ប្រទេសបារាំង ៖ អត្តពលិកកម្ពុជាទាំង៣រូប បានបញ្ចប់ភារកិច្ចប្រកួតនៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ ជាស្ថាពរ ។ ហើយបើទោះជាមិនអាចដណ្តើមមេដាយជូនជាតិ ប៉ុន្តែអ្នកទាំង៣បានបំបែកកំណត់ត្រាចាស់របស់អត្តពលិកកម្ពុជារៀមច្បង នៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅកន្លងមក។
កីឡាករហែលទឹកកម្ពុជា កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ បញ្ចប់ទីនៅចំណាត់ថ្នាក់ទី៣ នៅក្នុងក្រុមទី២ ឬ Heat ទី២ លើវិញ្ញាសាហែលសេរី ១០០ម៉ែត្រ ដោយបានប្រើថិរវេលា ៥២.៩៥ វិនាទី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ កីឡាករខ្មែរ-បារាំងវ័យ១៨ឆ្នាំរូបនេះ ខកខានទៅវគ្គបន្ត ដោយទទួលបានចំណាត់ថ្នាក់រួមទី៦៧ ក្នុងចំណោមកីឡាករសរុប៧៩នាក់ ហើយកីឡាករដែលប្រើថិរវេលាតិចជាងគេបំផុត១៦នាក់ នឹងបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ វិញ្ញាសានេះ កីឡាករចិន Pan Zhanle ឈ្នះមេដាយមាស កីឡាករអូស្ត្រាលី Kyle Chalmers ឈ្នះមេដាយប្រាក់ និងកីឡាកររូម៉ានី David Popovici ឈ្នះមេដាយសំរឹទ្ធ។
កីឡាករ អង់ត្វ័ន ដែលប្រើថិរវេលា ៥២.៩៥ វិនាទី នៅកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានបំបែកកំណត់ត្រារបស់កីឡាករខ្មែរ-អាមេរិក ពូ សុវិជ្ជា ដែលបញ្ចប់នៅក្នុងថិរវេលា ៥៤.៥៥ វិនាទី នៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្នាំ២០១៦។
ងាកទៅកីឡាការិនីហែលទឹកកម្ពុជា សាក់ប៊ុន អប្សរា កាតារីណា បញ្ចប់នៅចំណាត់ថ្នាក់ទី ៦ នៅក្នុងក្រុមទី៦ ឬ Heat ទី៦ លើវិញ្ញាសាហែលសេរី ៥០ម៉ែត្រ ដោយប្រើថិរវេលា ២៦.៩០ វិនាទី កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។ តាមរយៈលទ្ធផលនេះ កីឡាការិនីខ្មែរ-អាមេរិកវ័យ២៣ឆ្នាំរូបនេះ ខកខានទៅវគ្គបន្ត ដោយជាប់ចំណាត់ថ្នាក់រួមទី ៣៨ ក្នុងចំណោមកីឡាការិនីសរុប៧៩នាក់។ កីឡាការិនីរប្រើថិរវេលាតិចជាងគេបំផុត១៦នាក់ នឹងបន្តឡើងទៅពាក់កណ្តាលផ្តាច់ព្រ័ត្រ។ វិញ្ញាសានេះ កីឡាការិនីស៊ុយអែត Sarah Sjostrom ឈ្នះមេដាយមាស កីឡាការិនីអូស្ត្រាលី Meg Harris ឈ្នះមេដាយប្រាក់ និងកីឡាការិនីចិន Zhang Yufei ឈ្នះមេដាយសំរឹទ្ធ។
កីឡាការិនី អប្សរា ដែលប្រើថិរវេលា ២៦.៩០ វិនាទី នៅកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានបំបែកកំណត់ត្រារបស់កីឡាការិនីកម្ពុជា ហែម ថុនវិទិនី ដែលបញ្ចប់នៅក្នុងថិរវេលា ៣០.៤៤ វិនាទី នៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ឆ្នាំ២០១២។
ដោយឡែក កីឡាកររត់ប្រណាំងកម្ពុជា ឈុន ប៊ុនថន បានបញ្ចប់ទីនៅចំណាត់ថ្នាក់ទី៩ នៅក្នុងក្រុមទី ៥ ឬ Heat ទី៥ វិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ ដោយប្រើថិរវេលា ១:៥៣.៣១ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។ បើទោះជាមិនអាចបញ្ចប់នៅក្នុងចំណាត់ថ្នាក់ល្អបំផុតទាំង៣រូបក្នុង Heat យ៉ាងណាក៏ដោយ ប៉ុន្តែកីឡាករវ័យ៣១ឆ្នាំរូបនេះ នៅឱកាសប្រកួតលើកទី២ ដែលភាសាបច្ចេកទេសហៅថា «Repechage»។ មានន័យថា កីឡាករមិនជាប់ចំណាត់ថ្នាក់ល្អបំផុតទាំង៣រូបចេញពី Heat ទាំង ៦ ដែលកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិទាំងអស់ នឹងប្រកួត Repechage ដើម្បីដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់។
ការប្រកួត Repechage ប៊ុនថន ស្ថិតក្នុង Heat ទី១ ដោយបញ្ចប់នៅចំណាត់ថ្នាក់ទី៨ ក្នុងចំណោមកីឡាករ៩នាក់ ដោយបានប្រើថិរវេលា ១:៥៣.៤២ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ដោយខកឱកាសទៅវគ្គបន្ត។ ប៉ុន្តែទោះយ៉ាងណា កីឡាករ ឈុន ប៊ុនថន បានបំបែកកំណត់ត្រារបស់កីឡាករកម្ពុជា គៀង សាម៉ន ដែលបញ្ចប់នៅក្នុងថិរវេលា ១:៥៥.២៦ នៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅក្រុងឡុងដ៍ ឆ្នាំ២០១២។
គួរបញ្ជាក់ថា កម្ពុជាពុំមានអត្តពលិកណាម្នាក់ជាប់វគ្គជម្រុះនោះទេ ប៉ុន្តែទទួលបានសិទ្ធអនុគ្រោះរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីបញ្ជូនអត្តពលិក៣រូប លើកីឡាអត្តពលកម្ម១រូប និងហែលទឹក២រូប ទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤៕ (រូបភាព ៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation, Olympic Cambodia និង Paris 2024)
ចែករំលែកព័តមាននេះ