ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ បិទ និង​បញ្ចៀស​ចរាចរតំបន់​សួនច្បារ​មុខ​វត្ត​បទុម​វ​តី និង​សួនច្បារ​វិមាន​ឯករាជ្យ ដើម្បី​ព្រឹត្តិការណ៍​ទេសចរណ៍ និង​តាំង​បង្ហាញ​ក្បួន​រថយន្ត

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល បាន​អនុញ្ញាត​ឱ្យ​ក្រសួងទេសចរណ៍ សហការ​ជាមួយ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក្រុមហ៊ុន ជីប…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល បាន​អនុញ្ញាត​ឱ្យ​ក្រសួងទេសចរណ៍ សហការ​ជាមួយ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក្រុមហ៊ុន ជីប ម៉ុង និង​វិស័យ​ឯកជន​នានា នឹង​រៀបចំ​ព្រឹត្តិការណ៍ GumBall 3000 Rally in Cambodia ក្រោម​ប្រធានបទ “GumBall3000 Rally in Cambodia ដើម្បី​ទេសចរណ៍​” នៅ​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ទីធ្លា​បរិវេណ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី ជុំវិញ​វិមាន​ឯករាជ្យ កំណាត់​មហាវិថី​ព្រះ​សីហ​នុ និង​កំណាត់​មហាវិថី​ព្រះ​សុរា​ម្រឹត (​ចាប់ពី​រង្វង់​មូល​វិមាន​ឯករាជ្យ រហូត​ដល់​ស្តុ​ប​នាគ​បាញ់​ទឹក​) ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន និង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ដើម្បី​ឱ្យ​ព្រឹត្តិការណ៍​ខាងលើ ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន នូវ​ការ​កកស្ទះ​ចរាចរណ៍ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​បញ្ចៀស​ចរាចរ​ជា​បណ្តោះអាសន្ន ដូច​ខាងក្រោម ៖

១- នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៤

–​ចាប់ពី​វេលា​ម៉ោង ១៤:០០​នាទី រហូត​ដល់​វេលា​ម៉ោង ១៦:០០​នាទី មានការ​តាំង​បង្ហាញ​ក្បួន​រថយន្ត មហាជន​គាំទ្រ​ក្នុងស្រុក​ប្រមាណ ៣០០​គ្រឿង នៅ​ជុំវិញ​វិមាន​ឯករាជ្យ ដោយ​មិន​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ដំណើរ​ជុំវិញ​វិមាន​ឯករាជ្យ​រយៈពេល ០២​ម៉ោង​ជា​បណ្តោះអាសន្ន​។

–​ចាប់ពី​វេលា​ម៉ោង ១៧:៣០​នាទី រហូត​ដល់​ម៉ោង ២០:៣០​នាទី មានការ​តាំង​បង្ហាញ​ក្បួន​រថយន្ត គណៈប្រតិភូ Gumball 3000 និង​រថយន្ត​មហាជន​គាំទ្រ​ក្នុងស្រុក ជុំវិញ​រង្វង់​មូល​វិមាន​ឯករាជ្យ លើ​កំណាត់​មហាវិថី​ព្រះ​សីហ​នុ កំណាត់​មហាវិថី​ព្រះ​សុរា​ម្រឹត (​ចាប់ពី​រង្វង់​មូល​វិមាន​ឯករាជ្យ រហូត​ដល់​ស្តូប​នាគ​បាញ់​ទឹក​) និង​កំណាត់​មហាវិថី​សម្ដេច​សុធារស (​ចាប់ពី​ស្តុ​ប​នាគ​បាញ់​ទឹក រហូត​ដល់​មហាវិថី​សម្ដេច​សុធារស កែង​វិ​ថី​ឧកញ៉ា ឈុ​ន​)​។

–​ចាប់ពី​វេលា​ម៉ោង ២០:៣០​នាទី រហូត​ដល់​វេលា​ម៉ោង ២៤:០០​នាទី មានការ​រៀបចំ​ប្រគំ​តន្ត្រី​ជាតិ​-​អន្តរជាតិ នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី និង​តាំង​បង្ហាញ​ក្បួន​រថយន្ត​តាម​កំណាត់​មហាវិថី​ព្រះ​សីហ​នុ កំណាត់​មហាវិថី​ព្រះ​សុរា​ម្រឹត (​ចាប់ពី​រង្វង់​មូល​វិមាន​ឯករាជ្យ រហូត​ដល់​ស្តុ​ប​នាគ​បាញ់​ទឹក​) មហាវិថី​សម្តេច​សុធារស (​ចាប់ពី​ស្តុ​ប​នាគ​បាញ់​ទឹក រហូត​ដល់​មហាវិថី​សម្តេច​សុធារស កែង​វិ​ថី​ឧកញ៉ា ឈុ​ន​) ។

–​ចាប់ពី​វេលា​ម៉ោង ២៤:០០​នាទី រថយន្ត​របស់​គណៈប្រតិភូ GumBall 3000 ចំនួន ១០១​គ្រឿង ធ្វើ​ដំណើរ​ចេញពី​ទីតាំង​ប្រគំ​តន្ត្រី​នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី​ទៅ​ចត​នៅ​មុខ​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ លើ​កំណាត់​ផ្លូវ​លេខ​១៧៨ (​ចាប់ពី​វិ​ថី​ព្រះ​អង្គ​យុគន្ធរ រហូត​ដល់​វិ​ថី​ព្រះ​អង្គអេង​) ។

២- នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤

–​នៅ​វេលា​ម៉ោង ០៥:០០​នាទី​ព្រឹក រថយន្ត​មហាជន​គាំទ្រ​ក្នុងស្រុក​ប្រមាណ ៣០០​គ្រឿង ធ្វើ​ដំណើរ​ចាក​ចេញពី​រាជធានី​ភ្នំពេញ ទៅ​ខេត្តសៀមរាប ដោយ​ចេញដំណើរ​ពី​ទីធ្លា​មុខ​សាល​មហោស្រព​កោះ​ពេ​ជ​ឆ្លងកាត់​ស្ពាន​នាគ ឆ្ពោះទៅ​រង្វង់​មូល​សម្ដេចព្រះសង្ឃរាជ ជួន ណាត បត់​ស្តាំ​ទៅ​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ​ឆ្ពោះទៅ​រង្វង់​មូល​ដើម​ពោធិ៍ បត់​ឆ្វេង​តាម​វិ​ថី​បក្សី​ចាំ​ក្រុង (​ផ្លូវ​លេខ​៩៤) រហូត​ដល់​រង្វង់​មូល​វត្ត​ភ្នំ បត់​ស្តាំ​តាម​វិ​ថី​បារាំង (​ផ្លូវ​លេខ​៤៧) ឆ្ពោះទៅ​សួនច្បារ​រង្វង់​មូល​កាំភ្លើង​កួច​កាណុង បត់​ស្តាំ​ឡើង​ទៅ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជ​ប៉ុ​នំ រហូត​ដល់​រង្វង់​មូល​ព្រហ្ម​បាយ័ន ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៦​។

–​ចាប់ពី​វេលា​ម៉ោង ០៨:០០​នាទី ដល់​វេលា​ម៉ោង ១០:០០​នាទី រថយន្ត​គណៈប្រតិភូ GumBall 3000 ចំនួន ១០១​គ្រឿង ធ្វើ​ដំណើរ​ចាក​ចេញពី​រាជធានី​ភ្នំពេញ ទៅ​ខេត្តសៀមរាប ដោយ​ចេញដំណើរ​ពី​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ តាម​ផ្លូវ​លេខ​១៧៨ ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម បត់​ស្តាំ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ឆ្ពោះទៅ​រង្វង់​មូល​វត្ត​ភ្នំ បន្ត​ទៅ​វិ​ថី​បារាំង (​ផ្លូវ​លេខ​៤៧) ឆ្ពោះទៅ​សួនច្បារ​រង្វង់​មូល​កាំភ្លើង​កួច​កាណុង បត់​ស្តាំ​ឡើង​ទៅ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន រហូត​ដល់​រង្វង់​មូល​ព្រហ្ម​បាយ័ន​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៦ ។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​ខាងលើ​មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស​ការ​ធ្វើ​ដំណើរ​តាម​កាលបរិច្ឆេទ​ខាងលើ​ដោយ​អនុគ្រោះ ។

ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌដូនពេញ រដ្ឋបាល​ខណ្ឌចំការមន រដ្ឋបាល​ខណ្ឌ​បឹង​កេងកង រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​សហការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ