ខេត្តសៀមរាប ៖ សេចក្តីរាយការបឋមឲ្យដឹងថា មានយុវជនម្នាក់ ដាច់ចិត្ត ផឹកថ្នាំមានជាតិពុល រួចលោតទឹកសម្លា.ប់ខ្លួន កាលពីយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចស្រះទឹកខាងជើងឈៀងខាងកើត វត្ថដំណាក់ ស្ថិតនៅភូមិគោកដូងចាស់ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។
យុវជននោះមានឈ្មោះ រ៉ុន រ៉ូ អាយុ២៧ឆ្នាំ រស់នៅភូមិគោកដូងចាស់ ឃុំគោដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។
តាមការបំភ្លឺពីឈ្មោះ ចែ សាន ភេទប្រុស អាយុ៣៥ ឆ្នាំ ត្រូវជាបងថ្លៃជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ប្អូន រ៉ុន រ៉ូ (ស.ព) បានទៅធ្វើការនៅខេត្តឧត្តរមានជ័យ ហើយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១០ និង៣០នាទី គាត់បានទូរសព្ទមកប្រាប់ថា នឹងមកលេងផ្ទះ ដូច្នោះជួយដាំបាយទុកចាំគេហូបផង យប់បន្តិចទើបទៅដល់ផ្ទះ បន្ទាប់មកប្អូនប្រុសនោះ ក៏បិទទូរសព្ទទៅ ។ នៅថ្ងៃដដែល ក្រុមគ្រួសារបានទទឹងមើលផ្លូវប្អូនប្រុស រហូតដល់យប់បន្តិចនៅតែមិនឃើញមកដល់ ។ លុះដល់ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៤ ឈ្មោះ រ៉ុត រ៉ុង ត្រូវជាប្អូនបង្កើតជនរងគ្រោះ បានបើកទូរសព្ទមើល ស្រាប់តែឃើញ ប្អូនប្រុសឆាតចូល ក្នុងទូរសព្ទដៃគាត់ដោយប្រាប់ថា ទុកម៉ូតូនៅស្រះទឹកខាងជើងផ្ទះ គឺឆាតមកគាត់នៅវេលាម៉ោង០២ និង២៤នាទីទៀបភ្លឺ ពេលនោះបងប្រុសឈ្មោះ រ៉ុន រ៉ុង ប្រាប់ឪពុកម្ដាយ ឲ្យបានដឹងព័ត៌មាននេះ ទើបបងប្អូននាំគ្នាទៅមើលស្រះទឹកខាងជើងវត្តដំណាក់ ក៏ឃើញម៉ូតូជនរងគ្រោះទុកចោលនៅទីនោះមែន ដោយមិនឃើញម្ចាស់ទេ ហើយស្បែកជើងជនរងគ្រោះអណ្ដែតក្នុងទឹកស្រះ នឹងក៏មានសំបុត្រសរសេរទុកចំនួន០៥សន្លឹក ទឹកថ្នាំពណ៌.ស នៅក្នុងដបទឹកសុទ្ធចំនួនកន្លះដប ។ ពេលនោះបងប្អូន នឹងក្រុមគ្រួសារបាននាំគ្នា ចុះទៅរាវ ក្នុងទឹកស្រះ ក៏ប្រទះឃើញសាកសពប្អូនប្រុស រ៉ុន រ៉ូ ស្លាប់បាត់ទៅហើយ ។
បន្ទាប់ពីរកឃើញសាកស.ព ក្រុមគ្រួសារ បានផ្តល់ព័ត៌មាននេះទៅសមត្ថកិច្ចមូលដ្ឋាន ។ ហើយសមត្ថកិច្ចបានបង្កើតគណៈកម្មការចុះទៅពិនិត្យ និងបានប្រគល់សាកស.ព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ