ខេត្តកំពង់ចាម ៖ «ដើមឈើហត្ថបាតដុះនៅតាមសួនច្បារភ្លោះពីមុខរតនាគារខេត្តដល់ទីលានប្រណាំងទូកងនិងត្រូវគាស់ចេញជាមួយនោះរដ្ឋបាលខេត្តមានគម្រោងអភិវឌ្ឍន៍ទន្លេអ៊ំក្លាយជាតំបន់ទេសចរណ៍ នៅជាប់វិមានឯករាជ្យក្រុងកំពង់ចាម» នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តថ្លែងនៅព្រឹកថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងមន្ត្រីចូលនិវត្តន៍រាប់រយនាក់នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា ពីមុនមកសួនច្បារភ្លោះនៅចំណុចមុខរតនាគារខេត្តរហូតដល់ទីលានប្រណាំងទូកងក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាមត្រូវបានដាំដើមឈើប្រភេទហត្ថបាតដើម្បីលម្អនិងជាម្លប់ ។ជាលទ្ធផលឃើញថាបានម្លប់ល្អពិតប្រាកដមែនប៉ុន្តែបញ្ហាចោទពេលដែលដើមឈើនេះចេញផ្កាគឺជះក្លិនក្រពល ជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ប្រមាណ៨០% បានលើកសំណូមពរមកអាជ្ញាធរក្រុងកំពង់ចាម ដើម្បីឲ្យមានវិធានការយកដើមឈើទាំងនោះចេញ។
ឯកឧត្តមអភិបាលខេត្តមមានប្រសាសន៍បន្តឲ្យដឹងទៀតថា ក្រោយពីទទួលបានសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាមគឺរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ដោយចិត្តឲ្យកម្លាំងកម្មករធ្វើការកាប់មែកឈើដើមហត្ថបាតនិងគាស់យកចេញដែលរហូតមកដល់ពេលនេះស្ទើរតែរួចរាល់ជាស្ថាពរ។ចំពោះគុណវិបត្តិនៃដើមឈើនេះពេលដែលផ្កាចេញក្លិននៅពេលរាត្រីគឺចោលក្លិនក្រពល់ ជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនធំជួបនៅផលវិបាក។
ឯកឧត្តមអភិបាលខេត្តបានរំលឹកថានៅគ្រាមួយពេលដែលរូបលោកកាន់តំណែងជាអភិបាលខេត្តព្រះវិហារបានត្រៀមទទួលឯកឧត្តមសាយ សំអាល់ អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថានពេលដែលធ្វើដំណើរមកដល់ចំណុចព្រំប្រទល់ស្រុកឆែបនិងស្រុកជ័យសែនខេត្តព្រះវិហារ ឃើញមានដើមស្ដៅជូរបានចេញផ្ការីកស្រស់បំព្រងគួរឱ្យគយគន់។ ហើយដើមឈើនេះគឺមានអាយុកាលអាចដល់ក្នុងរង្វង់៣០០ទៅ ៤០០ឆ្នាំឯណោះ។
មកដល់ពេលនេះដើមស្ដៅជូរកំពុងតែផ្សាំបានចំនួន៦៨ ដើម ដែលគ្រោងនឹងយកមកដាំតាមរណ្ដៅដែលបានជីក ដើមហត្ថបាតចេញហើយសូម្បីតែអង្គភាពក្រសួងមួយចំនួនក៏ចង់បានដើមឈើស្ដៅជូរនេះយកទៅដាំលម្អមុខអង្គភាពរបស់ខ្លួនផងដែរ។
ជាមួយនោះឯកឧត្តមអ៊ុន ចាន់ដាមានប្រសាសន៍សង្កត់ធ្ងន់ថានៅចំណុចទន្លេអ៊ំជាប់វិមានឯករាជ្យ ក្រុងកំពង់ចាមនិងរៀបចំប្រែក្លាយជាកន្លែងទេសចរណ៍មួយដោយបិទទ្វារទឹកស្តុបទឹកទុកដែលមានរាងជាបួនជ្រុងព្រមទាំងធ្វើកាំជណ្ដើរចុះជាច្រើនកាំ ហើយពលរដ្ឋដែលមកលេងអាចជិះទូកកម្សាន្តនិងស្ទូចត្រីលំហែកាយ ។ ជាមួយនោះពេលខាងមុខស្របពេលដើមស្ដៅជូរដុះធំនោះដ៏ល្អចេញផ្កានឹងអាចធ្វើឲ្យជាទីចាប់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋស្ងោចសរសើរថាពិតជាស្រស់ស្អាត។
ហើយកត្តាទាំងនេះក៏ជាប្រភពទាក់ទាញទេសចរណ៍ក្នុងស្រុកឲ្យមកកំសាន្តលេងក្រុងកំពង់ចាមផងដែរ។ គួររំលឹកថាគ្រាន់តែក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររដ្ឋបាលខេត្តបានរៀបចំសង្ក្រាន្តគឺមានមនុស្សម្នាភ្ញៀវជាតិនិងអន្តរជាតិមកលេងខេត្តកំពង់ចាមរហូតដល់ជាង៥លាននាក់ឯណោះ ៕
ចែករំលែកព័តមាននេះ