ទីក្រុងប៉ារីស ៖ ប៉ូលិសប្រចាំទីក្រុងប៉ារីស បានថ្លែងប្រាប់សារព័ត៌មាន BBC របស់ចក្រភពអង់គ្លេសថា បុរសម្នាក់ត្រូវបានចាប់ខ្លួន ក្រោយឡើងតោងលើប៉មតួអេហ្វែលប៉ារីស (Eiffel Tower) ពោលគឺនៅប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលដែលពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។
ប៉ូលិសបារាំងបានអះអាងថា បុរសរូបនេះត្រូវបានប្រទះឃើញឡើងលើតោងប៉មតួអេហ្វែល នៅម៉ោងប្រហែល ០២:៤៥រសៀលម៉ោងនៅក្នុងស្រុក។ ភ្លាមៗនោះប៉ូលិសបានអន្តរាគមន៍ និងចាប់ខ្លួនបុរសរូបនោះតែម្តង។ មិនទាន់មានព័ត៌មានលម្អិតបន្ថែមណាមួយភ្លាមៗ អំពីមូលហេតុ និងសញ្ជាតិរបស់បុរសរូបនោះនៅឡើយទេ។
វីដេអូលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីបុរសគ្មានអាវម្នាក់ កំពុងព្យាយមឡើងតោងប៉មតួអេហ្វែលនៅក្បែរកងអូឡាំពិកដែលបានត្រូវបំពាក់លើប៉ម អំឡុងពេលការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤។ នៅក្នុងវីដេអូមួយទៀត បុរសនោះត្រូវបានប៉ូលិសចាប់ខ្លួននាំយកចេញទៅឆ្ងាយ។ ហើយប្រភពពីទីភ្នាក់ងារសារព័ត៌មាន AP និង CNN បានរាយការណ៍ថា ប៉ូលិសបារាំងបាននាំខ្លួនបុរសរូបនោះចេញពីតំបន់ជុំវិញប៉មតួអេហ្វែល ក្រោយកើតហេតុ។ ខណៈដែល BBC មិនទាន់អាចទទួលបានការបញ្ជាក់អំពីការនាំខ្លួនបុរសរូបនោះ ទៅទីណានៅឡើយនោះទេ។
គួរឱ្យដឹងថា ប៉មតួអេហ្វែលប៉ារីស គឺជាចំណុចចុងក្រោយបង្អស់ និងសំខាន់បំផុតនៃពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅ។ Paris 2024 បានបង្កើតប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុនmk គឺជាកីឡាអូឡាំពិករដូវក្តៅដំបូងបំផុត ដែលរៀបចំពិធីបើកនៅខាងក្រៅកីឡដ្ឋាន ដោយអត្តពលិក អ្នកចូលរួម និងអ្នកទស្សនាផ្ទាល់ប្លែកភ្នែកជាមួយនឹងក្បួនដង្ហែតាមដងទន្លេសែនដ៏រស់រវើក ដោយឆ្លងកាត់រដ្ឋធានីបេះដូងរបស់ប្រទេសបារាំង។
ប៉ុន្តែទោះយ៉ាងណាក៏ដោយ ប៉មកម្ពស់៣០០ម៉ែត្រ ដែលសាងសង់ឡើងចន្លោះឆ្នាំ ១៨៨៧ ដល់ឆ្នាំ ១៨៨៩ មិនបានក្លាយជាផ្នែកនៃពិធីបិទ កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ឡើយ ដោយពិធីបិទធ្វើឡើងនៅកីឡដ្ឋាន Stade de France៕
ចែករំលែកព័តមាននេះ