ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុយ​ពី Ronaldo! រំលង​គ្នា​១​ថ្ងៃ Suarez ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើសជាតិ​ទាំង​ទឹ.កភ្នែក

4 ខែ មុន

បរទេស ៖ កីឡាករ Luis Suarez កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៤ កន្លង​ទៅ បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​អ៊ុយ​រ៉ា​ហ្គា​យ…

បរទេស ៖ កីឡាករ Luis Suarez កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៤ កន្លង​ទៅ បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​អ៊ុយ​រ៉ា​ហ្គា​យ ផ្ទុយ​ពី​កីឡាករ Cristiano Ronaldo ដែល​កាលពី​ថ្ងៃ​ទី​២ កញ្ញា បាន​លើក​ឡើង​ថា ការ​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ មិន​ស្ថិត​នៅ​ក្នុង​ការ​គិត​របស់​ខ្លួន​ឡើយ​។

កីឡាករ Cristiano Ronaldo បាន​ចេញ​មុខ​ច្រាន​ចោលការ​លើក​ឡើង​ដែល​អះអាង​ថា ខ្សែប្រយុទ្ធ​ក្លិប Al Nassr នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត​វ័យ​៣៩​ឆ្នាំ​រូប​នេះ បាន​ពិចារណា​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ ការ​លើក​ឡើង​នេះ កើតឡើង​មុន​ការ​ប្រកួត​ពានរង្វាន់ UEFA Nations League រដូវ​កាល ២០២៤-២៥ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៥ ខែកញ្ញា តទៅ​។

ព័រ​ទុ​យ​ហ្គា​ល់​ធ្វើ​ម្ចាស់ផ្ទះ​ទទួល​ក្រូ​អាត នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​លី​គ A នៅ​ក្នុង​ពូ​ល ១ ពានរង្វាន់ Nations League នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មុន​ពេល​បន្ត​ស្វាគមន៍​ស្កុ​តឡែ​ន នៅ​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​។ ស្រប​ពេល​ដែល​លោក Roberto Martinez គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ នៅ​តែ​ទុកចិត្ត​លើ​កូនក្រុម​របស់​លោក ដោយ​បាន​កោះហៅ Cristiano Ronaldo សម្រាប់​ការ​ប្រកួត​ទាំង​ពីរ​នេះ​។

Cristiano Ronaldo ដែល​រួមចំណែក​ជួយ​ព័រ​ទុ​យ​ហ្គា​ល់​ឈ្នះ​ជើងឯក Nations League កាលពី​រដូវ​កាល ២០១៨-១៩ បាន​លើក​ឡើង​ថា «​ការ​មក​ទី​នេះ គឺជា​ការ​ចង់​មក​ជួយ​ក្រុម​ជម្រើសជាតិ​ដើម្បី​ឈ្នះ Nations League​។ ពួក​យើង​ធ្លាប់​ឈ្នះ​វា​ម្តង​ហើយ ហើយ​យើង​ចង់​ឈ្នះ​វា​ម្តងទៀត​។ ខ្ញុំ​ប្រហែលជា​និយាយ​រឿង​ដដែល​ៗ ម្តង​ហើយ​ម្តងទៀត ប៉ុន្តែ​ខ្ញុំ​មិន​បាន​គិត​រយៈពេល​វែង វា​តែងតែ​ជា​រយៈពេល​ខ្លី​។ ខ្ញុំ​តែងតែមាន​ផ្នត់គំនិត​ថា ខ្ញុំ​នឹង​ក្លាយជា​អ្នក​ចាប់ផ្តើម​ដំបូង​។ នៅ​ពេល​ដែល​ខ្ញុំ​លែង​ជា​ទ្រព្យសម្បត្តិ​សំខាន់​របស់​ព័រ​ទុ​យ​ហ្គា​ល់ ខ្ញុំ​នឹង​ជា​អ្នក​ចាកចេញ​មុនគេ​។ ប៉ុន្តែ​ខ្ញុំ​នឹង​ទៅ​ដោយ​មនសិការ​ច្បាស់លាស់​ដូច​រាល់ដង ព្រោះ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ជា​នរណា អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន អ្វី​ដែល​ខ្ញុំ​ធ្វើ និង​អ្វី​ដែល​ខ្ញុំ​នឹង​បន្ត​ធ្វើ​»​។

ផ្ទុយ​អំពី​កីឡាករ Cristiano Ronaldo ដែល​មិន​ទាន់​គិត​ពី​រឿង​ចូល​និវត្តន៍​នោះ ក្រឡេក​ទៅ​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម Luis Suarez វ័យ​៣៧​ឆ្នាំ បាន​ប្រកាស​ទាំង​ទឹកភ្នែក​ថា ការ​ប្រកួត​ជម្រុះ​ពានរង្វាន់ World Cup ប្រចាំ​ទ្វីបអាមេរិក​ខាងត្បូង ទល់​ជាមួយនឹង​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ នឹង​ក្លាយជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន សម្រាប់​ក្រុម​ជម្រើសជាតិ​អ៊ុយ​រ៉ា​ហ្គា​យ​។

Suarez បាន​ថ្លែង​ថា «​ខ្ញុំ​បាន​គិត​អំពី​រឿង​នេះ ហើយ​ខ្ញុំ​ជឿ​ថា​នេះ​គឺជា​ពេលវេលា​ត្រឹមត្រូវ​។ ខ្ញុំ​ចង់បាន​ភាព​ស្រស់ស្រាយ​ពេល​ប្រកួត​ចុង​ក្រោយ​ជាមួយ​ក្រុម​ជម្រើសជាតិ​។ ខ្ញុំ​នឹង​រំភើប​ដូច​ពេល​លេង​កាលពី​ឆ្នាំ ២០០៧ ពេល​ខ្ញុំ​ជាប់​ជម្រើសជាតិ​លើក​ដំបូង ដែល​ជា​ក្មេង​អាយុ​១៩​ឆ្នាំ ឥឡូវនេះ​គឺជា​កីឡាករ​ជើង​ចាស់​ហើយ កីឡាករ​វ័យ​ចំណាស់​ម្នាក់ ទោះ​យ៉ាងណា​ក៏​ដោយ​អ្នក​ចង់​ហៅ​វា គឺជា​មួយ​ប្រវត្តិ​ដ៏​មិន​គួរ​ឱ្យ​ជឿ​ជាមួយ​ក្រុម​ជម្រើសជាតិ ដែល​នឹង​ផ្តល់​ជីវិត​របស់​គេ​សម្រាប់​ក្រុម​មួយ​នេះ​»​។

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Liverpool និង Barcelona ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Inter Miami នៅ​លី​គ​កំពូល​សហរដ្ឋអាមេរិក​ជាមួយ​កំពូល​ខ្សែប្រយុទ្ធ Lionel Messi រូប​នេះ គឺជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​របស់​អ៊ុយ​រូ​ហ្គា​យ ជាមួយ​គ្រាប់​បាល់​សរុប​ចំនួន ៦៩​គ្រាប់​ពី​ការ​បង្ហាញខ្លួន ១៤២​ប្រកួត ដោយ​ជួយ​ប្រទេស​កំណើត​ខ្លួន​ឈ្នះ​ពានរង្វាន់ Copa América កាលពី​ឆ្នាំ ២០១១៕ (​ប្រភព ៖ BBC និង ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ