ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ថ្ងៃនេះ​! អត្ត​ព​លិ​ក​កម្ពុជា​ចុង​ក្រោយ​គេ នឹង​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស

5 ខែ មុន

ប្រទេស​បារាំង ៖ កីឡាករ​រត់ប្រណាំង ឈុ​ន ប៊ុ​ន​ថន គឺជា​អត្ត​ព​លិ​ក​ចុង​ក្រោយ​របស់​កម្ពុជា ដែល​នឹង​ត្រូវ​ធ្វើការ​ប្រកួតប្រជែង​នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ លើ​វិញ្ញាសា​រត់​ចម្ងាយ​៨០០​ម៉ែត្រ នៅ​ថ្ងៃនេះ​ផ្ទាល់​តែ​ម្តង​។…

ប្រទេស​បារាំង ៖ កីឡាករ​រត់ប្រណាំង ឈុ​ន ប៊ុ​ន​ថន គឺជា​អត្ត​ព​លិ​ក​ចុង​ក្រោយ​របស់​កម្ពុជា ដែល​នឹង​ត្រូវ​ធ្វើការ​ប្រកួតប្រជែង​នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ លើ​វិញ្ញាសា​រត់​ចម្ងាយ​៨០០​ម៉ែត្រ នៅ​ថ្ងៃនេះ​ផ្ទាល់​តែ​ម្តង​។ ការ​ប្រកួត​នឹង​ចាប់ផ្តើម​នៅ​វេលា​ម៉ោង​១១​និង​៥៥​នាទី​ព្រឹក ម៉ោង​ក្នុងស្រុក ដែល​ត្រូវ​នឹង​ម៉ោង​៤​និង​៥៥​នាទី​រសៀល ម៉ោង​នៅ​កម្ពុជា​។

គួរ​ឱ្យ​ដឹង​ថា កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​៣​រូប លើ​ប្រភេទ​កីឡាអត្តពលកម្ម​១​រូប និង​ហែល​ទឹក​២​រូប ដែល​ចូលរួម​នៅ​ក្នុង​លក្ខខណ្ឌ​សិទ្ធិ​អនុគ្រោះ​របស់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC)​។ ដ្បិត​អត្ត​ព​លិ​ក​ហែល​ទឹក​កម្ពុជា​២​រូប បាន​បញ្ចប់​ភារកិច្ច​រួចរាល់​។

កីឡាករ​ហែល​ទឹក កូ​សុង​ដឺ​ឡា​ប៉ា​រ៉​ង់ អង់​ត្វ័​ន ម៉ា​តាំង​ក្លូ​ដ បាន​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ក្រុម​ទី​២ ឬ Heat 2 លើ​វិញ្ញាសា​សេរី ១០០​ម៉ែត្រ ដោយ​បាន​ប្រើ​ថិរវេលា​៥២.៩៥​វិនាទី កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ កន្លង​ទៅ​។ ប៉ុន្តែ​ទោះ​យ៉ាងណា​កីឡាករ​ខ្មែរ​-​បារាំង​វ័យ​១៨​ឆ្នាំ​រូប​នេះ ខកខាន​ទៅ​វគ្គ​បន្ត ដោយ​បញ្ចប់​ចំណាត់ថ្នាក់​រួម​ទី ៦៧ នៅ​ក្នុង​ចំណោម​កីឡាករ​ទាំងអស់​៧៩​នាក់​។ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ត្រូវការ​កីឡាករ​ចំណាត់ថ្នាក់​ទី​១​ដល់ទី​១៦​។

ដោយឡែក កីឡាការិនី​ហែល​ទឹក សាក់​ប៊ុ​ន អប្សរា កា​តា​រី​ណា បាន​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៦ ក្នុង​ក្រុម​ទី​៦ ឬ Heat ៦ វិញ្ញាសា​រហែល​សេរី ៥០​ម៉ែត្រ ដោយ​បាន​ប្រើ​ថិរវេលា ២៦.៩០​វិនាទី កាលពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ​។ កីឡាការិនី​ខ្មែរ​-​អា​មេ​រិ​ក​វ័យ​២៣​ឆ្នាំ​រូប​នេះ ខកខាន​ទៅ​វគ្គ​បន្ត ដោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​រួម​លេខ​៣៨ នៅ​ក្នុង​ចំណោម​កីឡាការិនី​ទាំងអស់​៧៩​នាក់​។ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ត្រូវការ​កីឡាការិនី​ចំណាត់ថ្នាក់​ទី​១​ដល់ទី​១៦​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ បាន​ធ្វើ​ពិធី​បើក​កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា កន្លង​ទៅ​។ ព្រឹត្តិការណ៍​ដែល​គ្រោង​នឹង​បិទ​នៅ​ថ្ងៃ​ទី​១១ ខែសីហា ខាង​មុខ​នេះ មាន​ប្រជាជាតិ​ចូលរួម​ចំនួន ២០៦ ដោយ​មាន​អត្ត​ព​លិ​ក​ខ​សរុប​ចំនួន ១០,៥០០​នាក់ ដែល​ប្រកួតប្រជែង​កីឡា​៣២​ប្រភេទ លើ​វិញ្ញាសា​សរុប​ចំនួន ៣២៩​វិញ្ញាសា​៕ (រូបភាព ៖ Chhun Bunthorn, សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក Khmer Swimming Federation និង Olympic Cambodia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ