ប្រទេសបារាំង ៖ សហរដ្ឋអាមេរិកបន្តកាន់កាប់កំពូលតារាងមេដាយ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ និងកំពុងប្រទាញប្រទង់គ្នាខ្លាំងជាមួយនឹងប្រទេសចិន នៅលើចំនួនមេដាយមាស។
គិតត្រឹមព្រឹកនេះ សហរដ្ឋអាមេរិកដណ្តើមបានមេដាយសរុបចំនួន៩៤គ្រឿង មាស ២៧គ្រឿង ប្រាក់ ៣៥គ្រឿង និង សំរឹទ្ធ៣២គ្រឿង។ តាមពីក្រោយដោយប្រទេសចិន ដែលឈ្នះមេដាយសរុបចំនួន ៦៥គ្រឿង មាស ២៥គ្រឿង ប្រាក់ ២៣គ្រឿង សំរឹទ្ធ ១៧គ្រឿង។ អូស្ត្រាលីឈរនៅលេខ ៣ ឈ្នះមេដាយសរុប ៤១គ្រឿង មាស ១៨គ្រឿង ប្រាក់ ១២គ្រឿង សំរឹទ្ធ ១១គ្រឿង។
ម្ចាស់ផ្ទះបារាំងឈរនៅលេខ ៤ ឈ្នះមេដាយសរុប ៥១គ្រឿង មាស ១៣គ្រឿង ប្រាក់ ១៧គ្រឿង សំរឹទ្ធ ២១គ្រឿង និងចក្រភពអង់គ្លេសឈរនៅលេខ ៥ ឈ្នះមេដាយសរុប ៤៩គ្រឿង មាស ១២គ្រឿង ប្រាក់ ១៧គ្រឿង និងសំរឹទ្ធ ២០គ្រឿង។ តាមពីក្រោយដោយប្រទេសកូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី ហូឡង់ និងអាល្លឺម៉ង់ ដែលស្ថិតនៅក្នុងតំណែងកំពូលទាំង ១០ ឬ Top 10។
ដោយឡែក គិតត្រឹមព្រឹកនេះ ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៤ ដណ្តើមបានមេដាយពីកីឡាអូឡាំពិកទីក្រុងប៉ារីស ដែលរួមមានប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រទេសថៃ។
ហ្វីលីពីនធ្វើបានល្អជាងគេ គឺជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងបង្អស់ ដែលឈ្នះមេដាយអូឡាំពិកប៉ារីស ដោយឈ្នះមេដាយសរុប ៤គ្រឿង មាសចំនួន ២គ្រឿង និងសំរឹទ្ធ ២គ្រឿង។ ថៃ ប្រទេសអាស៊ីអាគ្នេយ៍ទី២ ដែលឈ្នះមេដាយមាសអូឡាំពិកប៉ារីស ឈ្នះមេដាយច្រើនជាងគេពោលសរុប ៥គ្រឿង មាស ១គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ២គ្រឿង។ ចំណែកម៉ាឡេស៊ី ឈ្នះមេដាយសំរឹទ្ធ ២គ្រឿង ស្របពេលដែលឥណ្ឌូណេស៊ី ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង៕ (រូបភាព ៖ Paris 2024, Eurosport និង Seasia Stats)
ចែករំលែកព័តមាននេះ