រាជធានីភ្នំពេញ ៖ រថយន្តទ្រុងម៉ាក ហ៊ីយ៉ាន់ដាយ ធុនធំ១គ្រឿង ដឹកភេសជ្ជៈ ខណៈបើកលឿនទៅត្រង់ដល់ចំណុចផ្លូវកោង វាងរង្វង់មូលគល់ស្ពាន ក៏ស្រាប់តែក្រឡាប់ដោយខ្លួនឯង ទាំងកំរោល ប៉ុន្តែមិនបានបង្កការប៉ះពាល់ដល់អ្នកដំណើរណាម្នាក់ ឬក៏ធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឡើយ តែរថយន្តនេះ បានរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបរ មិនបានរងរបួសនោះទេ ហើយក៏មិនបានបែកធ្លាយទ្រុងចេញភេសជ្ជៈ មកក្រៅរប៉ាត់រប៉ាយនោះដែរ ។
ឧប្បត្តិហេតុខាងលើនោះ បានកើតឡើងនៅវេលាម៉ោង០៤និង២០នាទីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមមហាវិថី ស៊ីជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ ត្រង់ចំណុចរង្វង់មូល ស្ពានអាកាសត្រើយខាងត្បូង ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្តទ្រុង ១គ្រឿងនោះ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ខៀវ ពុំដឹងថា រថយន្តនេះពាក់ស្លាកលេខប៉ុន្មាននោះទេ ព្រោះអ្នកបើកបរបានយកក្រណាត់ទៅបិទបាំងស្លាកលេខជិត មើលមិនឃើញឡើយ ។ គ្រាន់តែដឹងជារថយន្តដឹកភេសជ្ជៈក្រុមហ៊ុនមួយ ហើយក៏មានបិទស្លាកឡូហ្គោក្រុមហ៊ុនភេសជ្ជៈផងដែរ និងបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ។
តាមប្រភពពីប្រជាពលរដ្ឋ ដែលស្ថិតនៅជិតកន្លែងកើតហេតុ ហើយឃើញហេតុការណ៍នោះ បាននិយាយថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តនោះ បើកបរធ្វើដំណើរក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងឆ្ពោះទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ដែលជាចណុចផ្លូវកោងក្រឡឹងរង្វង់មូលគល់ស្ពានអាកាសមហាវិថីស៊ីជីនពីង ត្រើយខាងត្បូង ក៏ស្រាប់តែក្រឡាប់បង្កការខូចខាតដោយខ្លួនឯងតែម្ដង ។
ប្រភពដដែល បានឲ្យដឹងបន្តទៀតថា ខណៈនោះបានបង្កការខូចខាតយ៉ាងដំណំ ប៉ុន្តែមិនបានបណ្ដាលឲ្យអ្នកបើកបររងរបួស ឬបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ឬក៏បែកធ្លាយទ្រុងកំពប់ភេសជ្ជៈចេញក្រៅនោះឡើយ ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានយកក្រណាត់ទៅគ្របបិទបាំងស្លាកលេខខ្លាចគេស្គាល់ ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅពិនិត្យជាក់ស្ដែង ឲ្យម្ចាស់ស្ទេចរថយន្តនោះយកទៅធ្វើការជួសជុលឡើងវិញ ដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ