ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃឹម ហ្វី​ណ​ង់ អំពាវនាវ​ដល់​ប្រជា​កសិករ កុំ​ឲ្យ​គេ​បំភ័យ​បាន អំពី​តម្លៃ​ស្រូវ ពេល​រោង​ម៉ាស៊ីន​បិទ​៣​ថ្ងៃ បុណ្យ​ភ្ជុំ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃឹម ហ្វី​ណ​ង់ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ ៖ លោក ឃឹម ហ្វី​ណ​ង់ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បាន​អំពាវនាវ​ឱ្យ​ប្រជា​កសិករ មិន​ត្រូវ​ភ័យ​ខ្លាច​ពី​ព័ត៌មាន​ទាំង​ចាស់ និង​ថ្មី ដែល​ត្រូវ​បាន​យក​មក​ផ្សព្វផ្សាយ ដើម្បី​បំពុល បំភ័ន្ត និង​បំភ្លៃ​ចំពោះ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ ។

លោក ឃឹម ហ្វី​ណ​ង់ បាន​លើក​ឡើង​ថា ថ្លៃ​ស្រូវ​នៅ​ឆ្នាំ​នេះ នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ធម្មតា និង​អាច​ផ្តល់​ប្រាក់​ចំណេញ​ដល់​កសិករ មិន​ទាន់​ធ្លាក់​រហូត​ធ្វើ​ឱ្យ​ប្រជា​កសិករ​ខាត ដូច​ការ​លើក​ឡើង​មួយ​ចំនួន​ឡើយ ។

អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​បែប​នេះ​តាម​រយៈ​វី​ដេ​អូ បន្ទាប់​ពី​មាន​ព័ត៌មាន​មួយ​ចំនួន ផ្សាយ​ថា ស្រូវ​មាន​បញ្ហា​ទីផ្សារ ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។

លោក ឃឹម ហ្វី​ណ​ង់ បាន​បញ្ជាក់​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​សម្រុក​លក់​ស្រូវ​ទាំង​សើម និង​មិន​ទាន់​ទុំ​ល្អ ក្នុង​ពេល ដែល​រោង​ម៉ាស៊ីន​ភាគច្រើន​បិទ​ពេល​ភ្ជុំ មិនមែន​ជា​ជម្រើស​ល្អ​ទេ​! អាច​ខាត​រហូត​ដល់​ទៅ​២០% ។ រង់​ចាំតែ​២-៣​ថ្ងៃ ស្រូវ​គុណភាព​ស្តង់ដា​មិន​គួរ​បាន​ក្រោម ១០០០៛/​គីឡូ​នោះ​ទេ​!» ។ «​សូម​ពុក​ម៉ែ​បងប្អូន​កសិករ​យើង កុំ​មានការ​ព្រួយបារម្ភ រោង​ម៉ាស៊ីន​ភាគច្រើន​ឈប់​សម្រាក​តែ​៣​ថ្ងៃ ពេល​ភ្ជុំ​ទេ​។ ពួក​គាត់​នឹង​ចាប់ផ្តើម​ប្រមូល​ទិញ​ស្រូវ ពី​ថ្ងៃ​ទី​៤ ខែតុលា ឡើង​វិញ ក្នុង​តម្លៃ​ស្តង់ដា​! កុំឱ្យ​គេ​បំភ័យ​បាន​!» ។

លោក ឃឹម ហ្វី​ណ​ង់ បានអោយ​ដឹង​ដែរ​ថា បើ​យោង​តាម​ទិន្នន័យ ដែល​ក្រសួង​បាន​តាមដាន​ជា​ប្រចាំ ក្នុង​រយៈពេល ៣-៤​ស​ប្តា​ហ៍​ចុង​ក្រោយ ថ្លៃ​ស្រូវ​ឆ្នាំ​នេះ ជា​ទូទៅ​ស្ថិត​ក្នុង​កម្រិត​ធម្មតា ទោះបី​មិន​ខ្ពស់​ដូច​ឆ្នាំ​២០២៣ តែ​ក៏​មិន​ទាប​រហូត​ដល់​ថ្នាក់​មិន​ទទួល​បាន​ប្រាក់​ចំណេញ​នោះ​ឡើយ ហើយ​ថែម​ទាំង​ខ្ពស់​ជាង​ខែកញ្ញា ឆ្នាំ​២០២០ ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ ទៀត​ផង ។

លោក ឃឹម ហ្វី​ណ​ង់ បាន​បន្ត​ទៀត​ថា ករណី​ពិសេស​កើត​មាន​តិចតួច​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ដែល​ជា​រឿង​ដាច់​ដោយឡែក​ចំពោះ​ស្រូវ​មានគុណ​ភាព​ទាប មាន​លាយ​ខ្ចី​ច្រើន និង​មាន​កម្រិត​សំណើម​ខ្ពស់​ខ្លាំង​។ ស្រូវ​គុណភាព​ប្រភេទ​នេះ មាន​តម្លៃ​ទាប​ជាង​ស្រូវ​គុណភាព​ស្តង់ដា​ប្រហែល​២០%​។ បញ្ហា​ទាំងនេះ​អាច​បណ្តាល​មក​ពី​ការ​ព្រួយបារម្ភ​ពី​បញ្ហា​ទឹកជំនន់ និង​ការ​ព្យាយាម​ប្រមូល​ផល​ឱ្យ​បាន​ទាន់​មុន​បុណ្យ​ភ្ជុំ ព្រោះ​រោង​ម៉ាស៊ីន​ភាគច្រើន នឹង​ផ្អាក​ឈប់​ទទួល​ទិញ​ចាប់ពី​ថ្ងៃនេះ​តទៅ រហូត​ដល់​បុណ្យ​ចប់​រួចរាល់ ។

គួរ​កត់សម្គាល់​ដែរ​ថា ដោយ​មានការ​យឺតយ៉ាវ​ក្នុង​ការ​ចាប់ផ្តើម​បង្កបង្កើន​ផល កាលពី​ដើមរដូវ ដោយសារ​កត្តា​ទឹកភ្លៀង ឆ្នាំ​នេះ​កសិករ​ក៏​ប្រមូល​ផល​យឺត​ជាង​រាល់​ឆ្នាំ ប្រហែល​១​ខែ​ដែរ ដែល​ជា​ធម្មតា គួរតែ​បញ្ចប់​ការ​ប្រមូល​ផល​រួចរាល់​ហើយ​រហូត​មក​ដល់​ពេល​នេះ​។ កាលៈទេសៈ​បែប​នេះ អាច​បង្ក​ជា​បញ្ហា​រាំងស្ទះ​រយៈពេល​ខ្លី តែ​លោក ឃឹម ហ្វី​ណ​ង់ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជា​កសិករ កុំ​មានការ​ភ្ញាក់ផ្អើល និង​មានការ​ព្រួយបារម្ភ ក្រសួង​បាន​សហការ​ជាមួយ​រោង​ម៉ាស៊ីន​ធំ​ៗ​មួយ​ចំនួន​រួច​ហើយ ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ទទួល​ទិញ​ស្រូវ​វិញ​ភ្លាម​ៗ ចាប់ពី​ថ្ងៃ​ទី​៤ ខែតុលា ខាង​មុខ​នេះ​តទៅ ក្រោយ​បុណ្យ​ភ្ជុំ​ចប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ