ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​លម្អិត ករណី​គ្រោះ​អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​ពូក និង​ខ្នើយ នៅ​ខណ្ឌ​កំ​បូល

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​មក​ថា ទីតាំង​ដែល​ត្រូវ​បាន​ភ្លើង​លេប​ត្របាក់ នា​វេលា​ម៉ោង​០៩​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​បេតុង មុខ​វត្ត​តា​ភេ​ម ស្ថិត​នៅ​ក្នុងភូមិ​កំ​បូល…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​មក​ថា ទីតាំង​ដែល​ត្រូវ​បាន​ភ្លើង​លេប​ត្របាក់ នា​វេលា​ម៉ោង​០៩​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​បេតុង មុខ​វត្ត​តា​ភេ​ម ស្ថិត​នៅ​ក្នុងភូមិ​កំ​បូល ព្រំប្រទល់​ភូមិ​តា​ភេ​ម សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​នោះ គឺជា​រោងចក្រ​ផលិត​ពូក ខ្នើយ ស្រោមពូក និង​ស្រោមខ្នើយ ដែល​រោងចក្រ​មួយ​នោះ មាន​យីហោ «​អិ​ម​អ ហ្គូ​ជ ណាយ ថេ​ក​ស្ថា​យ​» ពុំ​មែន​ជា​ឃ្លាំង​ស្តុក​កម្ទេច​ក្រណាត់ និង​អេ​ត​ចាយ​នោះ​ឡើយ ។

អគារ​រោងចក្រ​ខាងលើ​នោះ គឺជា​ប្រភេទ​សំណង់ ដែក​ប្រក់ស​ង្ក័​សី ទំហំ​៥០​ម៉ែត្រ គុណ ៥០​ម៉ែត្រ ហើយ​រោងចក្រ​ទាំងមូល​រួម​ទាំង​សម្ភារ​នៅ​ក្នុង​នោះ​ផង ត្រូវ​បាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ប៉ុន្តែ​ពុំ​បានដឹង​ពី​ទំហំ នៃ​ការ​ខាត​នោះ​បង់​គិត​ជា​ទឹកប្រាក់​ប៉ុន្មាន​ម៉ឺន​ដុល្លារ​នោះ​ទេ​។ ម្យ៉ាងទៀត ក៏​ពុំ​បាន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ភូមិ ដែល​ស្ថិត​នៅ​ក្បែរ​ខាង​នោះ​ឡើយ ចំណែក​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​បាញ់​ទឹក​រហូត​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​នោះ គឺ​ប្រើ​ពេល​ក្នុង​ការ​ពន្លត់​រហូត​ដល់​ជិត​៦​ម៉ោង​ឯណោះ ។

សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ប្រតិបត្តិការ​ពន្លត់ភ្លើង​ខាងលើ​នោះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ចំនួន​៣១​គ្រឿង និង​បាញ់​ទឹក​អស់​ចំនួន​ចំនួន​១៦៤ ស៊ីទែន ស្មើនឹង​៦៦២​ម៉ែត្រគូប​។ ក្នុង​នោះ រួម​មាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​១៧​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ១១៩​ស៊ីទែន ស្មើនឹង​៤៧៦​ម៉ែត្រគូប ។ រថយន្ត​ជំនួយ​មក​ពី​កងពលតូច​លេខ​៧០ ចំនួន​០៧​គ្រឿង ប្រើប្រាស់​ទឹក​អស់​២១ ស៊ិ​ទែន ស្មើនឹង​៨៤​ម៉ែត្រគូប​, រថយន្ត​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ចំនួន​០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​១២​ស៊ីទែន ស្មើនឹង​៤៨​ម៉ែត្រគូប​, រថយន្ត​របស់​តម្រួត​បទបញ្ជា ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​០៣​ស៊ីទែន ស្មើនឹង​១២​ម៉ែត្រគូប​, រថយន្ត​របស់​បុរី​សង្ឃឹម​ថ្មី ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​០៦​ស៊ីទែន ស្មើនឹង​២៤​ម៉ែត្រគូប និង​រថយន្ត​ក្រុមហ៊ុន ស្រា​បៀរ​កម្ពុជា ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​០៣​ស៊ីទែន ស្មើរ​នឹង​១៨​ម៉ែត្រគូប ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​អះអាង​ថា គ្រោះ​អគ្គិភ័យ​នេះ បង្ក​ឡើង​ដោយ​ការ​ឆ្លង​ចរន្តអគ្គិសនី នៅ​ក្នុង​អគារ​រោងចក្រ​នោះ​ផ្ទាល់​តែ​ម្ដង ប៉ុន្តែ​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​និង​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​បញ្ជាក់​អំពី​មូលហេតុ នៃ​ការ​ឆាបឆេះ​ខាងលើ​នេះ​នៅឡើយ ។

សូម​រំឭក​ថា នៅ​ព្រឹក​កើតហេតុ​នោះ​កម្មករ ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​ខាងលើ នោះ​មិន​ទាន់​ឈប់​សម្រាក​នៅឡើយ​ទេ គឺ​នៅ​ធ្វើការ​១​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ​ទៀត ហើយ​ថៅកែ​ត្រៀម នឹង​បើក​ប្រាក់ខែ​ឲ្យ​ដើម្បី​ឈប់​សម្រាក​ទៅ​បុណ្យ​ភ្ជុំបិណ្ឌ នៅ​តាម​បណ្ដា​ស្រុក​កំណើត​រៀង​ៗ​ខ្លួន ។
ដោយឡែក​នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​កម្មករ កម្មការិនី កំពុងធ្វើការ​សុខ​ៗ ស្រាប់តែ​មាន​ហេតុការណ៍​ឆ្លង​ចរន្តអគ្គិសនី នៅ​ក្នុង​រោងចក្រ​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​ឆាបរហ័ស និង​មាន​ផ្សែង​ពេញ​ក្នុង​អគារ​រោងចក្រ មិន​អាច​ពន្លត់​ទាន់​ឡើយ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​កម្មករ​បាន​នាំ​គ្នា​រត់​ចេញ​ក្រៅ​ប្រសេចប្រសាច ហើយ​ពុំ​មាន​អ្នក​រង​របួស​នោះ​ទេ ខណៈនោះ​អាជ្ញាធរ និង​សមត្ថកិច្ច ដែល​កំពុង​រក្សា​សណ្ដាប់ធ្នាប់​នៅ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្នុង​វត្ត​តា​ភេ​ម ដែល​ស្ថិត​នៅ​ជិត​នោះ​ស្រាប់ បាន​ចេញ​អន្តរាគមន៍​និង​ហៅ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ឲ្យ​ទៅ​កាន់​ទីនោះ ។ ខណៈនោះ​អណ្ដាតភ្លើង និង​ផ្សែងហុយ​ឡើង​លើ​យ៉ាង​ឃ្មួ​ល​ខ្មាញ់ កប់​អាកាសវេហាស៍ ហើយ​មិនយូរ​ប៉ុន្មាន​រថយន្ត​ពន្លត់​អគ្គិភ័យ ដែល​មក​ពី​អង្គភាព​យោធា និង​នគរបាល ព្រមទាំង​ក្រុមហ៊ុន​នានា​ជា​ច្រើន​គ្រឿង បាន​ទៅ​ដល់​ជា​បន្តបន្ទាប់ និង​ធ្វើ​សកម្មភាព​ពន្លត់ភ្លើង ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ថា ប៉ុន្តែ​ភ្លាម​ៗ ភ្លើង​មិន​បាន​ថមថយ​នោះ​ទេ អគារ​រោងចក្រ ២​ខ្នង​ទំហំ​៥០​ម៉ែត្រ គុណ​នឹង​៥០​ម៉ែត្រ ត្រូវ​បាន​ភ្លើង​បាន​ឆេះ​រាល​ចូល​ពី​មួយ​ទៅ​មួយទៀត​យ៉ាង​ឆាប់រហ័ស ព្រោះ​ក្នុង​រោងចក្រ​មាន​សុទ្ធតែ​សម្ភារ​ងាយ​ឆាបឆេះ​។ អគារ​រោងចក្រ​ទាំងមូល និង​សម្ភារ​ម៉ាស៊ីន​សង្វា​ក់​ផលិតកម្ម​ទាំងអស់ បាន​ក្លាយជា​ចំណី​ព្រះ​អគ្គិ ហើយ​អគារ​រោងចក្រ​ក៏​បាក់​ស្រុត​រាប​ដល់​ដី ពិតជា​គួរ​ឲ្យ​សោកស្ដាយ​ខ្លាំង​ណាស់ ។ បើ​ទោះបី​បាក់​ស្រុត​ទៅ​ហើយ ក៏​ភ្លើង​នៅ​តែ​បន្ត​ឆេះ​ដដែល ដោយ​រហូត​ដល់​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល ទើប​ក្រុម​អ្នក​ពន្លត់ភ្លើង​បាន​ពន្លត់​រលត់​ទាំងស្រុង និង​ពុំ​បាន​ឆេះ​រាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ