ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ ប្រកាស​ឲ្យ​ផ្អាក​ការដ្ឋាន​សំណង់ ការ​បង្ក​សំឡេង​ផ្សេង​ៗ អាជីវកម្ម​ថតចម្លង​ឯកសារ អ៊ិ​ន​ធឺ​ណិ​ត និង​លក់​សម្ភារៈ​សិក្សា​នៅ​ក្បែរ​មណ្ឌល​ប្រឡង​បាក់​ឌុ​ប

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នា​សិក្សា​២០២៣-២០២៤ សម័យ​ប្រឡង…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នា​សិក្សា​២០២៣-២០២៤ សម័យ​ប្រឡង ៖ ០៨ តុលា ២០២៤ រយៈពេល​០២​ថ្ងៃ គឺ​នៅ​ថ្ងៃ​អង្គារ ទី​០៨ និង​ថ្ងៃ​ពុធ ទី​០៩ ខែតុលា ឆ្នាំ​២០២៤ ខាង​មុខ​នេះ ។

ក្នុង​ន័យ​នេះ ដើម្បី​ចូលរួម​ចំណែក​ឱ្យ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​រាជធានី​ភ្នំពេញ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ជោគជ័យ ជា​ពិសេស​ធានា​រក្សា​បាន នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និង​របៀបរៀបរយ​សាធារណៈ នៅ​ជុំវិញ​មណ្ឌល​ប្រឡង ទាំង​៣២​មណ្ឌល ក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជូនដំណឹង​ដល់​បងប្អូន​អាជីវករ ដែល​ប្រកប​អាជីវកម្ម​ជុំវិញ​បរិវេណ​មណ្ឌល​ប្រឡង (​ដូច​មាន​ក្នុង​ឯកសារ​ឧ​ប​សម្ព័ន្ធ​) ដូច​ខាងក្រោម ៖

១- ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​ទីតាំង​អាជីវកម្ម​ថតចម្លង​ឯកសារ អ៊ិ​ន​ធឺ​ណិ​ត និង​អាជីវកម្ម​លក់​សម្ភារៈ​សិក្សា​គ្រប់​ប្រភេទ ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៤ ។

២-​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​អាជីវកម្ម​នានា ដូច​ជា ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន ការដ្ឋាន​សំណង់​នានា ដែល​ស្ថិត​នៅ​ជុំវិញ​បរិវេណ​មណ្ឌល​ប្រឡង ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៤ ។

៣- ទីតាំង​អាជីវកម្ម​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ជិត​បរិវេណ​មណ្ឌល​ប្រឡង ហាម​បង្ក​សំឡេង​រំខាន ឬ សកម្មភាព​នានា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​ប្រឡង​របស់​បេក្ខជន ។

៤- សម្រាប់​ការ​ផ្ញើ​ទោចក្រយាន ទោចក្រយានយន្ត (​កង់​-​ម៉ូតូ​) នៅ​តាម​មណ្ឌល​ប្រឡង មិន​ត្រូវ​បាន​បង់ប្រាក់​ឡើយ​។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន និង​បងប្អូន​អាជីវករ​ទាំងអស់​មេត្តា​ជ្រាប និង​យោគយល់​ដោយ​សេចក្តី​អនុគ្រោះ ។ ក្រោយ​ផុត​រយៈពេល នៃ​ការ​ប្រឡង​នេះ បងប្អូន​អាជីវករ​ទាំងអស់ អាច​បើក​ដំណើរការ​អាជីវកម្ម​ជា​ធម្មតា​ឡើង​វិញ ។

ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​ជំនាញ និង​បងប្អូន​អាជីវករ​ពាក់ព័ន្ធ ត្រូវ​ផ្សព្វផ្សាយ អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ