ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​កោដ្ឋ​មាស និង​គ្រឿងអលង្ការ​​ក្នុង​វត្ត​ព្រៃ​គោ និង​វត្ត​ចំបក់​មាន​ជ័យ អស់លក្ខណ៍ហើយ

14 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ ជនសង្ស័យ​ជា​ចោរ​ម្នាក់​ បាន​ធ្វើ​សកម្មភាព​លួច​កោដ្ឋ​ធ្វើ​អំពី​មាស រួម​និង​គ្រឿងអលង្ការ​មាស នៅ​ក្នុង​«​វត្ត​ព្រៃ​គោ»​និង​«​វត្ត​ចំបក់​មាន​ជ័យ​» ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​លំហាច និង​ឃុំ​សំរោង​លើ នៃ​ស្រុក​អង្គស្នួល…

ខេត្តកណ្ដាល ​៖ ជនសង្ស័យ​ជា​ចោរ​ម្នាក់​ បាន​ធ្វើ​សកម្មភាព​លួច​កោដ្ឋ​ធ្វើ​អំពី​មាស រួម​និង​គ្រឿងអលង្ការ​មាស នៅ​ក្នុង​«​វត្ត​ព្រៃ​គោ»​និង​«​វត្ត​ចំបក់​មាន​ជ័យ​» ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​លំហាច និង​ឃុំ​សំរោង​លើ នៃ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ត្រូវ​បាន​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ។

ចំពោះ​វត្ថុ​ដែល​លួច​បាន​នោះ មួយ​ចំនួន​ត្រូវ​បាន​ជនសង្ស័យ​យក​ទៅ​លក់​យក​លុយ​ដើរ​ស៊ី​ចាយ​សប្បាយ​ហ៊ឺហារ​អស់​គ្មាន​សល់ រីឯ​វត្ថុ​មួយ​ចំនួន​ទៀត​ពុំ​បាន​លក់​ទេ ។ ដោយ​ឃើញ​ស្អាត​ពេក​ជនសង្ស័យ​រូប​នោះ​បាន​យក​ទៅ​ទុក​ក្នុង​បន្ទប់​ជួល​ដែល​ខ្លួន​ស្នាក់​នៅ រួច​អុជ​ទៀន​ធូប​គោរព​បូជា ប៉ុន្តែ​មិន​បាន​សុខ​ឡើយ គឺ​យប់​ណា​ក៏​តែងតែ​ដេក​យល់សប្ដិ​អាក្រក់​រាល់ថ្ងៃ​នោះ ទើប​ជនសង្ស័យ​បាន​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ឯ​វត្ត​ផ្សេង​ទៅ​វិញ ។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ​ខែកញ្ញា ឆ្នាំ​២០២៤ ដោយ​កម្លាំង​
នគរបាល​ស្រុក​អង្គស្នួល សហ​ការជាមួយ​កម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ កម្លាំង​នគរបាល​ស្រុក​កណ្ដាលស្ទឹង និង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្ដកណ្ដាល ព្រមទាំង​កម្លាំង
នគរបាល​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញផង​ដែរ ។

ជនសង្ស័យ​មាន​ឈ្មោះ ទី ឌី​ណា​ក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​អ្នកសិល្បៈ​ចម្រៀង ស្នាក់​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្ដកណ្ដាល ( គ្មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​នោះ​ទេ )​។

ដោយឡែក​ ជន​រង​គ្រោះ​គឺជា​ព្រះ​ចៅអធិការ​វត្ត​ទាំង​២​ខាងលើ ១-​ព្រះ​នាម ជួន ណេ​ម ព្រះ​ជន្ម ៦៦​ព្រះ​វស្សា ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​គោ​សិ​ង្គ​សាលវ័ន ហៅ​វត្ដ​ព្រៃ​គោ​ស្ថិត​នៅ​ភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ២-​ព្រះ​នាម ស្ងួន ផ​ន ព្រះ​ជន្ម​៥៨​ព្រះ​វស្សា ជន​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ចំបក់​មាន​ជ័យ ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ​ឧត្តម ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ប៉ុន្តែ​ព្រះ​អង្គ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ។

នគរបាល​ដកហូត​យក​បាន​វត្ថុ​តាង​រួម​មាន​៖១-​កោដ្ឋ​ធ្វើ​អំពី​មាស​១ និង​ព្រះ​សារីរិកធាតុ​១​គ្រាប់​។ ២-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ប​ពី​ស៊េរី​ឆ្នាំ​២០២៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1KI-5419 និង​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក​iPhone11 ពណ៌​ស្វាយ​។ ចំណែកឯ​វត្ថុ​ដែល​បាត់បង់​នៅ​ក្នុង​អំពើ​ចោរកម្ម​នេះ​មាន​៖១-​កោដ្ឋ​ធ្វើ​អំពី​មាស​មួយ ២-​បន្តោង​យុថ្កា​ខ្សែ​ក​ធ្វើ​អំពី​មាស​មួយ ៣-​កោដ្ឋ​ធ្វើ​អំពី​មាស​មាន​ដាំ​ត្បូង​មួយ និង​ចិញ្ចៀនមាស​មួយ​វង់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ដើមខែ​កញ្ញា​ឆ្នាំ​២០២៤ វេលា​ម៉ោង​១២​ថ្ងៃត្រង់ មុន​ពេល​កើតហេតុ​មាន​ពុទ្ធបរិស័ទ​០១​នាក់​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ ប្រមាណ​២៩​ឆ្នាំ បាន​មក​ថ្វាយបង្គំ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​សិ​ង្គ​សាលវ័ន (​ហៅ​វត្ត​ព្រៃ​គោ​) ដើម្បី​សុំ​បូជា​ថ្វាយ​ព្រះ​គ្រឿង​ធ្វើ​អំពី​មាស​ទម្ងន់​ប្រហែល​ប្រាំ​ជី ដាក់​ទៅ​ក្នុង​គន្ធ​កុដិ​ដែល​ជា​កន្លែង​តម្កល់​សារីរិកធាតុ (​ធាតុ​របស់​ព្រះ​ពុ​ទ្ឋ​)​និង​គ្រឿងអលង្ការ​មាន​តំលៃ​ផង​ដែរ ។ បន្ទាប់​មក​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ក៏​បាន​យល់​ព្រមយក​សោ​ទៅ​ឲ្យ​សាមណេរ​១​អង្គ​ព្រះ​នាម ឡុ​ង យ៉ុ​ន ព្រះ​ជន្ម​៦៨​វស្សា ដែល​ទើបតែ​មក​បួស​ថ្មី​បាន​រយៈពេល​បី​ខែ ពេល​នោះ​សាមណេរ​អង្គ​នោះ​ក៏​បាន​នាំ​បុរស​ម្នាក់​នោះ​ដើរទៅ​គ​ន្ឋ​កុដិ ដើម្បី​ចាក់សោ​គន្ធ​កុដិ​ឲ្យ​បុរស​ម្នាក់​នោះ​ចូល​ទៅ​ក្នុង​គន្ធ​កុដិ​យក​គ្រឿង​ធ្វើ​អំពី​មាស​ទម្ងន់​ប្រាំ​ជី ថ្វាយ​ព្រះ ។ ពេល​នោះ​បុរស​ខាងលើ​នោះ​បាន​បើក​កោដ្ឋ​មើល​ប្រហែល​១០​នាទី ក្រោយមក​បន្ទាប់​ពី​តម្កល់​ទុកដាក់​រួច​សាមណេរ​និង​បុរស​នោះ​ក៏​បាន​ចេញពី​គន្ធ​កុដិ ដោយ​បាន​ចាក់សោ យ៉ាង​ត្រឹមត្រូវ បន្ទាប់​មក​យក​កូនសោ​គន្ធ​កុដិ​នោះ​ទៅ​ប្រគេន​ដល់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​វិញ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះដល់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៩​និង​១៥​នាទី មាន​ពុទ្ធបរិស័ទ​ដែល​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​ការ​កសាង​វត្ដ​នា​ពេល​កន្លង​មក បាន​ទៅ​ចូលរួម​កាន់បិណ្ឌ​ទី​ប្រាំពីរ​នៅ​ក្នុង​វត្ត​សិ​ង្គ​សាលវ័ន (​ហៅ​វត្ត​ព្រៃ​គោ​) ហើយ​បាន​សុំ​ការ​អនុញ្ញាត​ចូល​ថ្វាយបង្គំ​ក្នុង​គន្ធ​កុដិ និង សុំ​ព្រះ​គ្រូ​ចៅអធិការ​និង អាចារ្យ គណៈកម្មការ​វត្ត​ដើម្បី​ចូល​ទៅ​ក្នុង​គន្ធ​កុដិ​នោះ ។ បន្ទាប់​មក​ព្រះ​ចៅអធិការ បាន​ចាត់តាំង ឲ្យ​លោក ថា ចាន់​ធឿ​ន ជា​ប្រធាន​គណៈកម្មការ​អាចារ្យ នាំ​ម្ចាស់​សទ្ធា​ខាងលើ​ចូល​ទៅ ហើយ​បាន​បើក​ព្រះ​កោដ្ឋ​ធំ​មើល ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​គ្រប់​ៗ​គ្នា ដោយសារ​បាត់​មិនឃើញ​កោដ្ឋ​តូច​ដែល​ធ្វើ​អំពី​មាស​និង​ព្រេ​ជ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ថា ខណៈនោះ​ក៏​បាន​ទៅ​ទូល​ប្រាប់​ដល់​ព្រះ​គ្រូ​ចៅអធិការ​វត្ត និង​បាន​រាយការណ៍​ជូន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​លំហាច​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​ភ្លាម​ៗ​នោះ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ហើយ កម្លាំង​នគរបាល​ប៉ុស្ដិ៍​បាន​ចុះ​ទៅ​ដ​កាន់​កន្លែង​កើតហេតុ ហើយ​បាន​រាយការណ៍​ទៅ​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​អង្គស្នួល ចុះ​ទៅ​ជួយ​ធ្វើការ​ស្រាវជ្រាវ​និង​ទទួល​ពាក្យបណ្ដឹង​ពី​ព្រះ​គ្រូ​ចៅអធិការ​វត្ត ។ នគរបាល​ខាងលើ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន ហើយ​នៅ​ថ្ងៃ​ទី​២៦​ខែកញ្ញា ឆ្នាំ​២០២៤ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល សហ​ការណ៍​ជាន​មួយ​កម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ កម្លាំង​នគរបាល​ស្រុក​កណ្ដាលស្ទឹង និង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្ដកណ្ដាល ព្រមទាំង​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរ​ខាងលើ​នោះ​បាន ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ទី ឌី​ណា​ក់ បាន​សារភាព​ប្រាប់​នគរបាល​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​ចំនួន​២​លើក គឺ​លើក​ទី​១ នៅ​អំឡុង​ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៧​និង ១៥​នាទី​ព្រឹក ខ្លួន​បាន​ចូល​ធ្វើ​សកម្មភាព​លួច របស់​មាន​តម្លៃ​នៅ​វត្ត​ចំបក់​មាន​ជ័យ ភូមិ​ស្វាយ​ឧត្តម ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ពេល​នោះ​លួច​បាន​កោដ្ឋ​ធ្វើ​អំពី​មាស​១ និង​ចិញ្ចៀនមាស​មួយ​វង់ ហើយ​បាន​យក​ទៅ​លក់​ក្នុង​ផ្សារ​កាច់ជ្រុង ឲ្យ​ទៅ​ឈ្មោះ សេង ពិសិដ្ឋ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​និង​ទិញ​មាស ទីលំនៅ​ភូមិ​ព្រៃ​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ដោយ​លក់​បាន​ប្រាក់​ចំនួន​៣,២៥៩$(​បី​ពាន់​ពីរ​រយ​ហាសិប​ប្រាំបួន​ដុល្លារ​) ចំណែក​ចិញ្ចៀនមាស​យក​ទៅ​លក់​នៅ​ឯ​ខេត្ត​សៀ​បរាប បាន​ប្រាក់​ចំនួន​១៣០$(​មួយ​រយ​សាមសិប​) សរុប​ទាំង​ការ​លក់​កោដ្ឋ​និង​ចិញ្ចៀន​បាន​ប្រាក់​ចំនួន​៣,៣៨៩$(​បី​ពាន់​បី​រយ​ប៉ែតសិប​ប្រាំបួន​ដុល្លារ​)​។

ជនសង្ស័យ​បាន​សារភាព​ទៀត​ថា លើក​ទី​២៖ នៅ​ថ្ងៃ​១៥ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៣​និង​៣០​នាទី​រសៀល ខ្លួន​បាន​ចូល​ធ្វើ​សកម្មភាព​លួច​នៅ​ក្នុង​វត្ត​គោ​សិ​ង្គ​សាល​វ័​ន៏​(​ហៅ​វត្ត​ព្រៃ​គោ​) ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ដោយ​លួច​បាន​កោដ្ឋ​ធ្វើ​អំពី​មាស​ចំនួន​០២ និង​បន្តោង​ខ្សែ​កមួយ​ធ្វើ​អំពី​មាស​១ ប៉ុន្តែ​ក្រោយ​ពេល​លួច​បាន​ដោយ​មានចិត្ត​ស្រលាញ់​ពេក ខ្លួន​ក៏​បាន​រក្សា​ទុក​កោដ្ឋ​ទាំង​០២​នៅ​បន្ទប់​ជួល​របស់​ខ្លួន​ដើម្បី​អុជ​ធូប​ទៀន​គោរព​បូជា​អស់​រយៈពេល​០១​ស​ប្តា​ហ៍ ។ ប៉ុន្តែ​រយៈពេល​នេះ​នៅ​ពេលដេក​លក់​តែងតែ​យល់សប្តិ​អាក្រក់​ៗ​ពេក ក៏​បាន​សម្រេចចិត្ត​យក​កោដ្ឋ​១ ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​«​វត្ត​សន្លុង​»​ស្ថិត​នៅ​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​នៅ​សល់​១​បាន​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​«​វត្ត​ចំបក់​មាស​»​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ចំណែកឯ​បន្តោង​ខ្សែ​ក​ធ្វើ​អំពី​មាស​១​នោះ ខ្លួន​បាន​យក​ទៅ​លក់​នៅ​ឯ​ខេត្តសៀមរាប បាន​ប្រាក់​ចំនួន​២៨០$(​ពីរ​រយ​ប៉ែតសិប​ដុល្លារ​) ហើយ​ខ្លួន​បាន​យក​ប្រាក់​ទាំង​អស់នោះ​ដើរ​សុ​ី​ចាយ​អស់ហើយ ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ