ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពាណិជ្ជកម្ម​អឺរ៉ុប ប្ដេជ្ញា​ទាក់ទាញ​វិនិយោគិន​អឺរ៉ុប ​មក​កម្ពុជា​បន្ថែម

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​លោក​ Igor Driesmans ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​គណៈប្រតិភូ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា ជា​ពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ​៖ ​លោក​ Igor Driesmans ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​គណៈប្រតិភូ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា ជា​ពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច​ដោយ​ប្តេជ្ញារ​ទាក់ទាញ​អ្នក​វិនិយោគ​អឺរ៉ុប ​មក​កម្ពុជា​បន្ថែម​ទៀត​ ។

ការ​បញ្ជាក់​របស់​លោក​ទូត ក្នុង​ឱកាស​ដឹកនាំ​គណៈប្រតិភូ​ក្រុមប្រឹក្សាភិបាល នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ ប្រចាំ​កម្ពុជា ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​វិមាន​សន្តិភាព ​។

ក្នុង​ឱកាស​នៃ​ជំនួប​នោះ​ដែរ លោក Tassilo Brinzer ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​ នៅ​កម្ពុជា (EuroCham Cambodia) បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​គួរ​ឱ្យ​កត់សម្គាល់ ដែល​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បាន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មកនេះ​ ។

លោក​ប្រធាន​សភាពាណិជ្ជកម្ម​ បាន​គោរព​រាយការណ៍ ​ជូន​សម្ដេច​ធិ​បតី​អំពី​សកម្មភាព​ការងារ​សំខាន់​ៗ​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា និង​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដែល​តែង​បាន​ផ្ដល់ ការ​គាំទ្រ និងកិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ ដល់​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា កន្លង​មក ​។

លោក​ប្រធាន​សភាពាណិជ្ជកម្ម​ ក៏​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការ​កែទម្រង់ ក្របខ័ណ្ឌ​គោលនយោបាយ និង​វិធាន​គន្លឹះ​ជា​ច្រើន ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ សំដៅ​ធ្វើ​ឱ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ​កាន់តែ​ល្អ​ប្រសើរ និង​ប្រកបដោយ​ភាព​ទាក់ទាញ​ ។

ក្នុង​ន័យ​នេះ លោក​ប្រធាន​សភាពាណិជ្ជកម្ម ​បាន​ប្ដេជ្ញា​បន្ត​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​វិនិយោគ និង​ធុរកិច្ច​របស់​កម្ពុជា ព្រមទាំង​ទាក់ទាញ​វិនិយោគិន​អឺរ៉ុប មក​កម្ពុជា បន្ថែម​ទៀត ​។

សម្ដេច​ធិ​បតី ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​កម្ពុជា​ និង​សហភាព​អឺរ៉ុប ព្រមទាំង​អរគុណ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ដែល​បាន​រួមចំណែក​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ និង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច នៅ​កម្ពុជា​។ សម្តេច​ធិ​បតី​បាន​ចែករំលែក​បន្ថែម ​ជូន​គណៈប្រតិភូ​អំពី​យន្តការ និង​គំនិត​ផ្តួចផ្តើម​សំខាន់​ៗ​របស់​រាជរដ្ឋាភិបាល ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច ដើម្បី​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ និង​ធុរកិច្ច និង​ធានា​បាន​នូវ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ព្រមទាំង​ការ​យកចិត្តទុកដាក់​លើ​ការ​ធ្វើ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម នៅ​តាម​ក្រសួង​-​ស្ថាប័ន​របស់​កម្ពុជា សំដៅ​បង្កើន​ទំនាក់ទំនង និង​ប្រសិទ្ធភាព​ក្នុង​ការ​ផ្តល់​សេវា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ដល់​វិស័យ​ឯកជន​។

សម្ដេច​ធិ​បតី និង​តំណាង​គណៈប្រតិភូ​បាន​ផ្លាស់​ប្ដូរ​យោបល់​អំពី​ការ​បន្ត​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ការ​វិនិយោគ និង​វិស័យ​សក្តានុពល​មួយ​ចំនួន នៅ​កម្ពុជា មាន​ជា​អាទិ៍​៖ ការ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទីក ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថាមពល និង​ទេសចរណ៍ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ