ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិន​ស្គី​ពន្លះ​លោក​ខាង​លិច​មួយ​រយ​ៗ​ករណី​កូ​រ៉េ​ខាង​ជើង​បញ្ជូន​ទ័ព

1 ខែ មុន

ទី​ក្រុង​កៀវ៖ បន្ទា​ប់​ពី​រក្សា​ភា​ព​ស្ងៀម​ស្ងាត់​ជា​ច្រើន​ថ្ងៃ​​ក្រោយ​ពេល​សារ​ព័ត៌​មាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ពាក់​ព័ន្ធ​នឹង​​​ទាហាន​កូ​រ៉េ​ខាង​ជើង​នៅ​​​រុស្ស៊ី ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី​​ ថ្មី​ៗ​នេះ​បាន​ចេញ​មក​និយាយ​ពន្លះ​ក្រុម​សម្ព័ន្ធ​មិត្ត​មួយ​រយ​ៗ​។ លោក​យល់​ថា​ពួក​គេ​មិន​បាន​ចាត់​វិធាន​ការ​​​ឆ្លើយ​តបទាល់​តែ​សោះ​ យ៉ាង​ខ្លាំង​បាន​ត្រឹម​តែ​រអ៊ូ​រទាំ​ ឬ​​​សម្ដែង​ការ​ព្រួយ​បារម្ភ​។ មេ​ដឹក​នាំ​អ៊ុយ​ក្រែន​រូប​នេះ​យល់​ថា​បើ​បណ្ដោយ​បែប​នេះ​ត​ទៅ​ទៀត​មិន​កើត​ទេ។​ ធ្វើ​អីចឹង​ដូច​ឱ្យ​លោក​ពូទីន​កាន់​តែ​បាន​ដៃ​…

ទី​ក្រុង​កៀវ៖ បន្ទា​ប់​ពី​រក្សា​ភា​ព​ស្ងៀម​ស្ងាត់​ជា​ច្រើន​ថ្ងៃ​​ក្រោយ​ពេល​សារ​ព័ត៌​មាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ពាក់​ព័ន្ធ​នឹង​​​ទាហាន​កូ​រ៉េ​ខាង​ជើង​នៅ​​​រុស្ស៊ី ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី​​ ថ្មី​ៗ​នេះ​បាន​ចេញ​មក​និយាយ​ពន្លះ​ក្រុម​សម្ព័ន្ធ​មិត្ត​មួយ​រយ​ៗ​។ លោក​យល់​ថា​ពួក​គេ​មិន​បាន​ចាត់​វិធាន​ការ​​​ឆ្លើយ​តបទាល់​តែ​សោះ​ យ៉ាង​ខ្លាំង​បាន​ត្រឹម​តែ​រអ៊ូ​រទាំ​ ឬ​​​សម្ដែង​ការ​ព្រួយ​បារម្ភ​។

មេ​ដឹក​នាំ​អ៊ុយ​ក្រែន​រូប​នេះ​យល់​ថា​បើ​បណ្ដោយ​បែប​នេះ​ត​ទៅ​ទៀត​មិន​កើត​ទេ។​ ធ្វើ​អីចឹង​ដូច​ឱ្យ​លោក​ពូទីន​កាន់​តែ​បាន​ដៃ​ និង​ឡើង​ចាង​កាន់​តែ​ខ្លាំង​។ នៅ​ក្នុង​បទ​សម្ភាស​​១ លោក​ហ្សេឡិន​ស្គី​ជឿ​ជាក់​ថា​រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​ទំនង​ជា​បាន​ទទួល​យក​ក្រុម​វិស្វករ​យោធា​​កូរ៉េ​ខាង​ជើង រួម​ជា​មួយ​​​ជន​ស៊ីវិល​​ដើម្បី​បម្រើ​ការ​នៅ​ក្នុង​រោង​ចក្រ​ផលិត​គ្រឿង​បរិក្ខារ​យោធា​របស់​រុស្ស៊ី​។​

លោក​ថ្លែង​ថា​ឥឡូវ​នេះ លោក​ពូទីន​កំពុង​សង្កេតមើល​ជំហរ​របស់​ក្រុម​បស្ចិម​ប្រទេស​។ លោក​​ជឿ​ជាក់​ថា​នៅ​ពេល​មើល​ការ​បញ្ចេញ​ប្រតិ​កម្ម​នេះ​រួច​ហើយ​ បើ​បញ្ចេញ​ប្រតិ​កម្ម​ខ្សោយ​ៗ ធម្មតា​ៗ​ទេ លោក​ពូទីន​នឹង​ចាប់​ផ្ដើម​ធ្វើ​ខ្លាំង​ជា​មិន​ខាន​។ ​​យ៉ាង​ហោច​ណាស់​គួរ​បញ្ចេញប្រតិកម្ម​ខ្លះ​​ទោះ​បី​តិច ​ឬ​ច្រើន​​ក៏​អស់​ចិត្ត​ដែរ​។ ​ប៉ុន្តែ​​ជាក់​ស្ដែងគឺ​ស្ងាត់​ឈឹង​​​រហូត​ដល់​ចំណុច​សូន្យ​​។​

តាំង​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា លោក​ហ្សេឡិនស្គី​ចាប់​ផ្ដើម​​​​ព្រមាន​អំពី​ករណី​ដែល​របប​ក្រុង​ព្យុង​យ៉ាង​បញ្ជូន​កង​ទ័ព​ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​​។ ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ក្រុម​បស្ចិម​ប្រទេស​បាន​ត្រឹម​តែ​ប្រកាស​ជូន​ដំណឹង​ថា​ទង្វើ​របស់​កូរ៉េ​ខាង​ជើង​នេះ​អាច​នឹង​ធ្វើ​ឱ្យ​សង្គ្រាម​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​។ ប៉ុន្តែ​សម្រេច​សម្រួច​នៅ​ទី​បញ្ចប់​ ពួក​គេ​ (បស្ចិម​ប្រទេស) គ្មាន​បាន​ប្រកាស​ដាក់​ចេញ​វិធាន​ការ​​ឆ្លើយ​តប​ប្រកប​ដោយ​ជំហាន​ហ្មត់​ចត់​ ឬ​ក៏​ប្រកាស​ឱ្យ​ពិភព​លោក​ដឹង​ថា​ពួក​គេ​នឹង​​​ធ្វើ​បែប​ណា​នោះ​ទេ​​។​

នៅ​ក្នុង​បញ្ហាកូរ៉េ​ខាង​ជើង​​បញ្ជូន​ទ័ព​ទៅរុស្ស៊ី​នេះ​ កូរ៉េ​ខាង​ត្បូងខ្នះ​ខ្នែង​ខ្លាំង​ជាង​គេ​​។ ពួក​គេ​ចែក​រំលែក​ព័ត៌​មាន​​​សម្ងាត់​ និង​ពង្រីក​កិច្ច​សហ​ការ​ជា​មួយ​​​ប្រទេស​ជា​ដៃ​គូ ឬ​សម្ព័ន្ធ​មិត្ត​។ ទី​ក្រុង​សេអ៊ូល​ថែម​ទាំង​​​ពិចារណា​ថា​នឹង​បញ្ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​យោធា​ទៅ​អ៊ុយ​ក្រែន​​ដើម្បី​បញ្ជាក់​ឱ្យ​បានច្បាស់​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​។​

នៅ​ក្នុង​អត្ថ​បទ​ដែល​​ថ្លែង​នៅ​ចំពោះ​​មុខ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហ​ប្រជា​ជាតិ ​អ៊ុយ​ក្រែន​បាន​ដៅ​ឈ្មោះ​ឧត្ដម​សេនីយ៍​យោធា​កូរ៉េ​ខាង​ជើង​បី​នាក់​ដែល​ដឹក​នាំ​កម្លាំង​​​​រាប់​ពាន់​នាក់​​ចុះ​ទៅ​​​តំបន់​ខឺស និង​អ៊ុយ​ក្រែន​ខាង​កើត​។ រហូត​មក​ដល់​ពេល​នេះ​ រុស្ស៊ី​មិន​ប្រកែក​ទេ​ករណី​ទាហាន​កូរ៉េ​ខាង​ជើងទៅ​ដល់​ទឹក​ដី​រុស្ស៊ី។ ចំណែក​កូរ៉េ​ខាង​ជើង​មុន​ដំបូង​ខំ​និយាយ​ដោះ​សារ​ថា​គ្មាន​ទេ​។ ប៉ុន្តែ​ក្រោយ​មក​និយាយ​បែប​ន័យ​ផ្សេងថា​​បើ​ទុក​ជា​ខ្លួន​បញ្ជូន​ទ័ព​ទៅ​រុស្ស៊ី​ក៏​ធ្វើ​ឡើង​ស្រប​​តាម​ច្បាប់​អន្តរ​ជាតិ​។​

ឯក​អគ្គ​រដ្ឋ​ទូត​រង​របស់​អាមេរិក​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​រ៉ូបឺត​ វូត (Robert Wood) ថ្លែង​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​របស់​ UN ថា​រដ្ឋាភិបាល​របស់​លោក​ទទួ​លបាន​ព័ត៌​មាន​ថា​ទាហាន​កូរ៉េ​ខាង​ជើង​៨​ពាន់​នាក់​បាន​បញ្ជូន​ទៅ​ដល់​តំបន់​ខឺស​​ភាគ​ខាង​ត្បូង​រួច​ហើយ។ ទី​នេះ​ត្រូវ​អ៊ុយ​ក្រែន​វាយ​ឆ្មក់​​កាល​ពី​ខែ​សីហា និង​បន្ត​កាន់​កាប់​ទឹក​ដី​១​​​ចំណែក​រហូត​ដល់​សព្វ​ថ្ងៃ​។​​​

ងាក​មក​លោក​ហ្សេឡិនស្គី​វិញ​ម្ដង​ លោក​សម្ដែង​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​ប្រទេស​ចិន​​រក្សា​ភាព​ស្ងៀម​ស្ងាត់​​ទាំង​ស្រុង​​​ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​ទី២​របស់​ពិភព​លោក​។ លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​លោក​មាន​ព័ត៌​មាន​ច្បាស់​ការណ៍​ដែល​ថា​រុស្ស៊ី​ពិត​ជា​បាន​អនុញ្ញាត​ឱ្យ​​បញ្ជូន​ទាហាន​កូរ៉េ​ខាង​ជើង​ឡើង​សមរភូមិ​ផ្ទាល់​នៅ​ភាគ​ខាង​លិច​។​

​​​ការ​បំផ្លោង​វោហារ​សាស្ត្រ​​របស់លោក​ហ្សេឡិន​ស្គី​​​ជា​សញ្ញា​បង្ហាញ​ថា​អ៊ុយ​ក្រែន​កំពុង​មួរ​ម៉ៅ​​ចំពោះ​ជំហរ​របស់​បស្ចិម​ប្រទេស​ដែល​ប្រៀប​បាន​នឹង​ភ្លៀង​រលឹម​​។ ​ពួក​គេ​ជួយ​អ៊ុយ​ក្រែន​មិន​ទាន់​សភាព​ការណ៍​​​​​នៅ​ពេល​រុស្ស៊ី​កំពុង​តែ​មាន​ប្រៀប​ និង​​មាន​កង​ទ័ព​បរទេស​ជួយ​​ច្បាំង​ថែម​ទៀត​។ ​លោក​​​​កំពុង​​រង់​ចាំ​អ៊ុត​លទ្ធ​ផល​បោះ​ឆ្នោត​នៅ​​អាមេរិក​យ៉ាង​អន្ទះ​សា​​​។ បើ​លោ​កស្រី​​ហារីស​ឈ្នះ​ឆ្នោត​​អាច​មាន​ទឹក​មាត់​លេប​បន្តិច​។ ប៉ុន្តែ​​បើ​​ជ័យ​ជម្នះ​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​លោក​ត្រាំ​វិញ​​គឺ​​អ្វី​ៗ​នឹង​ប្រែ​ប្រួល​ផ្សេង​ពី​នេះ​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ