សហរដ្ឋអាមេរិក ៖ ការរាប់ថយក្រោយ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងឡូសអាន់ជ័រលេស សហរដ្ឋអាមេរិក ឆ្នាំ ២០២៨ បានចាប់ផ្តើមជាផ្លូវការហើយ បន្ទាប់ពីទទួលបានទង់អូឡាំពិកពីម្ចាស់ផ្ទះបារាំង នៅក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមប្រភពពីកាសែត The Evening Standard របស់ចក្រភពអង់គ្លេសចេញផ្សាយ កាលពីថ្ងៃទី១២ ខែសីហា កន្លងទៅ។
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងឡូសអាន់ជ័រលេសឆ្នាំ ២០២៨ នឹងធ្វើពិធីបើកនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៨ ហើយដំណើរការប្រកួតរហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៨ ដែលជាថ្ងៃនៃពិធីបិទ ហើយនៅក្នុងនោះកីឡាចំនួន ៣៥ប្រភេទ ត្រូវបានរពឹងទុកសម្រាប់ការប្រកួតប្រជែង Los Angeles 2028។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ អ្នកគាំទ្រព្រឹត្តិការណ៍កីឡាចម្រុះដ៏បំផុតលើពិភពលោកមួយនេះ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ក្រោយប្រភេទកីឡាសំខាន់ៗ និងល្បីល្បាញប្រចាំព្រឹត្តិការណ៍ ត្រូវបានទម្លាក់ចោលដោយម្ចាស់ផ្ទះ ដែលមានន័យគ្មានសម្រាប់ការប្រកួតនៅឆ្នាំ ២០២៨។
កីឡារាំ Breakdancing គឺជាកីឡាតែមួយគត់ ដែលត្រូវបានប្រកាសសម្រេចថា គ្មានវត្តមាននៅក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៨។ ខណៈដែលកីឡារាំសម័យទំនើបមួយនេះ ទើបតែត្រូវបានប្រកាសជាប្រភេទកីឡាអូឡាំពិកជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។
កីឡាករកាណាដា Philip Kim និងកីឡាការិនីជប៉ុន Ami Yuasa គឺជាអត្តពលិកដំបូងគេបំផុត ដែលឈ្នះមេដាយមាសលើប្រភេទកីឡារាំ Breakdancing វិញ្ញាសបុរស និងនារី នៅព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រខកចិត្តខ្លាំងបំផុតនោះត្រង់ថា កីឡាប្រដាល់សកល (Boxing) ក៏ទំនងជាគ្មានវត្តមានសម្រាប់ការប្រកួតនៅឆ្នាំ ២០២៨ ផងដែរ។ បន្ទាប់ពីមានការពិភាក្សាលើថា តើកីឡាប្រដាល់សកលនឹងត្រូវទម្លាក់ចោលពីកីឡាអូឡាំពិកឆ្នាំ ២០២៨ ដែរឬទេ? ប៉ុន្តែទោះយ៉ាងណាក៏ដោយ ការពិភាក្សានៅតែបន្តជាមួយភាគីពាក់ព័ន្ធនៅឡើយ។
កីឡាប្រដាល់សកលបានចូលរួមនៅរាល់ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ចាប់តាំងពីការបង្ហាញវត្តមានលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ១៩០៤ លើកលែងតែឆ្នាំ ១៩១២ នៅប្រទេសស៊ុយអែតប៉ុណ្ណោះ ដែលកីឡាមួយនេះត្រូវបានដកចេញ។ ដូច្នេះមានន័យថា កីឡាប្រដាល់សកល នឹងគ្មានវត្តមាននៅកីឡាអូឡាំពិករដូវក្តៅលើកដំបូងក្នុងរយៈពេល១១៦ឆ្នាំ។
មូលហេតុដែលកីឡាដ៏ពេញនិយមបំផុតនៅកីឡាអូឡាំពិកមួយនេះ ទំនងត្រូវបានដកចេញពីព្រឹតិ្តការណ៍នៅឆ្នាំ ២០២៨ ដោយសារតែគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានផ្តាច់ទំនាក់ទំនងជាមួយនឹងសមាគមប្រដាល់អន្តរជាតិ IBA បន្ទាប់ពីការមិនចុះសម្រុងគ្នានៅក្នុងរឿងចម្រូងចម្រាសពាក់ព័ន្ធនឹងបរាជ័យសិទ្ធិយេនឌ័រ (Gender Eligibility)។
តួយ៉ាង ការប្រកួតប្រដាល់អូឡាំពិកនៅឆ្នាំនេះ ទទួលបានការរិះគន់ពីអ្នកគាំទ្រ ចំពោះការអនុញ្ញាតឱ្យកីឡាការិនីអាល់ហ្សេរី Imane Khelif និងកីឡាការិនីតៃវ៉ាន់ Lin Yu-ting ចូលរួមប្រកួតវិញ្ញាសានារី និងឈ្នះមេដាយមាសរៀងខ្លួនថែមទៀតផង។
ដ្បិតកីឡាការិនីអ្នកទាំងពីររូបគឺជាមនុស្សស្រី ប៉ុន្តែដោយសារតែបញ្ហាការអភិវឌ្ឍន៍ផ្លូវភេទខុសប្រក្រតី (DSD) បណ្តាលឱ្យមានក្រូម៉ូសូម XY និងកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនស្រដៀងហ្សែនមនុស្សបុរស។ IBA មានច្បាប់ទទួលបានសិទ្ធិប្រកួតសម្រាប់កម្រិតតេស្តូស្តេរ៉ូន ដូច្នេះតម្រូវឆ្លងកាត់ការធ្វើតេស្ត ហើយបើមានកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនខ្ពស់ នឹងមិនចូលក្នុងលក្ខណៈវិនិច្ឆ័យសិទ្ធិរបស់ IBA ឡើយ ។ ដូច្នេះហើយបានជា Imane Khelif មិនត្រូវបានអនុញ្ញាតឱ្យប្រកួតព្រឹត្តិការណ៍ប្រដាល់ពិភពលោកឆ្នាំ ២០២៣ ឡើយ។
ជាមួយបញ្ហានេះ IOC ត្រូវការស្វែងរកសហព័ន្ធប្រដាល់ថ្មី ដើម្បីដំណើរប្រភេទកីឡាមួយនេះ នៅពេលព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៨។ ប៉ុន្តែទោះយ៉ាងណា IOC បានពន្យារពេលការសម្រេចចិត្តរបស់ពួកគេរហូតដល់ឆ្នាំ ២០២៥ នៅលើថា តើកីឡាប្រដាល់សកលនឹងត្រូវបញ្ចូលទៅក្នុងកាលវិភាគប្រកួតអូឡាំពិកឆ្នាំ ២០២៨ ដែរឬទេ? ក៏ដូចជាផ្តល់ពេលវេលាសម្រាប់ខ្លួនឯង ដើម្បីអនុញ្ញាតឱ្យមានការបង្កើតគណៈអភិបាលថ្មី។
ដោយឡែក កីឡា៦ប្រភេទថ្មី ដែលលេចវត្តមាននៅអូឡាំពិកឆ្នាំ ២០២៨ រួមមាន កីឡា Flag football ដែលបង្ហាញវត្តមានលើកដំបូងនៅអូឡាំពិក។ កីឡាវាយកូនបាល់ផ្ទប់ជញ្ជាំង (Squash) ដែលបង្ហាញវត្តមានលើកដំបូង។ កីឡាគ្រីឃីត (Cricket) បង្ហាញវត្តមានលើកដំបូង ក្រោយខកខានអស់ពេល១២៨ឆ្នាំ។ កីឡា Baseball និង Softball បង្ហាញវត្តមានលើកដំបូង ក្រោយខកខានអស់ពេល២៨ឆ្នាំ។ កីឡា Lacrosse បង្ហាញវត្តមានលើកដំបូង ក្រោយខកខានអស់ពេល៨០ឆ្នាំ៕ (ប្រភព ៖ The Evening Standard និង Daily Mail)
ចែករំលែកព័តមាននេះ