ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ ចង់បាន​ព័ត៌មាន​ពិត ​និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ដោះស្រាយ​ទាន់​ពេលវេលា

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង ​ក្រសួងមហាផ្ទៃ លោក ទូច សុ​ឃៈ បាន​ផ្តល់តម្លៃ​ខ្ពស់​ចំពោះ​អ្នក​សារព័ត៌មាន ដែល​ប្រកាន់​ភ្ជាប់​បាន​ នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង ​ក្រសួងមហាផ្ទៃ លោក ទូច សុ​ឃៈ បាន​ផ្តល់តម្លៃ​ខ្ពស់​ចំពោះ​អ្នក​សារព័ត៌មាន ដែល​ប្រកាន់​ភ្ជាប់​បាន​ នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត មាន​ប្រភព​ច្បាស់លាស់ ឥត​លម្អៀង និង​គ្រប់​ជ្រុងជ្រោយ ដើម្បីសាធារណជន​ និង​ថ្នាក់ដឹកនាំ​បាន​ឈ្វេងយល់​ជ្រួតជ្រាប និង​ដោះស្រាយ​ទាន់​ពេលវេលា​ ។

អ្នកនាំពាក្យ​រង​ ក្រសួងមហាផ្ទៃ បាន​ផ្ញើ​សារ​ជូន​អ្នក​សារព័ត៌មាន​ឱ្យ​ឈ្វេងយល់​អំពី ទិ​ដ្ឋភាព​ រដ្ឋធម្មនុញ្ញ កតិកាសញ្ញា​អន្តរជាតិ ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន និង​ធម្មនុញ្ញ​វិជ្ជាជីវៈ ដើម្បីចៀស​ផុត​ពី​ការ​ប្រឈម​មុខ​ចំពោះ​ច្បាប់​ជា​ធរមាន ​ដែល​ជា​បន្ទាត់​ក្រហម ​។

យោង​តាម​វី​ដេ​អូ​ជាង៣០​នាទី នៅ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៤ លោក​ ទូច​ សុ​ឃៈ បានពន្យល់​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ យោង​តាម មាត្រា​១៩ នៃ​សេចក្តីថ្លែងការណ៍​ជាស​កល​ស្តី​ពី សិទ្ធិមនុស្ស មាត្រា​១៩ និង​មាត្រា​២០​ នៃ​កតិកាសញ្ញា​អន្តរជាតិ ​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​ន​យោបាយ និង​មាត្រា​៤១ រដ្ឋធម្មនុញ្ញ​ ។

មុន​ពេល​បញ្ចេញមតិ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​ជ្រុង​ណាមួយ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​លើកទឹកចិត្ត​ឱ្យ​សាធារណជន និង​អ្នក​សារព័ត៌មាន ឈ្វេង យល់​អំពី ការ​បរិហា​កេរ្តិ៍​ជា សាធារណៈ ជេរ​ប្រមាថ ​ជា​សាធារណៈ ជេរ​ប្រមាថ​ តាម​សារព័ត៌មាន បទ​ក្លែង​ព័ត៌មាន​បំភ្លៃ​ព័​ត៌មាន បទ​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​អាជ្ញាធរ​ស្របច្បាប់ បទគំរាមកំហែង​ថា​ នឹង​សម្លា.ប់ ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ បទ​ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​កងទ័ព បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិ​ដ្ឋ​ជា​អាទិ៍​ បទ​ញុះញង់​ឱ្យ​មានការ​រើសអើង បទ​ប្រមាថ បទ​ដែល​ធ្វើ​ឱ្យ​អស់ជំនឿ លើ​សេចក្តី សម្រេច​របស់​តុលាការ និង​មាន​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត ​។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ជា​ថ្មី​ថា ជន​គ្រប់​រូប រួម​ទាំង​អ្នក​សារព័ត៌មាន មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ រាប់​បញ្ចូល​ទាំង​សេរីភាព ស្រាវជ្រាវ​ព័ត៌មាន​ទទួល និងផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​សព្វបែបយ៉ាង ដោយ​មិន​គិត​ពី​ព្រំដែន ដោយ​ផ្ទាល់មាត់ សរសេរ ឬ​បោះពុម្ព តាម​ទម្រង់​សិល្បៈ​ក្តី ឬ​ក៏​ដោយ​មធ្យោបាយ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ក្តី តាម​ការជ្រើសរើស​របស់​ខ្លួន​។ ប៉ុន្តែ​តាម​ច្បាប់ ការ​ប្រើប្រាស់​សិទ្ធិ​នេះ តម្រូវ​ឱ្យ​មាន​ករណីយកិច្ច និង​ការ ទទួល ខុស​ត្រូវ​ពិសេស ​។

ជាមួយ​គ្នា​នោះ​ដែរ​ លោក ​ទូច សុ​ឃៈ​ បាន​សង្កត់ធ្ងន់​ថា «​ការ​ប្រើប្រាស់​សិទ្ធិ​នេះ មានការ រិ​ត​ត្បិត​មួយ​ចំនួន ដែល​ត្រូវ​កំណត់​ដាច់ខាត​ដោយ​ច្បាប់​និង​ដែល​ចាំបាច់ ដើម្បី​គោរព​សិទ្ធិ និងកិត្តិសព្ទ​របស់​អ្នក​ដទៃ និង​ការពារ​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ សុខភាព​ឬ​សីលធម៌ សាធារណៈ​»​ ។

អ្នកនាំពាក្យ​រង​ ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា រាល់​ការ​ចេញផ្សាយ​ព័ត៌មាន ទាំង​ការ អត្ថាធិប្បាយ ការ​សរសេរ ឬ​តាម​ទម្រង់​ទាំងឡាយ​ណា​ដែល​ជា​ព័ត៌មាន​ពិត ឥត​លម្អៀង និង​គ្រប់ ជ្រុងជ្រោយ​នោះ គឺ​ពុំ​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់​ជា​ធរមាន​ឡើយ ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ