបករណ៍​ឆក់​ត្រី​ចំនួន ៤៥៩​គ្រឿង ក្នុង​នោះ តាម​រយៈ​ការ​ស្ម័គ្រចិត្ត​ប្រគល់​ចំនួន ១៦៥​គ្រឿង អូន​អូស​ទឹកសាប​និង​អូន​ហ៊ុម ១០៦​វង់ និង បង្ក្រាប​ទីតាំង​ផលិត ចែកចាយ​ឧបករណ៍​ឆក់ ពា​កន្លែង ព្រមទាំង​បាន​ចាក់​លែង​កូន​ត្រី​ចម្រុះ​ប្រមាណ ១០០​លាន​ក្បាល ស្មើនឹង​ជាង ៤០​តោន ចូល​ក្នុង​ទៅ​ក្នុង​ដែនទឹក​ធម្មជាតិ​វិញ​”​ ។

ប្រភព​បន្ត​ថា ​តាម​រយៈ​សមិទ្ធផល​នេះ បរិមាណ​ត្រី​ក្នុង​ធម្មជាតិ​ចាប់ផ្តើម​កើនឡើង​គួរ​កត់សម្គាល់​។ ទន្ទឹម​នេះ សត្វ​ផ្សោត ទន្លេមេគង្គ​ក៏​មានការ​កើនឡើង​ផង​ដែរ គឺ​ពី ៩០​ក្បាល នៅ​ឆ្នាំ​២០២២ ដល់ ១០៤​ក្បាល គិត​ត្រឹម​ខែតុលា​ឆ្នាំ​២០២៤​។ ការ​កើនឡើង​នូវ​ធនធាន​ជលផល​នេះ​ក៏​ជា​លទ្ធផល​នៃ​ការ​ចូលរួម​ពី​ប្រជា​នេសាទ​និង​អ្នក​ពាក់ព័ន្ធ​នានា ដែល​បាន​សហការ ផ្តល់​ព័ត៌មាន ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ ព្រមទាំង​លែង​ប្រភេទ​វា​រី​សត្វ​កម្រ ត្រី​មេ​ពូជ​ចូល​ទៅ​ក្នុង​ដែនទឹក ធម្មជាតិ​វិញ ដើម្បី​ថែរក្សា​ធនធាន​ជលផល​ឱ្យ​បាន​គង់វង្ស​ ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​លើកទឹកចិត្ត​ចំពោះ​បងប្អូន ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ថែរក្សា ការពារ និង​អភិរក្ស​ធនធាន​ជលផល​ដែល​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​តម្លៃ ​។

ជាមួយ​គ្នា​នោះ​ដែរ​ ក្រសួង​បាន​ប្រកាស​ថា ក្នុង​ករណី បងប្អូន​ប្រជាពលរដ្ឋ ប្រទះ​ឃើញ​បទល្មើស​នេសាទ សូម​មេត្តា​សហការ​ផ្តល់​ព័ត៌មាន​ដល់​មន្ត្រី​ជលផល​ឱ្យ​បាន​ទាន់​ពេលវេលា តាម​រយៈ​ទូរ​សព្ទ​លេខ ​៖ ០១២ ៩១១ ៤១១/០៩៩ ៧៩១ ១៩១៩/០១២ ៧៧៨ ៩៦៨/០១១ ៥២២ ២២៦ ​។

ក្រសួង​បាន​គូសបញ្ជាក់​ទៀត​ថា​ ៖ “​ការ​ថែរក្សា ការពារ និង​អភិរក្ស​ធនធាន​ជលផល ធ្វើ​ឡើង​ដើម្បី​ធានា​នូវ​និរន្តរភាព​ធនធាន​ជលផល​ក្នុង​ធម្មជាតិ និង​និរន្តរភាព​ស្បៀង​សម្រាប់​ប្រជាជន​កម្ពុជា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​រួមចំណែក​លើកកម្ពស់​កិត្យានុភាព​របស់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​ការងារ​អភិរក្ស​ធនធាន​ជលផល​ដ៏​កម្រ ដែល​សឹងតែ​បាត់បង់ ឬ​បាន​បាត់បង់​រួច​ទៅ​ហើយ​នៅ ប្រទេស​មួយ​ចំនួន​លើ​សកលលោក​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ