កម្ពុជានៅអត្តពលិក២រូបទៀតត្រៀមប្រកួតអូឡាំពិកប៉ារីស
ប្រទេសបារាំង ៖ អត្តពលិកហែលទឹករបស់កម្ពុជា កីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ បញ្ចប់នៅចំណាត់ថ្នាក់ទី៣ នៅក្នុងក្រុមទី២ ឬ…
ប្រទេសបារាំង ៖ អត្តពលិកហែលទឹករបស់កម្ពុជា កីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ បញ្ចប់នៅចំណាត់ថ្នាក់ទី៣ នៅក្នុងក្រុមទី២ ឬ…
ប្រទេសបារាំង ៖ អត្តពលិកហែលទឹករបស់កម្ពុជា កីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ បញ្ចប់នៅចំណាត់ថ្នាក់ទី៣ នៅក្នុងក្រុមទី២ ឬ Heat 2 លើប្រភេទកីឡាហែលទឹកសេរីបុរសវិញ្ញាសា១០០ម៉ែត្រ នៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ ដោយបានប្រើថិរវេលា៥២.៩៥វិនាទី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។
ទោះយ៉ាងណាក៏ដោយ កីឡាករកូនកាត់ខ្មែរ-បារាំងវ័យ១៨ឆ្នាំរូបនេះ មិនអាចបន្តទៅកាន់វគ្គបន្ទាប់នោះទេ ដោយរូបគេទទួលបានចំណាត់ថ្នាក់រួមទី៦៧ នៅក្នុងចំណោមកីឡាករទាំងអស់៧៩នាក់។ នៅក្នុងវិញ្ញាសានេះ កីឡាករចូលរួមទាំងអស់៧៩នាក់ ចែកចេញជា១០ក្រុម ហើយ១ក្រុមមាន៧នាក់ និង៨នាក់។ ការប្រកួតប្រជែងក្នុងចំណោមទាំង៧៩នាក់ កីឡាករដែលប្រើថិរវេលាតិចជាងគេបំផុតចំនួន១៦នាក់ នឹងបន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
យ៉ាងណាមិញ កម្ពុជានៅអត្តពលិកចំនួន២រូបផ្សេងទៀត គឺ កីឡាការិនីហែលទឹកកូនកាត់ខ្មែរ-អាមេរិក សាក់ប៊ុន អប្សរា កាតារីណា និងកីឡាកររត់ប្រណាំង ឈុន ប៊ុនថន ដែលនឹងត្រៀមធ្វើការប្រកួតនៅប៉ុន្មានថ្ងៃខាងមុខនេះ។
កីឡាការិនីហែលទឹកកូនកាត់ខ្មែរ-អាមេរិក សាក់ប៊ុន អប្សរា កាតារីណា អាយុ២៣ឆ្នាំ នឹងធ្វើការប្រកួតលើវិញ្ញសាហែលសេរីនារី ចម្ងាយ៥០ម៉ែត្រ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ដែលចាប់ផ្តើមនៅវេលាម៉ោង១១និង១១នាទីព្រឹក ម៉ោងក្នុងស្រុក ដែលត្រូវនឹងម៉ោង៤និង១១នាទីរសៀល ម៉ោងនៅកម្ពុជា។
កីឡាកររត់ប្រណាំង ឈុន ប៊ុនថន អាយុ៣១ឆ្នាំ នឹងធ្វើការប្រកួតលើវិញ្ញាសារត់ប្រណាំងចម្ងាយ៨០០ម៉ែត្រ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១១និង៥៥នាទីព្រឹក ម៉ោងក្នុងស្រុក ដែលត្រូវនឹងម៉ោង៤និង៥៥នាទីរសៀល ម៉ោងនៅកម្ពុជា។
គួរឱ្យដឹងថា កម្ពុជាពុំមានកីឡាណាមួយ ដែលជាប់វគ្គជម្រុះនោះទេ ប៉ុន្តែបានបញ្ជូនអត្តពលិក៣រូប លើប្រភេទកីឡាអត្តពលកម្ម១រូប និងហែលទឹក២រូប ដែលចូលរួមក្នុងលក្ខខណ្ឌសិទ្ធិអនុគ្រោះរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)៕
ចែករំលែកព័តមាននេះ