ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហឹប​វិញ្ញាសា​ប្រឡង​បាក់​ឌុ​ប ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ដល់​រដ្ឋបាល​សាលា​រាជធានី​-​ខេត្ត ដោយ​សុវត្ថិភាព

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ហឹប​វិញ្ញាសា​ទាំងអស់​សម្រាប់​ដំណើរការ​សំ​ណេ​រ ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) សម័យ​ប្រឡង​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ ០៨ តុលា ២០២៤ ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​រក្សា​ទុក​នៅ​តាម​រដ្ឋបាល​សាលា​រាជធានី​-​ខេត្ត…

រាជធានី​ភ្នំពេញ ​៖ ហឹប​វិញ្ញាសា​ទាំងអស់​សម្រាប់​ដំណើរការ​សំ​ណេ​រ ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) សម័យ​ប្រឡង​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ ០៨ តុលា ២០២៤ ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​រក្សា​ទុក​នៅ​តាម​រដ្ឋបាល​សាលា​រាជធានី​-​ខេត្ត ប្រកបដោយ​សុវត្ថិភាព​ នេះ​បើ​តាម​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករបស់​ក្រសួង​អប់រំ នា​រសៀល​ថ្ងៃ​ទី​៥ តុលា ​២០២៤ ​បាន​លើក​ឡើង​ថា ក្នុង​ដំណើរការ ​នៃ​ការ​ទុកដាក់​ហឹប​វិញ្ញាសា​នេះ មានការ​ចូលរួម​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់ គណៈមេប្រយោគ គណៈកម្មការ​អប្បមាទ ​ទូ​ទាំង​ប្រទេស អនុ​គណៈកម្មការ​អប្បមាទ​ ទូ​ទាំង​ប្រទេស ព្រមទាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ដើម្បី​រក្សា​បាន​ នូវ​ស្តង់ដា ​នៃ​ការ​ប្រឡង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ។

ក្រសួង​អប់រំ ក៏​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ ចំពោះ​ភាគី​ពាក់ព័ន្ធ កងកម្លាំង​មាន​សមត្ថកិច្ច ដែល​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​ការពារ​សុវត្ថិភាព​ក្នុង​ដំណើរការ ​នៃ​ការ​ដឹក​ហឹប​វិញ្ញាសា​ទៅ​តាម​បណ្ដា​ខេត្ត​នានា ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ​។

សូម​បញ្ជាក់​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ ៖ ០៨ តុលា ២០២៤ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧,០៤០នាក់ (​ស្រី ៧៤ ៨៨២​នាក់​) ក្នុង​នោះ​ ៖ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន​៣៩,៣៥៨ នាក់ (​ស្រី ២៣ ៧១៥ នាក់​) បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ៩៧,៦៨២ នាក់ (​ស្រី ៥១,១៦៧​នាក់​) ​។

បេក្ខជន​ត្រូវ​បាន​រៀបចំ ចំនួន​២៥​នាក់ ក្នុង​មួយ​បន្ទប់ ទៅ​តាម​មណ្ឌល​សំ​ណេ​រ​នីមួយ​ៗ តាម​រាជធានី ខេត្ត​លើកលែងតែ​បន្ទប់​ចុង​ក្រោយ និង​បន្ទប់​ដែល​មាន​បេក្ខជន មក​ពី​វិទ្យាល័យ​អប់រំ​ពិសេស ​។

មណ្ឌល​សំ​ណេ​រ​មាន​ចំនួន​សរុប ២៣០ មណ្ឌល ត្រូវជា ៥,៥៣៣ បន្ទប់ ក្នុង​នោះ​ ៖ ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៧៣ មណ្ឌល ត្រូវជា ១,៦០២ បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១​បន្ទប់​។ មណ្ឌល​កំណែ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មាន​ចំនួន ១០មណ្ឌល ដែល​មាន​ទីតាំង​ស្ថិត​នៅ​រាជធានី​ភ្នំពេញ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ