លោក ឃឹម ហ្វីណង់ អំពាវនាវដល់ប្រជាកសិករ កុំឲ្យគេបំភ័យបាន អំពីតម្លៃស្រូវ ពេលរោងម៉ាស៊ីនបិទ៣ថ្ងៃ បុណ្យភ្ជុំ
រាជធានីភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០…
រាជធានីភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០…
រាជធានីភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យប្រជាកសិករ មិនត្រូវភ័យខ្លាចពីព័ត៌មានទាំងចាស់ និងថ្មី ដែលត្រូវបានយកមកផ្សព្វផ្សាយ ដើម្បីបំពុល បំភ័ន្ត និងបំភ្លៃចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ ។
លោក ឃឹម ហ្វីណង់ បានលើកឡើងថា ថ្លៃស្រូវនៅឆ្នាំនេះ នៅតែស្ថិតក្នុងកម្រិតធម្មតា និងអាចផ្តល់ប្រាក់ចំណេញដល់កសិករ មិនទាន់ធ្លាក់រហូតធ្វើឱ្យប្រជាកសិករខាត ដូចការលើកឡើងមួយចំនួនឡើយ ។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងបែបនេះតាមរយៈវីដេអូ បន្ទាប់ពីមានព័ត៌មានមួយចំនួន ផ្សាយថា ស្រូវមានបញ្ហាទីផ្សារ ធ្លាក់ចុះយ៉ាងខ្លាំង ។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោកថា «សម្រុកលក់ស្រូវទាំងសើម និងមិនទាន់ទុំល្អ ក្នុងពេល ដែលរោងម៉ាស៊ីនភាគច្រើនបិទពេលភ្ជុំ មិនមែនជាជម្រើសល្អទេ! អាចខាតរហូតដល់ទៅ២០% ។ រង់ចាំតែ២-៣ថ្ងៃ ស្រូវគុណភាពស្តង់ដាមិនគួរបានក្រោម ១០០០៛/គីឡូនោះទេ!» ។ «សូមពុកម៉ែបងប្អូនកសិករយើង កុំមានការព្រួយបារម្ភ រោងម៉ាស៊ីនភាគច្រើនឈប់សម្រាកតែ៣ថ្ងៃ ពេលភ្ជុំទេ។ ពួកគាត់នឹងចាប់ផ្តើមប្រមូលទិញស្រូវ ពីថ្ងៃទី៤ ខែតុលា ឡើងវិញ ក្នុងតម្លៃស្តង់ដា! កុំឱ្យគេបំភ័យបាន!» ។
លោក ឃឹម ហ្វីណង់ បានអោយដឹងដែរថា បើយោងតាមទិន្នន័យ ដែលក្រសួងបានតាមដានជាប្រចាំ ក្នុងរយៈពេល ៣-៤សប្តាហ៍ចុងក្រោយ ថ្លៃស្រូវឆ្នាំនេះ ជាទូទៅស្ថិតក្នុងកម្រិតធម្មតា ទោះបីមិនខ្ពស់ដូចឆ្នាំ២០២៣ តែក៏មិនទាបរហូតដល់ថ្នាក់មិនទទួលបានប្រាក់ចំណេញនោះឡើយ ហើយថែមទាំងខ្ពស់ជាងខែកញ្ញា ឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ ទៀតផង ។
លោក ឃឹម ហ្វីណង់ បានបន្តទៀតថា ករណីពិសេសកើតមានតិចតួចនៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដែលជារឿងដាច់ដោយឡែកចំពោះស្រូវមានគុណភាពទាប មានលាយខ្ចីច្រើន និងមានកម្រិតសំណើមខ្ពស់ខ្លាំង។ ស្រូវគុណភាពប្រភេទនេះ មានតម្លៃទាបជាងស្រូវគុណភាពស្តង់ដាប្រហែល២០%។ បញ្ហាទាំងនេះអាចបណ្តាលមកពីការព្រួយបារម្ភពីបញ្ហាទឹកជំនន់ និងការព្យាយាមប្រមូលផលឱ្យបានទាន់មុនបុណ្យភ្ជុំ ព្រោះរោងម៉ាស៊ីនភាគច្រើន នឹងផ្អាកឈប់ទទួលទិញចាប់ពីថ្ងៃនេះតទៅ រហូតដល់បុណ្យចប់រួចរាល់ ។
គួរកត់សម្គាល់ដែរថា ដោយមានការយឺតយ៉ាវក្នុងការចាប់ផ្តើមបង្កបង្កើនផល កាលពីដើមរដូវ ដោយសារកត្តាទឹកភ្លៀង ឆ្នាំនេះកសិករក៏ប្រមូលផលយឺតជាងរាល់ឆ្នាំ ប្រហែល១ខែដែរ ដែលជាធម្មតា គួរតែបញ្ចប់ការប្រមូលផលរួចរាល់ហើយរហូតមកដល់ពេលនេះ។ កាលៈទេសៈបែបនេះ អាចបង្កជាបញ្ហារាំងស្ទះរយៈពេលខ្លី តែលោក ឃឹម ហ្វីណង់ សូមអំពាវនាវដល់បងប្អូនប្រជាកសិករ កុំមានការភ្ញាក់ផ្អើល និងមានការព្រួយបារម្ភ ក្រសួងបានសហការជាមួយរោងម៉ាស៊ីនធំៗមួយចំនួនរួចហើយ ដោយគ្រោងនឹងចាប់ផ្តើមទទួលទិញស្រូវវិញភ្លាមៗ ចាប់ពីថ្ងៃទី៤ ខែតុលា ខាងមុខនេះតទៅ ក្រោយបុណ្យភ្ជុំចប់ ៕
ចែករំលែកព័តមាននេះ